ជំពូក ១៩

1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ថា៖ 2 «តើ​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ​ដល់​​ខ្ញុំ ហើយ​ជាន់​ឈ្លី‌ខ្ញុំ​ដោយ​ពាក្យ​សម្ដី ដល់​កាល​ណា​ទៀត? 3 មាន​ដប់​ដង​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ អ្នក​រាល់​គ្នា​មិន​មានសេចក្តីខ្មាសសោះ​ ដែល​ធ្វើ​បាប​ខ្ញុំ។ 4 ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន កំហុស​នោះ​នៅ​ជាប់​តែ​ខ្លួន​ខ្ញុំ​ទេ។ 5 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ឲ្យខ្ពស់ពី​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ដើម្បីនឹងទាស់នឹង​ខ្ញុំ 6 ត្រូវ​ដឹង​ថា គឺ​ព្រះជាម្ចាស់​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ‌វិញ​ដោយសំណាញ់​របស់​ព្រះ‌អង្គដែរ។ 7 មើល! ពេល​​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ។ ខ្ញុំ​ស្រែករកជំនួយ តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។ 8 ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ប្រែជា​ងងឹត។ 9 ព្រះ‌អង្គ​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ផង។ 10 ព្រះ‌អង្គ​បាន​បំផ្លាញ​ខ្ញុំ​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​វិនាស​ទៅ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​រំលើង ដូច​ជា​ដើម​ឈើ។ 11 ព្រះ‌អង្គ​បាន​បង្កាត់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ព្រះ‌អង្គ។ 12 ពល​ទ័ព​របស់​ព្រះ‌អង្គ​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ផ្លូវ​ឡើង​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។ 13 ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។ 14 ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំដែរ។ 15 ភ្ញៀវ​ដែលធ្លាប់ស្នាក់​ក្នុង​ផ្ទះ​ខ្ញុំ ហើយនិងពួក​ស្រីបម្រើ​ បានចាត់ទុក​ខ្ញុំ​ដូច​ជា​មនុស្សចម្លែក ខ្ញុំ​ដូច​ជា​អ្នក​ដែល​គេ​មិន​ធ្លាប់​ស្គាល់។ 16 ខ្ញុំ​ហៅ​អ្នក​បម្រើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​យ៉ាង​ណា​ក៏​ដោយ។ 17 ដង្ហើម​របស់​ខ្ញុំបាន​ស្អប់​​ដល់​ប្រពន្ធ​ខ្ញុំ ហើយរូបកាយរបស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង‌ប្អូន​ដែលបានកើតពីម្តាយខ្ញុំ។ 18 ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា និយាយ​បង្កាច់​ខ្ញុំ។ 19 ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។ 20 ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។ 21 អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ថ​នៃ​ព្រះជាម្ចាស់​បាន​ពាល់​ខ្ញុំ​ហើយ។ 22 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើទុក្ខដល់​ខ្ញុំ​ដូច​ជា​ព្រះ​ជាម្ចាស់ដែរ? ហេតុអ្វីបានអ្នកនៅ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត? 23 ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ! ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​មួយក្បាលនោះ! 24 គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ! 25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី 26 ​ក្រោយ​ពី​សម្បក​កាយ​ខ្ញុំ​រលាយ​ទៅ នោះ​សាច់​ឈាម​ខ្ញុំ​នឹង​ឃើញ​ព្រះជាម្ចាស់។ 27 ​ខ្ញុំ​នឹងបាន​ឃើញ​ព្រះជាម្ចាស់ដោយ​ភ្នែក​ខ្ញុំ មិន​មែន​អ្នកផ្សេងទេ។ ចិត្ត​ខ្ញុំបានចុះចាញ់នៅ​ក្នុង​ខ្លួនខ្ញុំ ដោយ​រង់‌ចាំ​ពេល​នោះ។ 28 ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ហើយ​ឃើញ​ថា ដើម​ហេតុ​នោះ​គឺ​មក​ពី​ខ្ញុំ 29 យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។