ជំពូក ៦

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល។ ចូរប្រាប់ដល់ពួកគេថា៖ «ពេលបុរស ឬស្រ្តីណាម្នាក់បានញែកខ្លួនឯងសម្រាប់ព្រះអម្ចាស់ដោយសម្បថពិសេសជា​អ្នក​ណា‌សារីត គាត់ត្រូវ​ញែកខ្លួនឯងចេញពីស្រាទំពាំងបាយជូរ ហើយនឹងគ្រឿងស្រវឹង។ 3 គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬហូបទំពាំងបាយជូរស្រស់ ឬទំពាំងបាយជូរក្រៀមក្តី។ 4 ក្នុងពេលដែលគាត់ញែកខ្លួនដល់យើង គាត់មិនត្រូវហូបអ្វីដែលធ្វើឡើងពីទំពាំងបាយជូរឡើយ បូករួមទាំងគ្រាប់ ឬសំបកវាដែរ។ 5 នៅក្នុងអំឡុងពេលដែលគាត់ស្ថិតនៅក្នុងសម្បថនៃការញែកខ្លួនថ្វាយព្រះ មិនត្រូវឲ្យគាត់ប្រើកំបិតកោរក្បាលរបស់គាត់ឡើយ រហូតដល់ថ្វៃកំណត់នៃការញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់បានសម្រេច។ គាត់ត្រូវញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់។ គាត់ត្រូវអនុញ្ញាឲ្យសក់គាត់នៅវែងនៅលើក្បាលរបស់គាត់។ 6 នៅក្នុងអំឡុងពេលដែលញែកខ្លួនថ្វាយព្រះអម្ចាស់ គាត់មិនត្រូវចូលទៅជិតមនុស្សស្លាប់ឡើយ។ 7 គាត់មិនត្រូវធ្វើឲ្យខ្លួនគាត់មិនស្អាតឡើយ ទោះបីជាសាកសពរបស់ឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់គាត់ ស្លាប់ក្តី។ នេះដោយសារគាត់បានញែកខ្លួនគាត់ដោយឡែកថ្វាយព្រះជាម្ចាស់ មនុស្សគ្រប់គ្នាអាចស្គាល់គាត់ដោយសារគាត់មានសក់វែង។ 8 ក្នុងអំឡុងពេលដែលគាត់ញែកដោយឡែកថ្វាយព្រះអម្ចាស់ គាត់ត្រូវបរិសុទ្ធ ថ្វាយព្រះអម្ចាស់។ 9 ប្រសិនបើ នរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ហើយធ្វើឲ្យក្បាលរបស់គាត់សៅហ្មង នោះត្រូវឲ្យគាត់កោរសក់របស់គាត់នៅថ្ងៃនោះដើម្បីធ្វើឲ្យគាត់បរិសុទ្ធ ត្រូវកោរសក់របស់គាត់នៅថ្ងៃទីប្រាំពីរ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកសត្វព្រាបពីរ ឬលលកជំទើរពីទៅឲ្យបូជាចារ្យនៅត្រង់ច្រកចូលត្រសាលនៃការជួបជុំ។ 11 បូជាចារ្យត្រូវថ្វាយសត្វមួយ ទុកជាតង្វាយលោះបាប ហើយសត្វមួយទៀតថ្វាយជាតង្វាយដុត។ តង្វាយទាំងនេះជាតង្វាយលោះបាបសម្រាប់គាត់ ដោយសារគាត់បានធ្វើបាបដោយព្រោះគាត់នៅជិតសាកសព។ គាត់ត្រូវញែកសក់របស់គាត់ម្តងទៀតនៅថ្ងៃនោះ។ 12 គាត់ត្រូវញែកខ្លួនគាត់ថ្វាយព្រះអម្ចាស់ សម្រាប់ថ្ងៃនៃការញែកជាបរិសុទ្ធរបស់គាត់។ គាត់ត្រូវនាំចៀមអាយុមួយឆ្នាំ ទុកជាតង្វាយលើកលែងទោស។ នៅថ្ងៃមុនពេល គាត់ធ្វើឲ្យខ្លួនគាត់សៅហ្មងមិនបាច់រាប់ទេ ដោយសារការដែលគាត់បានញែកដោយឡែកនោះត្រូវបានសៅហ្មងហើយ។ 13 នេះគឺជាច្បាប់សម្រាប់អ្នក​ណា‌សារីត ដ្បិត នៅពេលដែលគាត់បានញែកដោយឡែកនោះបានសម្រេចហើយ។ 14 គេត្រូវនាំគាត់ទៅឯច្រកចូលត្រសាលនៃការជួបជុំ។ គាត់ត្រូវនាំយកតង្វាយរបស់គាត់មកថ្វាយព្រះអម្ចាស់។​ គាត់ត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយជាតង្វាយដុត។ គាត់ត្រូវនាំយកចៀមញីមួយអាយុមួយឆ្នាំដែលល្អឥតខ្ចោះមកថ្វាយជាតង្វាយលោះបាប។ គាត់ត្រូវនាំយកចៀមឈ្មោលដែលល្អឥតខ្ចោះមួយមកថ្វាយជាតង្វាយមេត្រី។ 15 គាត់ត្រូវនាំយកនំប៉័ងមួយល្អីជានំប៉័ងឥតមេ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ជា‌មួយ​ប្រេង នំ​​ឥត​មេ​ប្រោះ​ដោយ​ប្រេង ព្រម​ទាំង​តង្វាយធញ្ញជាតិ និង​តង្វាយ​ច្រួច​មក​ជា‌មួយ​ផង។ 16 បូជាចារ្យត្រូវនាំពួកគេមកចំពោះព្រះអម្ចាស់។ គាត់ត្រូវថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គាត់។ 17 ជាមួយនឹងនំប៉័ងឥតមេមួយល្អី គាត់ត្រូវយកចៀមឈ្មោលទុកជាយញ្ញបូជា ជាតង្វាយមេត្រីថ្វាយដល់ព្រះអម្ចាស់។ បូជាចារ្យត្រូវនាំទាំងតង្វាយធញ្ញជាតិ និងតង្វាយច្រូចផងដែរ។ 18 អ្នក​ណាសា‌រីតត្រូវកោរសក់របស់គាត់ដែលបានញែកជាបរិសុទ្ធថ្វាយព្រះជាម្ចាស់នៅត្រង់ច្រកចូលត្រសាលប្រជុំ។ គាត់ត្រូវយកសក់របស់គាត់ ហើយដុតវាដោយភ្លើងដែលនៅក្រោមយញ្ញបូជាតង្វាយមេត្រី។ 19 បូជាចារ្យត្រូវយកស្មាររបស់ចៀមទៅស្ងោរ និងដុំនំប៉័ងឥតមេមួយដុំចេញពីកន្រ្ទក់ និងនំឥតមេមួយដុំដែរ។ គាត់ត្រូវយកនំទាំងនោះទៅលើដៃរបស់អ្នកណាសារីត បន្ទាប់ពី គាត់បានកោរសក់របស់គាត់ ដែលបានញែកចេញជាបរិសុទ្ធហើយ។ 20 បូជាចារ្យត្រូវគ្រវីនំទាំងនោះទុកជាតង្វាយនៅចំពោះព្រះអម្ចាស់ ជាចំណែកបរិសុទ្ធសម្រាប់បូជាចារ្យ ជាមួយនឹងសាច់ទ្រូងដែលបានគ្រវី និងសាច់ភ្លៅដែលបាននាំយកមកសម្រាប់បូជាចារ្យ។ បន្ទាប់មក អ្នកណាសារីនអាចផឹកស្រាបាន។ 21 នេះគឺជាច្បាប់សម្រាប់អ្នកណាសារីតជាអ្នកដែលបានស្បថនឹងថ្វាយតង្វាយរបស់គាត់ដល់ព្រះអម្ចាស់ សម្រាប់ញែកខ្លួនរបស់គាត់ជាបរិសុទ្ធ។ អ្វីៗផ្សេងទៀត ដែលគាត់អាចតង្វាយ​ គាត់ត្រូវធ្វើតាមពាក្យដែលគាត់បានស្បថ ដើម្បីធ្វើតាមច្បាប់សម្រាប់អ្នកណាសារីតនោះ»។ 22 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 23 «ចូរប្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗរ​បស់លោកថា៖ «អ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលបែបនេះ។ អ្នកត្រូវនិយាយទៅពួកគេថា៖ 24 «សូមព្រះអម្ចាស់ប្រទានពរអ្នក ហើយការពារអ្នក។ 25 សូមព្រះអម្ចាស់បែរព្រះ‌ភក្ត្ររបស់ព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក។ 26 សូមព្រះអម្ចាស់ទតមកលើអ្នកដោយព្រះគុណ និងប្រទានសន្តិភាពដល់អ្នក»។ 27 នេះគឺជារបៀបដែលពួកគេត្រូវប្រកាសនាមរបស់យើងដល់ប្រជាជនអ៊ីស្រាអែល។ ដូច្នេះ យើងនឹងប្រទានពរដល់ពួកគេ»។