ជំពូក ៣០

1 ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ សើច​ចំអក​ឲ្យ​ខ្ញុំ! ឪពុក​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើត សូម្បី​តែ​ប្រើ​ឲ្យ​កៀង​ហ្វូង​សត្វ ជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។ 2 កម្លាំងដៃរបស់ឪពុកអ្នកទាំងនោះ ប្រើមិនកើតទេ តើធ្វើដូចម្តេចអាចជួយខ្ញុំបាន ហើយមនុស្សវ័យកាន់តែចាស់តើមិនវិនាសទេឬ? 3 ពួកគេស្គមដោយ​ដោយការក្រីក្រ និង​ឃ្លាន​ខ្លាំង​ពេក ពួក​គេ​រត់​ទៅ​វាល​ហួត‌ហែង ដែល​ជា​ទី​ស្មសាន រាំង​ស្ងួត​តាំង​ពី​យូរ‌យារ​មក​ហើយ។ 4 ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោត យក​មក​ធ្វើ​ជា​អាហារ សូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។ 5 មនុស្ស‌ម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជន ហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។ 6 ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យ នៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាច និង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។ 7 ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុ ហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។ 8 ពួកគេគឺជាកូននៃមនុស្សល្ងង់ ​ហើយជាកូននៃ​​មនុស្ស​មិន​ដឹង​ខ្យល់ ឥត​ពូជឥត​អំបូរ ហើយពួកគេ​ត្រូវ​បានអ្នកស្រុកដេញចេញពីទឹកដីរបស់គេផង។ 9 ប៉ុន្តែ ឥឡូវ​នេះ ពួក​​កូនចៅរបស់គេបែរ​ជា​នាំ​គ្នា ច្រៀង​ឡក‌ឡឺយ និងយកខ្ញុំមកនិយាយលេងសើច។ 10 ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំ ពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ ដាក់​មុខខ្ញុំ​ផង។ 11 ដ្បិត ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បន្ទាប​បន្ថោក​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំ តាម​ចិត្ត​របស់​ពួក​គេ។ 12 ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំ ពួក​គេ​ទាត់​ជើង​ខ្ញុំ ហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំផងដែរ។ 13 ពួក​គេ​បានបំផ្លាញផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួច ពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ដោយ​មិន​បាច់​មាន​នរណាឃាត់​ពួក​គេ​បានឡើយ។ 14 ពួក​គេ​លើក​គ្នា​សម្រុក​មក​លើ​ខ្ញុំ ដូច​កង‌ទ័ព​ទម្លុះ​កំពែង សម្រុក​ចូល​វាយ​ក្រុង​ដ៏ធំមួយ ហើយនៅកណ្តាលនៃការបំផ្លាញនោះ គេបានរមៀលខ្លួនពួកគេមកលើខ្ញុំ។ 15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។ 16 ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់ គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។ 17 នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ។ 18 ព្រះជាម្ចាស់បានជំរុញការឈឺចាប់​ខ្លាំង​ពេក រហូត​ដល់​ធ្វើ​ឲ្យ សម្លៀក‌បំពាក់​របស់​ខ្ញុំ ហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។ 19 ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ ខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។ 20 ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ តែ​ព្រះអង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេ ពេល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។ 21 ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅ ព្រះអង្គ​ប្រហារ​ទូលបង្គំ​ ជាមួយព្រះហស្ថដ៏​ខ្លាំង​ពូកែ មកលើទួលបង្គំ។ 22 ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ហើយ​ឲ្យ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅ ព្រម​ទាំង​ឲ្យ​ខ្យល់​ព្យុះ​បក់​បោក មក​លើ​ទូលបង្គំ​ផង។ 23 ដ្បិត ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះអង្គ​នាំ​ទូលបង្គំ ទៅ​រក​សេចក្ដី​ស្លាប់ គឺ​នៅ​កន្លែង​ដែលរបស់ដែលមានជីវិតរស់នៅ។ 24 ទោះជាយ៉ាងណាក៏ដោយ តើមានអ្នកណាដែលខ្លួនជិតដួលហើយមិនលូកដៃ សុំរកជំនួយទេឬ? 25 តើនៅពេលជួយបញ្ហា ហើយមិនស្រែកហៅឲ្យគេជួយទែឬ? 26 ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គល តែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជា កើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។ 27 ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរ ទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។ 28 មុខរបស់​ខ្ញុំ​ឡើង​ខ្មៅ តែ​មិន​មែន​ដោយ‌សារ​កម្ដៅ​ថ្ងៃ​ទេ ខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជន ស្រែក​ហៅ​គេ​ឲ្យ​ជួយ។ 29 ខ្ញុំ​បាន​ក្លាយ​មក​ជា​បងប្អូន​របស់​ឆ្កែ​ព្រៃ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែង‌ស្រាក។ 30 ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ ហើយបានធ្លាក់ចុះពីខ្ញុំដែរ ឆ្អឹង​របស់​ខ្ញុំបានឆេះដោយសារកំដៅថ្ងៃ។ 31 សំលេងពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញ សំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរ អស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។