ជំពូក ២៩
1
លោកយ៉ូបរៀបរាប់សាជាថ្មីដោយនិយាយថា៖
2
«ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
3
នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយខ្ញុំដើរកាត់ភាពងងឹតដោយពន្លឺរបស់ព្រះអង្គ។
4
ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះ ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ ព្រះជាម្ចាស់បានគង់នៅក្នុងទីលំនៅរបស់ខ្ញុំ។
5
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត គង់នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ
6
នោះហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ!
7
ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង ហើយពេលខ្ញុំអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
8
ពួកក្មេងយុវជនបានឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយទៅទីឆ្ងាយដែរ ហើយពួកអ្នកចាស់ទុំនាំគ្នាក្រោកឈរឡើងនៅចំពោះខ្ញុំផងដែរ។
9
ពួកមេដឹកនាំឈប់និយាយ យកដៃខ្ទប់មាត់ ហើយនៅស្ងៀម នៅពេលដែរខ្ញុំចូលទៅដល់ទីនោះ។
10
សម្លេងរបស់ពួកអ្នកអភិជនក៏នៅស្ងៀមស្ងាត់ ហើយមាត់របស់ពួកគេក៏បិទ មិនហ៊ាននិយាយស្ដីអ្វីទៀតទេ។
11
ដ្បិតនៅពេលត្រចៀក របស់ពួកគេបានឮខ្ញុំនិយាយ នោះពួកនឹងគេឲ្យពរខ្ញុំ ពេលភ្នែករបស់គេឃើញខ្ញុំ ពួកគេនឹងធ្វើសាក្សីហើយនឹងយល់ស្រប់តាមខ្ញុំដែរ
12
ដ្បិតពេលមនុស្សជួបទុក្ខលំបាកស្រែកឡើង នោះខ្ញុំជួយយកអាសាគេ ហើយខ្ញុំក៏បានជួយក្មេងកំព្រា និងអ្នកដែលគ្មានទីពឹងដែរ។
13
អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំ ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរសប្បាយផងដែរ។
14
សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ ប្រៀបដូចជាសម្លៀកបំពាក់របស់ខ្ញុំ ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ។
15
ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់ និងជាជើងរបស់មនុស្សខ្វិន។
16
ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយខ្ញុំជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។
17
ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
18
ពេលនោះ ខ្ញុំនិយាយថា៖ ខ្ញុំនឹងស្លាប់នៅក្នុងទីលំនៅរបស់ខ្ញុំ ហើយជីវិតរបស់នឹងបានវែងដូចចំនួនគ្រាប់ខ្សាច់។
19
ហើយឫសរបស់ខ្ញុំនឹងចាក់ទៅរកទឹក ហើយនៅពេលយប់ មានសន្សើមធ្លាក់មកលើមែកផងដែរ។
20
កិត្តិយសទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
21
មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
22
បន្ទាប់ពីខ្ញុំនិយាយផុតហើយនោះ គ្មាននរណាប្រកែកតវ៉ាទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។
23
ពួកគេតែងតែរង់ចាំខ្ញុំ ដូចពួកគេរង់ចាំទឹកភ្លៀងដែរ ហើយពួកគេបានបើកមាត់យ៉ាងធំ ដើម្បីផឹកយកពាក្យរបស់ខ្ញុំ គឺដូចពួកគេទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
24
ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេមិនចង់ជឿទេ ពួកគេមិនបានបដិសេធពន្លឺដែលចេញពីមុខខ្ញុំទេ។
25
ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ
ហើយខ្ញុំរស់នៅ ដូចស្ដេចដែលនៅជាកងទ័ពរបស់ខ្លួន និងដូចអ្នកលើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។