ជំពូក ៤

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរធ្វើការរាប់ចំនួនប្រុសៗនៅក្នុងពូជពង្សរបស់លោកកេហាត់ ពីក្នុងចំណោមពួកលេវី តាមអំបូរ និងគ្រួសារដូនតារបស់ពួកគេ។ 3 ចូររាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ប្រុសៗទាំងនេះត្រូវចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 4 ពូជពង្សរបស់កេហាត់ត្រូវទទួលខុសត្រូវលើរបស់ដ៏បរិសុទ្ធបំផុតដែលបានបម្រុងទុកសម្រាប់យើងនៅក្នុងត្រសាលប្រជុំ។ 5 នៅពេលដែលជំរំរៀបនឹងចេញដំណើរទៅមុខទៀត លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចូលទៅក្នុងព្រះពន្លា ហើយយកវាំងននដែលបែងចែកទីបរិសុទ្ធបំផុតពីទីបរិសុទ្ធចុុះ ហើយគ្របហឹបនៃទីបន្ទាល់ជាមួយនឹងវាំងនននោះ។ 6 ពួកគេត្រូវគ្របហឹបជាមួយនឹងស្បែកផ្សោត។ ពួកគេត្រូវលាតក្រណាត់ពណ៌ខៀវពីលើវា។ ពួកគេត្រូវស៊កឈើស្នែងដើម្បីសែងវា។ 7 ពួកគេត្រូវគ្របក្រណាត់ពណ៌ខៀវនៅតុនំប៉័ងដែលនៅចំពោះព្រះអម្ចាស់។ ពួកគេត្រូវដាក់ចាន ស្លាបព្រា ចាន និងថូតសម្រាប់ចាក់។ 8 នំប៉័ងត្រូវតែរក្សានៅលើតុជានិច្ច។ ពួកគេត្រូវគ្រប់របស់ទាំងនោះដោយក្រណាត់ពណ៌ក្រហម ហើយនិងស្បែកផ្សោតពីលើមួយជាន់ទៀត។ ពួកគេត្រូវស៊កឈើស្នែងសម្រាប់សែងតុនោះ។ 9 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវ ហើយគ្របពីលើជើងចង្កៀង និងពីលើចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ។ 10 ពួកគេត្រូវដាក់ជើងចង្កៀង និងគ្រឿងបរិក្ខារទាំងអស់ទៅក្នុងស្បែកផ្សោត ហើយពួកគេត្រូវដាក់របស់ទាំងនោះប្រដាប់សម្រាប់សែង។ 11 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយមាស។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងដើម្បីសែងដែរ។ 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងអស់សម្រាប់បម្រើការនៅក្នុងទីបរិសុទ្ធ ហើយត្រូវបត់វាដាក់នៅក្នុងក្រណាត់ពណ៌ខៀវ។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយដាក់គ្រឿងបរិក្ខារទាំងអស់នោះនៅលើប្រដាប់សែង។ 13 ពួកគេត្រូវយកផេះចេញពីកន្លែងថ្វាយតង្វាយ ហើយយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយនោះ។ 14 ពួកគេត្រូវដាក់គ្រឿងបរិក្ខារទាំងអស់ដែលពួកគេប្រើសម្រាប់កិច្ចការនៅកន្លែងថ្វាយតង្វាយនោះនៅនៅលើប្រដាប់សែង។ របស់របរទាំងនោះគឺគឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់កន្លែងថ្វាយតង្វាយ។ ពួកគេត្រូវគ្របកន្លែងថ្វាយតង្វាយដោយ​ស្បែក​ផ្សោត​ ហើយត្រូវ​ស៊ក​ឈើស្នែង​សម្រាប់​សែងផង។ 15 ពេលលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគ្របរបស់នៅក្នុងទីបរិសុទ្ធ និងគ្រឿងបរិក្ខារអស់ហើយ ហើយពេលជំរំរើទៅមុខទៀត នោះពូជពង្សរបស់កេហាត់ត្រូវចូលមកសែងរបស់នៅក្នុងទីបរិសុទ្ធនោះ។ ប្រសិនបើ ពួកគេបានសម្ភារបរិសុទ្ធ ពួកគេត្រូវស្លាប់។ នេះគឺជាកិច្ចការរបស់ពូជពង្សលោកកេហាត់ គឺសែងគ្រឿងបរិក្ខារនៅក្នុងត្រសាលប្រជុំ។ 16 លោកអេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ លោក​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទីបរិសុទ្ធ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទីបរិសុទ្ធដែរ»។ 17 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖ 18 «កុំអនុញ្ញាតឲ្យកុលសម្ព័ន្ធនៃអំបូរកេហាត់រើចេញពីក្នុងចំណោមពួកលេវីឡើយ។ 19 ចូរការពារពួកគេ ធ្វើបែបនេះ នោះពួកគេនឹងបានរស់ មិនត្រូវស្លាប់ឡើយ។ ពេលពួកគេចូលមកក្នុងទីបរិសុទ្ធបំផុត 20 ពួកគេមិនត្រូវចូលទៅក្នុងហើយមើលទីបរិសុទ្ធឡើយ ដ្បិត នៅពេលណាគេមើល​ ពួកគេនឹងស្លាប់មិនខាន។ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចាត់តាំងពួកកេហាត់ឲ្យធ្វើការរបស់ពួកគេ នៅធ្វើការនៅក្នុងភារកិច្ចពិសេសរបស់ពួកគេ»។ 21 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 22 «ចូររាប់ពូជពង្សរបស់លោក​គើសូនផងដែរ តាមគ្រួសារដូតារបស់ពួកគេ តាមអំបូររបស់ពួកគេ។ 23 ចូររាប់អស់អ្នកដែលមានអាយុសាមសិន ទៅហាសិបឆ្នាំ។ ចូររាប់ចំនួនពួកគេដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំទាំងអស់។ 24 នេះគឺជាកិច្ចការអំបូររបស់​គើសូន ពេលពួកគេបម្រើ និងអ្វីដែលពួកគេសែង។ 25 ពួកគេត្រូវសែងវាំងននរបស់ព្រះពន្លា ត្រសាលប្រជុំ គម្របរបស់វា និងគម្របស្បែកផ្សោតដែលនៅលើវា ហើយនិងវាំងននសម្រាប់ច្រកចូលនៅក្នុងត្រសាលប្រជុំ។ 26 ពួកគេត្រូវសែងវាំងនននៃទីលានដែរ និងវាំងននសម្រាប់ច្រកចូលទ្វារទីលាន ដែលនៅជិតព្រះពន្លា និងជិតកន្លែងថ្វាយតង្វាយ ខ្សែចង និងគ្រឿងបរិក្ខារទាំងអស់សម្រាប់កិច្ចការបម្រើរបស់ពួកគេ។ អ្វីក្តីដែលត្រូវ​ធ្វើជាមួយនឹងការទាំងនេះ ពួកគេត្រូវធ្វើវា។ 27 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគឺជាអ្នកចង្អុលបង្ហាញកិច្ចការពូជពង្សរបស់លោកគើសូន និងអ្វីៗដែលត្រូវដឹកជញ្ជូន ព្រមទាំងកិច្ចការទាំងអស់ដែលពួកគេបម្រើ។ អ្នកត្រូវចាត់តាំងពួកគេសម្រាប់ទំនួលខុសត្រូវរបស់ពួកគេទាំងអស់។ 28 នេះគឺជាកិច្ចការបម្រើអំបូររបស់ពូជពង្ស​គើសូន សម្រាប់ត្រសាលនៃការជួបជុំ។ លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ត្រូវដឹកនាំពួកគេនៅកិច្ចការរបម្រើរបស់ពួកគេ។ 29 អ្នកត្រូវរាប់អំបូររបស់លោកម្រ៉ារី តាមអំបូររបស់ពួកគេ ហើយចាត់លំដាប់ពួកគេតាមគ្រួសារនៃដូនតារបស់ពួកគេ។ 30 ត្រូវរាប់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់អាយុហាសិបឆ្នាំ។ រាប់មនុស្សគ្រប់គ្នាដែលនឹងចូលរួម ហើយបម្រើនៅក្នុងត្រសាលប្រជុំ។ 31 នេះគឺជាទំនួលខុសត្រូវរបស់ពួកគេ និងកិច្ចការរបស់ពួកគេនៅក្នុងការបម្រើនៅត្រសាលប្រជុំ។ ពួកគេត្រូវមើលខុសត្រូវលើបន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើងទ្រ សសរ 32 និង​ជើង​ទ្រនៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​សែង។ 