ជំពូក ៥

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យបណ្តេញអ្នកណាដែលមានជំងឺឃ្លង់ និងអ្នកដែលមានជំងឺកាមរោគ ព្រមទាំងអ្នកដែលមិនស្អាតដោយសារប៉ះជាមួយសាកសពចេញពីជំរំ។ 3 មិនថាប្រុស ឬស្រីទេ អ្នកត្រូវបណ្តេញពួកគេចេញពីជំរំ។ ពួកគេមិនត្រូវធ្វើឲ្យជំរំមិនស្អាតឡើយ ព្រោះយើងរស់នៅក្នុងជំរំនោះ»។ 4 ប្រជាជនអ៊ីស្រាអែលក៏ធ្វើដូច្នោះ។ ពួកគេបានបណ្តេញអ្នកទាំងនោះចេញពីជំរំ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ប្រជាជនអ៊ីស្រាអែលបានស្តាប់បង្គាប់ព្រះអម្ចាស់។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល។ នៅពេលមនុស្សប្រុស ឬស្រ្តីណាប្រព្រឹត្តបាប ដូចជាប្រជាជនធ្វើដល់គ្នាទៅវិញទៅមក ហើយមិនស្មោះត្រង់ជាមួយយើង អ្នកនោះមានកំហុសហើយ។ 7 នៅពេលពួកគេសារភាពបាប ដែលខ្លួនបានធ្វើនោះ។​ អ្នកនោះត្រូវបង់ថ្លៃនៃអំពើបាបរបស់គាត់ ដោយបូកជាមួយតម្លៃមួយជាប្រាំបន្ថែម។ អ្នកនោះត្រូវប្រគល់ការនេះទៅអ្នកដែលគាត់បានធ្វើខុស។ 8 ប៉ុន្តែ ប្រសិនបើ អ្នកនោះមិនមានញាតិជិតស្និទដើម្បីទទួលសំណងទេ គាត់ត្រូវបង់ថ្លៃសម្រាប់កំហុសរបស់គាត់មកឲ្យយើង តាមរយៈបូជាចារ្យ ជាមួយនឹងចៀមឈ្មោលមួយ ទុកជាថ្លៃលោះបានគាត់។ 9 តង្វាយរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ អ្វីដែលត្រូវញែកដោយឡែក ហើយត្រូវនាំទៅជូនបូជាចារ្យ ដោយប្រជាជនអ៊ីស្រាអែលផ្ទាល់នោះ នឹងត្រូវជាកម្មសិទ្ធិរបស់គាត់។ 10 តង្វាយរបស់មនុស្សគ្រប់រូបនឹងត្រូវជារបស់បូជាចារ្យ ប្រសិនបើ អ្នកណាម្នាក់ថ្វាយអ្វីមួយទៅឲ្យបូជាចារ្យ វានឹងក្លាយជាកម្មសិទ្ធិរបស់គាត់»។ 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 12 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថា៖ «ឧបមាថា ប្រពន្ធរបស់បុរសម្នាក់បានបែរចេញពីគាត់ ហើយធ្វើបាបទាស់នឹងប្តីរបស់នាង។ 13 ហើយ ឧបមាថា មានបុរសម្នាក់ទៀតមកគេងជាមួយនាង។ នៅក្នុងករណីនេះ នាងបានប្រព្រឹត្តអំពើសៅហ្មងហើយ។ ទោះបីជាប្តីរបស់នាងមិនបានឃើញ ឬមិនដឹងក៏ដោយ ឬទោះបើគ្មាននរណាចាប់បាននៅអំពើ និងគ្មាននរណាធ្វើបន្ទាល់ទាស់នាងក៏ដោយ។ 14 លើសពីនេះ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតមាននៅក្នុងប្តីរបស់នាងដែលប្រពន្ធបានប្រព្រឹត្តអំពើសៅហ្មង។ ប៉ុន្តែ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតឡើងដោយមិនត្រឹមត្រូវទៅលើបុរសម្នាក់ នៅពេលប្រពន្ធរបស់គាត់មិនបានប្រព្រឹត្តអំពើសៅហ្មងក្តី។ 15 នៅក្នុងករណីនេះ បុរសអាចនាំប្រពន្ធរបស់ខ្លួនទៅរកបូជាចារ្យ។ ប្តីត្រូវបានតង្វាយច្រូចសម្រាប់នាង។ គាត់ត្រូវនាំយក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ គាត់មិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបនៅលើវាឡើយ ព្រោះជាតង្វាយគ្រាប់ធញ្ញជាតិនៃ​ការ​ប្រច័ណ្ឌ និងតង្វាយគ្រាប់ធញ្ញជាតិសម្រាប់រំលឹកពីបាប។ 16 បូជាចារ្យត្រូវនាំនាងមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះអម្ចាស់។ 17 បូជាចារ្យត្រូវយកថូដែលមានទឹកបរិសុទ្ធ ហើយយកធូលីពីដែលនៅក្នុងព្រះពន្លាមក។ គាត់ត្រូវដាក់ដីនោះទៅក្នុងទឹក។ 18 បូជាចារ្យត្រូវឲ្យនាងនៅចំពោះព្រះអម្ចាស់ ហើយគាត់ត្រូវស្រាយចំណងសក់នៅលើក្បាលរបស់នាង។ គាត់ត្រូវដាក់ដៃរបស់នាងទៅលើតង្វាយគ្រាប់ធញ្ញជាតិនៃការរំលឹក គឺជាតង្វាយគ្រាប់ធញ្ញជាតិនៃការសង្ស័យ។ បូជាចារ្យត្រូវកាន់ទឹកដែលល្វីងនៅក្នុងដៃរបស់គាត់ដែលអាចនាំបណ្តាសា។ 19 បូជាចារ្យត្រូវឲ្យស្ត្រីនោះស្បថ ហើយត្រូវនិយាយទៅនាងថា៖ «ប្រសិនបើ បើនាងគ្មានទំនាក់ទំនងផ្លូវភេទជាមួយបុរសណាទេ ហើយប្រសិនបើ នាងមិនបានដើរផ្លូវខុស ហើយប្រព្រឹត្តអំពើមិនស្អាតស្អំទេ ដូច្នេះ នាងមានសេរីភាពពីទឹកល្វីងនេះ ដែលអាចនាំបណ្តាសាដល់នាងហើយ។ 20 ប៉ុន្តែ ប្រសិនបើ នាងនៅក្រោមអំណាចរបស់ប្តី ហើយប្រសិនបើ នាងបានប្រព្រឹត្តអំពើសៅហ្មង ហើយប្រសិនបើ នាងបានដេកជាមួយបុរសផ្សេង 21 ដូច្នេះ (បូជាចារ្យត្រូវឲ្យនាងស្បថ ហើយអាចនាំបណ្តាសាដល់នាង ហើយបន្ទាប់មក គាត់ត្រូវបន្តនិយាយជាមួយនាងទៀត) ព្រះអម្ចាស់នឹងធ្វើឲ្យនាងទទួលបណ្តាសា ហើយនឹងបង្ហាញដល់ប្រជាជនរបស់នាងបានដឹង។ ការនេះនឹងកើតឡើង ប្រសិនបើ ព្រះអម្ចាស់នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ 22 ទឹកនេះដែលនឹងនាំបណ្តាសានឹងចូលទៅក្នុងពោះរបស់នាង ធ្វើ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​រលួយ!»។ ហើយ​ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា៖ ចាស៎! សូមឲ្យការនោះបានកើតឡើងចុះ ប្រសិនបើ ខ្ញុំបានធ្វើខុសមែន។ 23 បូជាចារ្យត្រូវសរសេរបណ្តាសាទាំងនេះនៅលើក្រាំមួយ ហើយបន្ទាប់មក គាត់ត្រូវលាងសម្អាតបណ្តាសាដែលបានសរសេរដោយទឹកល្វីងនោះ។ 24 បូជាចារ្យត្រូវធ្វើទឹកល្វីងដែលនាំបណ្តាសាឲ្យស្រ្តីផឹក។ ទឹកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង ហើយត្រឡប់ទៅជាល្វីង។ 25 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិជាតង្វាយនៃការប្រច័ណ្ឌចេញពីដៃរបស់ស្រ្តីនោះ។ គាត់ត្រូវលើកតង្វាយធញ្ញជាតិឡើងនៅចំពោះព្រះអម្ចាស់ ហើយយកវាមកកន្លែងថ្វាយតង្វាយ។ 26 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិមួយក្ដាប់ តំណាងឲ្យតង្វាយនោះ ហើយដុតវានៅលើកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់ត្រូវប្រគល់ទឹកល្វីងឲ្យស្រ្តីនោះផឹក។ 27 នៅពេលគាត់ប្រគល់ទឹកឲ្យនាងផឹក ហើយប្រសិនបើ នាងសៅហ្មងដោយសារនាងបានធ្វើបាបទាស់នឹងប្តីរបស់នាង នោះដែកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង នឹងត្រឡប់ទៅជាល្វីង។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជា‌ជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ 28 ប៉ុន្តែ ប្រសិន​បើ ​នាង​មិនបាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មងទេ ហើយប្រសិនបើ នាងជាមនុស្សស្តាតស្អំ ដូច្នេះ នាងនឹងបានរួចខ្លួន។ ហើយ​នាង​នឹង​មាន​កូន​ចៅបាន។ 29 នេះគឺជាច្បាប់នៃការប្រច័ណ្ឌ។ វាគឺជាច្បាប់សម្រាប់ស្ត្រីដែលវង្វេងពីប្តីរបស់នាង ហើយបានប្រព្រឹត្តអំពើសៅហ្មង។ 30 វាគឺជាច្បាប់សម្រាប់បុរសដែលមានវិញ្ញាណនៃការប្រច័ណ្ឌ ពេលគាត់ប្រច័ណ្ឌជាមួយប្រពន្ធរបស់គាត់។ គាត់ត្រូវនាំស្រ្តីនោះមកចំពោះព្រះអម្ចាស់ ហើយបូជាចារ្យត្រូវធ្វើតាមសេចក្តីដែលបានរៀបរាប់នៅក្នុងច្បាប់នៃការប្រច័ណ្ឌនេះគ្រប់យ៉ាង។ 31 បុរសនឹងមានសេរីភាពពីកំហុសដោយសារនាំប្រពន្ធរបស់គាត់មកកាន់បូជាចារ្យ។ ស្រី្តត្រូវត្រូវទទួលកំហុសដែលនាងបានធ្វើ»។