ជំពូក ៨

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរប្រាប់លោកអ៊ើរ៉ុនថា៖ «ចង្កៀងទាំងប្រាំពីរត្រូវអុជនៅបំភ្លឺទៅខាងមុខជើងចង្កៀង ពេលអ្នកអុជវា»។ 3 លោកអ៊ើរ៉ុនបានធ្វើបែបនេះ។ គាត់អុជចង្កៀងដែលនៅលើជើងចង្កៀង ដើម្បីឲ្យវាជះពន្លឺនៅខាងមុខវា ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ 4 ជើងចង្កៀងត្រូវធ្វើបែបនេះឯង ហើយព្រះអម្ចាស់បានបង្ហាញគំរូដល់លោកម៉ូសេឲ្យធ្វើ។ ជើងចង្កៀងត្រូវបានរចនាពីមាសសុទ្ធ ចាប់តាំងពីជើងទ្រ រហូតដល់ចុងខាងលើរបស់វា មានឆ្លាក់ក្បាច់ពែងមានរាងដូចជាផ្កា។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្ដងទៀត។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយត្រូវជម្រះពួកគេឲ្យបានស្អាត។ 7 ដូចធ្វើបែបនេះដល់ពួកគេ ដើម្បីជម្រះពួកគេឲ្យបានស្អាត ចូរប្រោះទឹកនៃការប្រោសលោះនៅលើពួកគេ។ ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ពួកគេទាំងមូល សម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយត្រូវជម្រះសម្អាតពួកគេបែបនេះឯង។ 8 បន្ទាប់មក ឲ្យពួកគេនាំយកគោឈ្មោលស្ទាវមួយ ហើយនិង​តង្វាយ​ធញ្ញជាតិ គឺ​ម្សៅ​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង។ ត្រូវឲ្យពួកគេនាំ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ទៀត ទុកជា​តង្វាយ​លោះ​បាប។ 9 អ្នកត្រូវនាំពួកលេវីមកនៅខាងមុខត្រសាលប្រជុំ និងនៅចំពោះប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល។ 10 នៅពេលអ្នកនាំពួកលេវីមកចំពោះព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃរបស់ពួកគេលើពួកលេវី។ 11 លោកអ៊ើរ៉ុនត្រូវថ្វាយពួកលេវីដល់ព្រះអម្ចាស់ ទុកដូចជាតង្វាយគ្រវីដែលមកពីប្រជាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគេបានធ្វើការថ្វាយដល់ព្រះអម្ចាស់។ 12 ពួកលេវីត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់គោឈ្មោល។ អ្នកត្រូវថ្វាយគោមួយទុកជាតង្វាយលោះបាប ហើយគោមួយទៀតទុកជាតង្វាយដុតសម្រាប់យើង ដើម្បីលោះបានដល់ពួកលេវី។ 13 ត្រូវនាំពួកលេវីមកចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោក ហើយត្រូវលើកពួកគេឡើង ទុកដូចជាតង្វាយគ្រវីដល់យើង។ 14 អ្នកត្រូវញែកពួកលេវីពីចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។ 15 បន្ទាប់មកទៀត ពួកលេវីត្រូវទៅបម្រើនៅត្រសាលប្រជុំ។ អ្នកត្រូវជម្រះពួកគេឲ្យស្អាត។ អ្នកត្រូវថ្វាយពួកគេទុកដូចជាតង្វាយគ្រវី។ 16 ធ្វើបែបនេះ ពួកលេវីនៅក្នុងចំណោមអ៊ីស្រាអែលទាំងអស់គឺជារបស់យើង។ ពួកគេនឹងធ្វើជាសំណងសម្រាប់កូនប្រុសដែលបានកើតមក គឺកូនច្បងនៃកូនចៅអ៊ីស្រាអែល។ យើងបានយកពួកលេវីសម្រាប់យើង។ 17 កូនច្បងទាំងអស់នៅក្នុងចំណោមអ៊ីស្រាអែលជារបស់យើង ទាំងមនុស្សទាំងសត្វ។ នៅថ្ងៃមួយ ដែលយើងបានយកជីវិតរបស់កូនច្បងទាំងអស់របស់ជនជាតិអេស៊ីប យើងបានញែកពួកគេដោយឡែកសម្រាប់យើង។ 18 យើងបានយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ជំនួសឲ្យកូនច្បងទាំងអស់។ 19 យើងបានប្រគល់ពួកលេវីទុកជាអំណោយដល់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ យើងបានយកពួកគេចេញពីចំណោមប្រជាជនអ៊ីស្រាអែល ដើម្បីធ្វើការជំនួសប្រជាជនអ៊ីស្រាអែលនៅក្នុងត្រសាលប្រជុំ។ យើងបានប្រគល់ពួកគេទុកដូចជាតង្វាយលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល ដើម្បីកុំឲ្យមានគ្រោះកាចណាមួយអាចធ្វើទុក្ខដល់ប្រជាជន នៅពេលពួកគេចូលមកជិតទីបរិសុទ្ធ»។ 20 លោកម៉ូសេ លោកអ៊ើរ៉ុន និង​សហគមន៍​អ៊ីស្រាអែលទាំងមូលបានធ្វើការនេះជាមួយនឹងពួកលេវី។​ ពួកគេបានធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ប្រជាជនអ៊ីស្រាអែលបានធ្វើការនេះជាមួយនឹងពួកគេ។ 21 ពួកលេវីបានជម្រះខ្លួនរបស់ពួកគេ ហើយសម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយលោកអ៊ើរ៉ុនបានយកពួកគេមកទុកដូចជាតង្វាយគ្រវីថ្វាយព្រះអម្ចាស់ ហើយគាត់បានធ្វើពីធីលោះបាបដល់ពួកគេ ដើម្បីសម្អាតពួកគេ។ 22 បន្ទាប់ពីនោះ ពួកលេវីបានចូលទៅខាងក្នុង ដើម្បីបំពេញភារកិច្ចរបស់ពួកគេនៅក្នុងត្រសាលប្រជុំ នៅចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោកអ៊ើរ៉ុនដែរ។ ធ្វើបែបនេះ គឺធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ពួកគេបានប្រព្រឹត្តជាមួយពួកលេវីទាំងអស់បែបនេះឯង។ 23 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេម្តងទៀត។ 24 ព្រះអង្គមានបន្ទូលថា៖ «ការទាំងអស់នេះសម្រាប់ពួកលេវី ដែលមានអាយុម្ភៃប្រាំឆ្នាំ និងច្រើនជាង។ ពួកគេត្រូវចូលរួមក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ។ 25 ពួកគេត្រូវឈប់បម្រើបែបនេះទៀត ពេលពួកគេមានអាយុហាសិបឆ្នាំ។ ពេលអាយុហាសិបហើយ ពួកគេមិនត្រូវបម្រើទៀតទេ។ 26 ពួកគេត្រូវជួយបងប្អូនរបស់ពួកគេដែលបន្ត ក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ ប៉ុន្តែ ពួកគេមិនត្រូវបម្រើទៀតឡើយ។ ពួកគេត្រូវណែនាំពួកលេវីនៅក្នុងបញ្ហាទាំងអស់»។