33 នេះគឺជាកិច្ចការបម្រើរបស់អំបូរនៃពូជពង្សលោកម្រ៉ារី និងអ្វីដែលពួកគេធ្វើសម្រាប់ត្រសាលប្រជុំនៅក្រោមការណែនាំរបស់លោកអ៊ីថា‌ម៉ារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន»។ 34 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំនៅក្នុងសហគមន៍បានរាប់ពូជពង្សរបស់កេហាត់តាមអំបូរនៃគ្រួសារដូនតារបស់ពួកគេ។ 35 ពួកគេបានរាប់អំបូរកេហាត់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដេលចូលរួមដើម្បីបម្រើនៅក្នុងត្រសាលប្រជុំ។ 36 ពួកគេរាប់បានប្រុសៗទាំងអស់មានចំនួន ២៧៥០ នាក់ តាមអំបូររបស់ពួកគេ។ 37 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់ និងគ្រួសារនៃកេហាត់ដែលបម្រើនៅក្នុងត្រសាលនៃការជួបជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ ឲ្យធ្វើតាមរយៈលោកម៉ូសេ។ 38 ពូជពង្សរបស់លោកគើសូនត្រូវបានរាប់តាមអំបូររបស់ពួកគេ តាមគ្រួសារដូនតារបស់ពួកគេដែរ។ 39 ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅរហូតដល់អាយុហាសិបឆ្នាំ គឺមនុស្សគ្រប់គ្នាដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 40 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូររបស់ពួកគេ និងតាមគ្រួសារដូនតារបស់ពួកគេ មានចំនួន ២៦៣០នាក់។ 41 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់អំបូរនៃពូជពង្សរបស់លោកគើសូន ដែលអាចបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។ 42 ពូជពង្សរបស់លោកម្រ៉ារីត្រូវបានរាប់តាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេដែរ។ 43 ចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ មនុស្សគ្រប់គ្នាដែលអាចចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 44 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេមានចំនួន ៣២០០ នាក់។ 45 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ នៅក្នុងពូជពង្សរបស់ម្រ៉ារី។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។ 46 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំរបស់អ៊ីស្រាអែលបានរាប់ពួកគេលេវីទាំងអស់តាមអំបូរ នៅក្នុងគ្រួសារនៃដូនតារបស់ពួកគេ។ 47 ចាប់ពីអាយុសាមសិបឆ្នាំដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដែលអាចធ្វើការនៅក្នុងព្រះពន្លាបាន និងអ្នកដែលអាចសែង និងមើលថែសម្ភារនៅក្នុងត្រសាលប្រជុំដែរ។ 48 ពួកគេរាប់បានប្រុសៗចំនួន ៨៥៨០នាក់។ 49 លោកម៉ូសេបានរាប់មនុស្សម្នាក់ៗ ហើយបន្តរាប់តាមប្រភេទនៃការងារដែលតែងតាំងឲ្យពួកគេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់។ គាត់បានរាប់មនុស្សម្នាក់ៗតាមប្រភេទនៃទំនួលខុសត្រូវដែលពួកគេអាចទទួលបាន។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យពួកគេធ្វើតាមរយៈលោកម៉ូសេ។