ជំពូក ២៨

1 មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។ 2 គេ​យក​ដែក​ចេញ​ពី​ដី ហើយ​យក​លង្ហិន​ចេញមក​ពី​ថ្មដែរ។ 3 មនុស្សបានជីកចុះ​ទៅខាងក្រោមជ្រៅ​ដល់​ទី​ងងឹត ដើម្បីស្វែងរក​ថ្ម ដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។ 4 គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅ ជាកន្លែងដែលមនុស្ស​ស្ទើតែភ្លេចថាគេដើរតាមនោះ។ គេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែ ហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះ គឺនៅឆ្ងាយពីមនុស្ស​។ 5 ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្ស តែ​នៅ​ខាង​ក្រោម ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។ 6 គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដី ហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។ 7 សត្វ​ត្មាត​មិន​ស្គាល់​ផ្លូវ​ចូល​ទៅ ក្នុង​អណ្ដូង​រ៉ែ​នោះ​ទេ ហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។ 8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។ 9 មនុស្សបានដាក់ដៃលើ​​ថ្ម​ដ៏​រឹង ហើយ​រម្លើង​ភ្នំ​រហូត​ដល់​បាតខាងក្រោមនៃភ្នំ។ 10 គេ​ចោះ​រូង​នៅ​ក្នុងចំណោម​ថ្ម‌ដា ហើយ​ភ្នែករបស់គេបានឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។ 11 គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួត ដើម្បី ពួកគេនឹងនាំ​យក​អ្វីៗ​ដែល​លាក់​កំបាំង មក​ដាក់​នៅដែលមាន​ពន្លឺវិញ។ 12 តើ​គេ​អាច​រកប្រាជ្ញា​បាន​នៅ​ទីណាបាន? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា? 13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។ 14 ទី​ជម្រៅ​ពោល​ថា ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ មហា​សមុទ្រ​ពោល​ថា ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ។ 15 គេ​មិន​អាច​យក​មាស​សុទ្ធ​ ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។ 16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។ 17 គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ 18 ផ្កា​ថ្ម និង​គុជ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវ‌មុក្ដា​ទៅ​ទៀត។ 19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ទឹកដី​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូច ទៅ​នឹង​ប្រាជ្ញា ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង ជា​មួយ​មាស​បាន​ទេ។ 20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ទីណា? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណាដែរ? 21 មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ ហើយក៏បានលាក់បាំងពី​សត្វ ​ដែល​ហើរ​នៅ​លើ​មេឃដែរ។ 22 រណ្ដៅ​នៃ​សេចក្ដី​វិនាស និងសេចក្តីស្លាប់​ពោល​ថា យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញាដោយផ្ទាល់ត្រចៀក។ 23 មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា។ 24 ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។ 25 ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់ផ្ទៃទឹក។ 26 ​ព្រះជាម្ចាស់បានកំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ។ 27 ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។ 28 ចំពោះមនុស្សវិញ ព្រះជាម្ចាស់មានបន្ទូលថា៖ មើល! ការកោតខ្លាចនៃព្រះអម្ចាស់ គឺជាប្រាជ្ញា ហើយញែកចេញពីការអាក្រក់ ក៏ជាប្រាជ្ញាដែរ។