ជំពូក ៣២

1 កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ឆ្លងទៀត។ 2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់ ។ 3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន ។ 4 ពេលនេះលោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។ 5 ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។ 6 លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។ 7 ខ្ញុំ​បាននិយាយ​ថា មនុស្ស ​«មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​គួរបង្រៀនពីប្រាជ្ញា។ 8 ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។ 9 គឺមិនមែនដោយសារមនុស្សដែលមានប្រាជ្ញា ហើយក៏មិនមែនសារអាយុ ដែលអាចមានចំណេះដឹងនិង ការ​វិនិច្ឆ័យ​ដែរ។ 10 ហេតុ​នេះ ខ្ញុំ​នឹងនិយាយទៅកាន់លោកម្ដង សូមស្តាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អំពីចំណេះដឹងរបស់ខ្ញុំ។ 11 មើល! ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​អស់​លោក​ថ្លែង រហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។ 12 ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោក ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោក ជជែក​ឈ្នះ​លោក​យ៉ូប ឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ។ 13 ហេតុ​នេះ សូម​កុំ​អះ‌អាង​ថា អស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ! មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច តទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។ 14 ដ្បិតលោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេ ដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញ តាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។ 15 លោក​យ៉ូប​អើយ លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។ 16 តើគួរឲ្យខ្ញុំ​រង់‌ចាំ​ដែរ ពីព្រោះមិន​ឃើញ​ពួក​គាត់​និយាយ​ទេ ដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះទៀតហើយឬ? 17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដង ខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។ 18 ដ្បិត ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយ វិញ្ញាណដែលនៅក្នុងខ្ញុំ បានបង្ខំខ្ញុំដែរ។ 19 មើល! ​ទ្រូង​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែក ដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។ 20 ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូង ខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។ 21 ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។ 22 ដ្បិត ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។