ជំពូក ១៧

1 វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ អាយុ​របស់​ខ្ញុំ​ក៏បញ្ចាប់ដែរ ផ្នូរ​ត្រៀមរួចសម្រាប់​ខ្ញុំ។ 2 នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក របស់​គេ​ជា‌និច្ច។ 3 សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន? 4 ព្រះជាម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ ព្រះ‌អង្គ​នឹង​មិន​តម្កើង​គេ​នៅចំពោះទូលបង្គំឡើយ។ 5 គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។ 6 ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀបដល់​មនុស្ស ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។ 7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់ ទុក​ដូច​ជា​ស្រមោល​ទទេ។ 8 មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​នេះហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា ទាស់​នឹង​មនុស្ស​ទមិឡ​ល្មើស។ 9 ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។ 10 ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ ដែល​មាន​ប្រាជ្ញា​ឡើយ។ 11 អស់​ទាំង​ថ្ងៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ គម្រោង​ការ​របស់​ខ្ញុំ​ត្រូវ​រលាយ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ។ 12 ពួកឡកលើយ ធ្វើ​ឲ្យ​យប់​ទៅ​ជា​ថ្ងៃ ពន្លឺ​នៅ​ក្បែរ​ងងឹត​ដែរ។ 13 ចាប់តាំងពីខ្ញុំបានសម្លឹងមើល ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយខ្ញុំបានធ្វើឲ្យគ្រែធំនៅទីងងឹត 14 គ្រាខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​ខ្ញុំ ហើយ​ពោល​ទៅ​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ 15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? តើ​មាន​អ្នក​ណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំទេ? តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? 16 តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា ចូល​ក្នុង​ធូលី​ដីឬ?»