ជំពូក ១៨

1 បន្ទាប់​មក ប៊ីលដាឌ ជនជាតិស៊ូអា ក៏​ឆ្លើយ​ឡើង​ថា៖ 2 «តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ និយាយ​ដល់​កាល​ណា​ទៀត? ចូរ​ពិចារ‌ណា​ចុះ រួច​យើង​នឹង​និយាយ។ 3 ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រាប់​ទុក ដូច​ជា​សត្វ​តិរច្ឆាន ហេតុ​អ្វី​បានជា​យើង​ទៅ​ជា​មនុស្ស​ល្ងី​ល្ងើ នៅ​ក្នុង​ភ្នែក​របស់​អ្នក? 4 ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ឬ? 5 ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ។ 6 ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ​នឹង​ត្រូវ​ងងឹត​វិញ ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ។ 7 អស់​ទាំង​ជំហាន​នៃ​កម្លាំង​គេ​នឹង​កាន់​តែ​អន់​ថយ ហើយ​ផែនការ​របស់​គេ​នឹង​ផ្តួល​គេ​ផងដែរ។ 8 ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​សំណាញ់ គេ​ដើរ​ទៅរក​អន្ទាក់​ជា‌និច្ច។ 9 អន្ទាក់​នឹង​រូត​ជាប់​កែង​ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ។ 10 មាន​ខ្សែ​រូត​បង្កប់​ក្នុង​ដី​សម្រាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ។ 11 សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង​ជើង​គេ។ 12 ទ្រព្យរបស់គេទៅ​ជាការអត់​ឃ្លាន ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប ជា​ស្រេច​នៅ​ខាង​គេ។ 13 ជំងឺ​រោគា​បាន​បំផ្លាញ​ស្បែករបស់​គេ​អស់ ហើយ​សេចក្ដី​ស្លាប់ក៏​លេបត្របាក់ដៃជើង​របស់​គេ​ដែរ។ 14 គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច នៃ​សេចក្ដី​ស្ញែង​ខ្លាច។ 15 មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ ទី​អាស្រ័យ​របស់​គេ។ 16 ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ ហើយ​ខាង​លើ​មែក​របស់​គេ​នឹង​ត្រូវ​កាច់​ចេញ។ 17 ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ។ 18 គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ​ផង។ 19 គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង ដែល​គេ​អាស្រ័យ​នោះ​ឡើយ។ 20 ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ។ 21 ជាការពិតណាស់ ​ផ្ទះ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​របស់​អ្នក ដែល​មិន​ស្គាល់​ព្រះជាម្ចាស់»។