ជំពូក ២០

1 ពេល​នោះ សូផារ ជា​ជនជាតិ​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖ 2 «គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ បណ្ដាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ 3 ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ តែវិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ បាន​ឆ្លើយ​មកកាន់ខ្ញុំ។ 4 តើ​អ្នក​មិន​បាន​ដឹង​សេចក្ដី​នេះ​ទេ​ឬ ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះជាម្ចាស់​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី: 5 នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់គឺខ្លី ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស ក៏​នៅ​តែ​មួយ​ភ្លែត​ដែរឬ? 6 ទោះ​បើ​គេ​មាន​កម្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ 7 គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?" 8 គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិន ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។ 9 នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ។ 10 កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់ ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។ 11 ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា‌មួយ​ខ្លួន​គេ​ដែរ។ 12 ទោះ​បើ​សេចក្ដី​អាក្រក់ មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្ដាត 13 ទោះ​បើ​លៃ​លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​ក៏​ដោយ 14 គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ ទៅ​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ។ 15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ជាម្ចាស់នឹង​កម្ចាត់​របស់​ទាំង​នោះ ចេញ​ពី​ពោះ​គេ។ 16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ដោយ‌សារ​អណ្ដាត​ពស់​វែក។ 17 គេ​នឹង​លែង​ឃើញ​ទឹក​ទន្លេ ទឹក​ឃ្មុំ និង​ទឹក​ដោះ ហូរ​ដូច​ទឹក​ស្ទឹង​ទៀត​ហើយ។ 18 គេប្រគល់ឲ្យផ្លែឈើទៅអ្នកជិតខាងវិញ ហើយ​ពួកគេទំពារ​លេប​មិន​បាន​ទេ ទ្រព្យសម្បត្តិ នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។ 19 ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​មួយ ដែល​ខ្លួន​មិន​បាន​សង់​ផង។ 20 គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់ តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។ 21 គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។ 22 ក្នុង​ពេល​កំពុង​តសម្បូរសប្បាយ នោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញ ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។ 23 នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ នោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ​ទៅ​លើ​គេ ហើយព្រះអង្គធ្វើឲ្យភ្លៀងនៅពេលគេបរិភោគ​អាហារ។ 24 ទោះបីជា​គេ ​រត់​គេច​ពី​អាវុធ​ដែក នោះ​ធ្នូ​រលង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ។ 25 ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួន នោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះ រហូត​ដល់​ថ្លើម​របស់​គេ ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។ 26 អស់​ទាំង​សេចក្ដី​ងងឹត បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់ ដែល​នៅ​សល់​ក្នុង​ទី​លំនៅ​របស់​គេ។ 27 ​ផ្ទៃ​មេឃ​ក៏​នឹង​សម្ដែង​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ទាំង​ផែនដី នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ។ 28 ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​បាត់​ទៅ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។ 29 នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់ ត្រូវ​ទទួល​ពី​ព្រះជាម្ចាស់ ជា​មរតក ដែល​ព្រះ​អង្គចែក​ឲ្យ​ដល់​គេ»។