ជំពូក ១៦

1 នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖ 2 «ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ។ 3 តើ​ពេលណាពាក្យ​​ឥត​ប្រយោជន៍​ទាំង​នេះ​ត្រឹម​ចប់? តើ​មាន​អ្វី​សុខជាមួយ​អ្នក​រាល់​គ្នា ​បានធ្វើឲ្យ​អ្នកឆ្លើយមក​ដូច្នេះ? 4 ខ្ញុំ​ក៏​អាចនិយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។ 5 ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​លើកទឹកចិត្ត ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ របស់​អ្នក​រាល់​គ្នា! 6 តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ ក៏​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​ថយ​ចេញ​ពី​ខ្ញុំ​ដែរ ហើយ​បើ​នៅ​ស្ងៀម តើ​វា​នឹងជួយអ្វីដល់​​ខ្ញុំ​? 7 ប៉ុន្តែពេលនេះ ព្រះ​ជាម្ចាស់បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។ 8 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក នឹង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។ 9 ព្រះ​ជាម្ចាស់បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។ 10 ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​នៅលើមុខរបស់​ខ្ញុំ ហើយ​ប្រមូល​គ្នា​ដើម្បីនឹងទាស់​ជាមួយ​ខ្ញុំ។ 11 ព្រះជាម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅមនុស្សទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួកអាក្រក់។ 12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។ 13 ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។ 14 ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ‌អង្គ​ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែខាងសង្គៀម។ 15 ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ ហើយ​បាន​ដាក់​កិតិ្តយស​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។ 16 ខ្ញុំ​យំឡើង​មុខរបស់ខ្ញុំក្រហម ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​រូង​ខ្មៅ។ 17 ទោះ​បីជា ខ្ញុំគ្មាន​សេចក្ដី​អាក្រក់ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​របស់ខ្ញុំគឺ​បរិសុទ្ធ។ 18 ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ ឈប់​សម្រាកបាន​ឡើយ។ 19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។ 20 ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ប៉ុន្តែខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះជាម្ចាស់។ 21 ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន! 22 ដ្បិត​នៅមិន​យូ​ឆ្នាំ​ទេ ពេល​កំណត់​នឹង​មក​ដល់ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។