ជំពូក ៣៣

1 ពេលនេះ លោក​យ៉ូប​អើយ! សូម​ស្ដាប់​ពាក្យខ្ញុំ នឹងសូមស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។ 2 មើល! ខ្ញុំ​រៀបចំ​ពាក្យ​សម្ដី ហើយ​ត្រៀមមាត់ជា​ស្រេចនឹង​និយាយ។ 3 ពាក្យខ្ញុំ​របស់គឺ​ដោយ​ស្មោះត្រង់ ​ចេញ​ពី​ចិត្ត មាត់របស់ខ្ញុំ​និយាយចំណេះដឹងដែលបរិសុទ្ធ។ 4 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើង ខ្យល់​ដង្ហើម​របស់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ ប្រទាន​ឲ្យ​ខ្ញុំ​​មាន​ជីវិត។ 5 សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បាន សូមរៀបចំពាក្យរបស់លោកមុនខ្ញុំចាប់ផ្តើម។ 6 មើល! ខ្ញុំក៏នៅខាងព្រះ‌ជាម្ចាស់ដែរ ព្រះអង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។ 7 មើល! សូម​កុំ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ ហើយក៏មិនធ្វើឲ្យលោកភ័យខ្លាច ឬដាក់បន្ទុកលើលោកដែរ។ 8 ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ គឺ​លោក​ពោល​ថា៖ 9 ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំដែរ ឥត​មាន​កំហុស​អ្វី​ទេ។ 10 មើល! ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។ 11 ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​ផ្លូវរបស់​ខ្ញុំ។ 12 មើល! លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​លោក ដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។ 13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះអង្គ​? ព្រះអង្គ​មិន​ទទួលខុសត្រូវ សម្រាប់ការដែលព្រះអង្គបានធ្វើ។ 14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។ 15 តាម​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នៅពេលយប់ ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់‌លក់នៅលើគ្រែផង 16 ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ ហើយពួកគេមានការរន្ធត់ជាង ការសម្លុតទៅទៀត។ 17 ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ងាក ចេញ​ពី​អំពើ​បាប ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត។ 18 ព្រះជាម្ចាស់រក្សាគេ​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ និង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​ក្តីស្លាប់។ 19 មនុស្សនឹងទទួលទោស នឹងជាមួយការឈឺចាប់នៅលើគ្រែរបស់គេ នឹងមានការឈឺចាប់ក្នុងឆ្អឹងមិនឈប់ 20 ដូច្នេះ គេ​បរិភោគ​អាហារ​លែង​កើត ហើយ​ក៏លែងដឹងរស់ជាតិអាហារដែរ។ 21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែកដែលមើលស្ទើតែមិនឃើញ និង​ឆ្អឹងរបស់គេក៏ដូចគ្នាដែរ។ 22 ព្រលឹងគេ​កាន់​តែ​ខិត​ជិត​រណ្ដៅ ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​ដល់ក្តីវិនាសដែរ។ 23 ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​ណា ក្នុង​ចំណោម​ទេវតា​មួយ​ពាន់ មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​ផ្លូវ​ត្រឹម​ត្រូវ។ 24 ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ ដ្បិត​ទេវតា​អង្វរ​ថា៖ សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ទូលបង្គំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ។ 25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។ 26 ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។ 27 ពេល​នោះ គេ​នឹង​ច្រៀង នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា៖ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។ 28 ព្រះជាម្ចាស់​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ។ 29 មើល! ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ ឬ​បី​លើក ចំពោះ​មនុស្ស 30 ដើម្បី​នាំ​គេ​ឲ្យ​ចេញ​ផុត​ពី​រណ្ដៅ ហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេផងដែរ។ 31 លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ! សូម​លោក​នៅ​ស្ងៀម​ទៅ នោះយ​ខ្ញុំ​នឹងនិយាយ​។ 32 ប្រសិន​បើ​លោក​ចង់​ឆ្លើយ សូម​ឆ្លើយ​មក​ចុះ សូម​មាន​ប្រសាសន៍​មក ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។ 33 បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ! សូម​នៅ​ស្ងៀម​ទៅ ខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។