ជំពូក ៦
1
ពេលនោះលោកយ៉ូបឆ្លើយថា៖
2
«ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង!
3
ដ្បិតវាអាចធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។
ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច។
4
ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសរពាង្គកាយរបស់ខ្ញុំ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
5
ពេលមានស្មៅខៀវខ្ចីស៊ី តើលាព្រៃដែលស្រែកឬទេ? ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
6
តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
7
ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
8
សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
9
គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ សូមព្រះអង្គលាតព្រះហស្ថ
បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
10
ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោល ព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។
11
តើកម្លាំងខ្ញុំមកពីណាដែលធ្វើឲ្យមានសង្ឃឹមនោះ? តើទីបញ្ចាប់របស់ខ្ញុំគ្រាន់តែពន្យាពេលជីវិតខ្ញុំឬ?
12
តើខ្ញុំមានកម្លាំងខ្ញុំដូចជាដូចថ្មឬ? ហើយរូបកាយខ្ញុំដូចលង្ហិនឬ?
13
ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងឬជំនួយទៀតហើយ ហើយចំណេះដឹងរបស់ខ្ញុំបានរីងហួតអស់ហើយឬ?
14
អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចព្រះជាម្ចាស់ ។
15
ប៉ុន្តែ បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។
16
នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែព្រិល និងទឹកកករលាយ។
17
នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង ព្រោះតែកម្ដៅថ្ងៃ ហើយក៏រលាយនៅតាមកន្លែរបស់វាទៅ។
18
ក្បួនអ្នកដំណើរតាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក ពួកគេចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។
19
ក្បួនអ្នកដំណើរពីទឹកដីថេម៉ា នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីទឹកដីសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ។
20
ប៉ុន្តែ ពួកគេត្រូវខូចចិត្ត ព្រោះតែទុកចិត្តលើអូរទាំងនោះ។ ពួកគេបានទៅដល់ទីនោះតែពួកគេត្រូវបានគេបោកប្រាស់។
21
ដ្បិតពេលនេះ សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ ពួកអ្នកឃើញខ្ញុំមានអាសន្ន ហើយបែរជាភ័យខ្លាច។
22
តើខ្ញុំបាននិយាយទៅកាន់អ្នកអស់គ្នាថា យករបស់អ្វីមួយមកឲ្យខ្ញុំ? ឬយកប្រាក់របស់អស់មកជួយខ្ញុំឡើយ?
23
ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ នៃជំងឺរបស់ខ្ញុំឬ?
24
សូមប្រៀនខ្ញុំផង ហើយខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង ដើម្បីឲ្យបានយល់ពីកំហុស។
25
ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណា តើតែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា
បានបន្ទោសអ្វីខ្លះដល់ខ្ញុំ?
26
ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសម្ដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ?
27
អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
28
ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ ដ្បិត ពិតណាស់ខ្ញុំនិយាយបំផ្លើសត្រង់ណា។
29
ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
30
តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ?