ជំពូក ៧

1 តើ​មនុស្ស​មិនបានធ្វើការលំបាកនៅ​លើ​ផែនដីទេ? តើមនុស្សមិនបានដូចជាថ្ងៃ របស់​អ្នក​ស៊ី​ឈ្នួលទេឬអី? 2 ដូចជាទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​ឈ្នូលយ៉ាងបែបនោះដែរ 3 ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែ ហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់ បែបយ៉ាង​នោះ​ដែរ។ 4 ពេល​ខ្ញុំ​ផ្តេកខ្លួនលូនចុះ នោះក៏ខ្ញុំ​និយាយ​ថា៖ តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​ និងពេលណាទើបយប់នឹងបានឆ្លងផុត? ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួននិងងាកចុះឡើង រហូត​ដល់​ទៀប​ភ្លឺឡើង។ 5 រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយស្អុយផង។ 6 អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ ពេល​ណា​អស់​អំបោះ គ្មានអ្វីសង្ឃឹមទៀតដែរ។ 7 ​ព្រះជាម្ចាស់នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ទេ ហើយភ្នែករបស់ទូលបង្គំ នឹងមើលអ្វីល្អមិនឃើញទេ។ 8 ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។ 9 ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។ 10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។ 11 ហេតុ​នេះ ទូលបង្គំ​មិន​អាចបិតមាត់​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​ក្នុងការជូរល្វីញនៅក្នុងព្រលឹងរបស់ទូលបង្គំ។ 12 តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​រស់ក្នុងសមុទ្រ ដែលព្រះអង្គបានទូតមើលទូលបង្គំត្រូវទេ? 13 ទូលបង្គំ​ពោល​ថា៖ គ្រែដែល​ខ្ញុំ​​ដំណេក ជួយឲ្យខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់ 14 ដ្បិត ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។ 15 ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ។ 16 ​ស្អប់ជីវិតរបស់ទូលបង្គំណាស់ ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។ 17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ ​ព្រះអង្គ​នឹក​គិត​ដល់​គេបែបនេះ 18 ព្រះអង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹក ព្រះអង្គ​ល្បង‌ល​គេ​គ្រប់​ពេល​វេលាពិតទេ? 19 តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ ដល់​កាល​ណា​ទៀត សូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេល លេប​ទឹក​មាត់​ផង? 20 ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ដូច​ជា​ផ្ទាំង​ស៊ីប តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ? 21 តើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ដេកលើដី ព្រះអង្គ​នឹង​រក​ទូលបង្គំ តែ​ទូលបង្គំ​​សូន្យ​បាត់​ទៅ​ហើយ»។