ជំពូក ៣

1 នេះគឺជាប្រវត្តិរបស់ពូជពង្សលោកអ៊ើរ៉ុន និងលោកម៉ូសេ ពេលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណាយ។ 2 ឈ្មោះរបស់កូនប្រុសៗរបស់លោកអ៊ើរ៉ុនគឺ លោកណាដាប់ ជា​កូន​ច្បង លោកអប៊ី‌ហ៊ូវ លោកអេឡាសារ និង​លោកអ៊ីថា‌ម៉ារ។ 3 ទាំងនេះ​គឺជា​ឈ្មោះ​កូន​ប្រុសៗ​របស់​លោក​អើរ៉ុន គឺជាអ្នកដែល​ត្រូវបាន​តែង‌តាំង​ឲ្យ​បម្រើក្នុង​មុខងារ​ជា​បូជា‌ចារ្យ។ ប៉ុន្តែ លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវបាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ក្នុង​ពេលដែល​អ្នក​ទាំងពីរ​យក​ភ្លើង​ដែលមិនអាចទទួលយកបានចូល​ទៅ​ថ្វាយដល់​ព្រះ‌អម្ចាស់ នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ។ 4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ​គ្មាន​កូន​ប្រុស​ទេ ដូច្នេះ មានតែលោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារទេ ដែលបម្រើក្នុងមុខងារ​ជា​បូជា‌ចារ្យ ជាមួយលោក​លោក​អើរ៉ុន ជា​ឪពុករបស់ពួកគេ។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរនាំកុលសម្ព័ន្ធលេវី ហើយឲ្យពួកគេឈរនៅចំពោះបូជាចារ្យអ៊ើរ៉ុន ដើម្បីឲ្យពួកគេបានជួយដល់គាត់។ 7 ពួកគេត្រូវមានភារកិច្ចជំនួសលោកអ៊ើរ៉ុន និងសហគមន៍ នៅខាងមុខត្រសាលប្រជុំ។ ពួកគេត្រូវបម្រើនៅក្នុងព្រះពន្លា។ 8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់នៅក្នុងត្រសាលប្រជុំ ហើយពួកគេត្រូវជួយកុលសម្ព័​ន្ធអ៊ីស្រាអែល ដើម្បីបំពេញមុខងារបម្រើនៅក្នុងព្រះពន្លា។ 9 អ្នកត្រូវប្រគល់ពួកលេវីទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ ដ្បិត យើងបានប្រគល់ពួកគេទាំងអស់ ឲ្យជួយលោកដើម្បីបម្រើជនជាតិអ៊ីស្រាអែល។ 10 អ្នកត្រូវតែងតាំងលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកឲ្យធ្វើជាបូជាចារ្យ ប៉ុន្តែ សម្រាប់ជនបរទេស ដែលចូលមកជិត ត្រូវសម្លាប់គេចោល»។ 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 12 «មើល៍ យើងបានញែកពួកលេវីចេញពីចំណោមប្រជាជនអ៊ីស្រាអែល។ យើងបានធ្វើការនេះ ជំនួសឲ្យយកកូនប្រុសច្បង ដែលកើតនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។ 13 កូនច្បងទាំងអស់ជារបស់យើង។ នៅថ្ងៃដែលយើងបានប្រហារកូនច្បងនៅក្នុងទឹកដីអេស៊ីប យើងបានញែកកូនច្បងរបស់អ៊ីស្រាអែលដោយឡែកសម្រាប់យើង ទាំងមនុស្ស ទាំងសត្វ។ ពួកគេជាកម្មសិទ្ធិរបស់យើង។ យើងគឺជាព្រះអម្ចាស់»។ 14 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ។ ព្រះអង្គមានបន្ទូលថា៖ 15 «ចូររាប់ពូជពង្សរបស់ពួកលេវីនៅតាមគ្រួសារនីមួយៗ នៅក្នុងផ្ទះរបស់ដូនតារបស់ពួកគេ។ ចូរជំរឿនប្រុសៗទាំងអស់ចាប់តាំងពីមួយខែឡើងទៅ»។ 16 លោកម៉ូសេបានរាប់ពួកគេ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចដែលព្រះអង្គបានបង្គាប់ឲ្យធ្វើ។ 17 ឈ្មោះកូនប្រុសៗរបស់ពួកលេវីមានលោកគើសូន លោកកេហាត់ និងលោក​ម៉្រារី។ 18 កូន​ប្រុសៗរបស់​លោក​គើសូន ​មាន​លោកលីបនី និង​លោកស៊ី‌ម៉ៃ។ 19 ​អំបូរដែលមកពីកូនប្រុសរបស់​លោក​កេហាត់ មាន​លោកអាំរ៉ាម លោកយីតសារ លោកហេប្រូន និងលោក​អ៊ូ‌ស៊ាល។ 20 អំបូរ​រ​ដែលមកពីកូនប្រុសរបស់លោកម៉្រារី​ មាន​លោកម៉ាលី និងលោក​មូស៊ី។ អ្នកទាំងនេះគឺជា​អំបូររបស់ពួកលេវី ដែលរាយនាមតាមអំបូរនីមួយៗ។ 21 អំបូររបស់លោកលីបនី និង​អំបូរលោកស៊ី‌ម៉ៃ មកពីលោក​គើសូន។ អ្នកទាំងនេះមកពី​អំបូរ​លោកគើសូន។ 22 ពួកប្រុសៗទាំងអស់ដែលមានអាយុមួយខែឡើងទៅមាន​ទាំង​អស់ ៧ ៥០០ នាក់។ 23 អំបូររបស់លោក​គើសូនត្រូវ​បោះ​ជំរំ​នៅ​ទិស​ខាង​លិចព្រះ‌ពន្លា ។ 24 លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែលត្រូវដឹកនាំអំបូរនៃពូជពង្សរបស់លោកគើសូន។ 25 គ្រួសាររបស់លោកគើសូន ត្រូវមើលខុសត្រូវនៅ​ក្នុង​ត្រសាលប្រជុំ បូករួមទាំងព្រះពន្លាផង។ ពួកគេត្រូវមើលថែព្រះពន្លា ​ក្រណាត់​បាំង​ពី​លើព្រះពន្លា និងវាំងនន​ដែលប្រើធ្វើជាច្រក​ចូល​ត្រសាលប្រជុំ។ 26 ពួកគេត្រូវមើលថែរនាំនៅ​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ ដែល​ស្ថិត​នៅ​ជុំ‌វិញ​ទីលាន ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំងកន្លែងថ្វាយតង្វាយផង។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​ខ្សែចងត្រសាលប្រជុំ និងរបស់​ទាំងអស់នៅក្នុង​នោះផង។ 27 អំបូរទាំងនេះមកពីលោក​កេហាត់ គឺអំបូររបស់លោក​អាំរ៉ាម អំបូររបស់លោក​យីតសារ អំបូររបស់​លោកហេប្រូន និង​អំបូររបស់​លោកអ៊ូ‌ស៊ាល។ អំបូរទាំងអស់នេះ មកពីអំបូរលោកកេហាត់។ 28 ប្រុសៗទាំងអស់មានចំនួន ៨ ៦០០ នាក់ គឺរាប់ចាប់ពីអាយុមួយខែឡើងទៅ ដើម្បីមើលថែរបស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 29 គ្រួសារដែលមកពីពូជពង្សរបស់លោកកេហាត់ ត្រូវបោះជំរំនៅប៉ែកខាងត្បូងនៃព្រះពន្លា។ 30 លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាលត្រូវធ្វើជាមេដឹកនាំអំបូររបស់លោកកេហាត់។ 31 ពួកគេត្រូវទទួល​ខុសត្រូវខាងហឹប​នៃ​សម្ពន្ធ‌មេត្រី តុ​ ជើង​ចង្កៀង កន្លែងថ្វាយតង្វាយ គ្រឿង​បរិក្ខារ​ដែលពួកគេប្រើប្រាស់នៅក្នុង​ទីបរិសុទ្ធ មានវាំងនន​ខាង​ក្នុង និង​របស់ផ្សេងៗ​ទៀត​ដែល​នៅ​ក្នុង​ទីបរិសុទ្ធ។ 32 លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុនត្រូវធ្វើជាមេដឹកនាំលើអស់អ្នកដែលដឹកនាំពួកលេវី។ គាត់នឹង​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខងារ​ក្នុង​ទីបរិសុទ្ធ។ 33 អំបូរពីដែលមកពីលោក​ម៉្រារី​គឺ​អំបូរ​លោកម៉ាស់‌លី និងលោក​អំបូរម៉ូស៊ី។ 34 អំបូរទាំងនេះមកពីលោកម្រ៉ារី។ ប្រុសៗទាំងអស់មានចំនួន៦ ២០០ នាក់ ដែលបានរាប់ចាប់តាំងពីអាយុមួយខែឡើងទៅ។ 35 លោក​ស៊ូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហែលត្រូវដឹកនាំអំបូររបស់លោកម្រ៉ារី។ ពួក​គេ​ត្រូវបោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។ 36 ពូជពង្សរបស់លោកម្រ៉ារីត្រូវទទួលខុសត្រូវលើស៊ុមរបស់ព្រះពន្លា រនុក សសរ ជើងទ្រ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ បូករួមទាំង 37 សសរ និងបង្គោលរបស់ទីលានដែលនៅជុំវិញព្រះពន្លា ជើង​សសរ ចម្រឹង និង​ខ្សែ​ចង​ដែរ។ 38 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងកូនប្រុសៗរបស់គាត់ ត្រូវបោះជំរំនៅប៉ែកខាងកើតនៃព្រះពន្លា នៅខាងមុខត្រសាលប្រជុំ ទល់មុខនឹងថ្ងៃរះ។​ ពួកគេត្រូវទទួលខុសត្រូវលើការបំពេញភារកិច្ចនៅក្នុងទីបរិសុទ្ធ និងទទួលខុសត្រូវលើអ៊ីស្រាអែល។ ជនបរទេសណាដែលចូលមកក្នុងទីបរិសុទ្ធត្រូវសម្លាប់ចោល។ 39 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់ប្រុសៗទាំងអស់នៅក្នុងអំបូររបស់លោកលេវី ចាប់តាំងពីអាយុមួយខែឡើងទៅ ដូចដែលព្រះអម្ចាស់បានបង្គាប់។ ពួកគេរាប់បានប្រុសៗចំនួន ២២ ០០០ នាក់។ 40 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេឲ្យ «ជំរឿនកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដែលមានអាយុចាប់តាំងពីមួយខែឡើងទៅ។ ធ្វើបញ្ជីឈ្មោះរបស់ពួកគេ។ 41 អ្នកត្រូវនាំពួកគេលេវីមកឲ្យយើង ជំនួសកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ និងហ្វូងសត្វរបស់ពួកលេវីដែរ ជំនួសឲ្យហ្វូងសត្វរបស់ពូជពង្សអ៊ីស្រាអែលដែរ យើងជាព្រះអម្ចាស់»។ 42 លោកម៉ូសេបានរាប់កូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ។ 43 លោកបានរាប់កូនប្រុសច្បងទាំងអស់តាមឈ្មោះ និងអាយុចាប់ពីមួយខែឡើងទៅ។ លោករាប់បានទាំងអស់ចំនួន ២២ ២៧៣​នាក់។ 44 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 45 «ចូរយកពួកលេវីជំនួស កូនច្បងដែលនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយត្រូវយកហ្វូងសត្វរបស់ពួកលេវីជំនួសហ្វូងសត្វរបស់ប្រជាជនដែរ។ ពួកលេវីជាកម្មសិទ្ធិរបស់យើង យើងគឺជាព្រះអម្ចាស់។ 46 អ្នកត្រូវប្រមូលប្រាក់ប្រាំសេកែល សម្រាប់ជាលោះកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលដែលមានចំនួន ២៧៣នាក់ ដែលបានលើសចំនួនរបស់ពួកលេវី។ 47 អ្នកត្រូវប្រើប្រាក់សេកែលនៅក្នុងទីបរិសុទ្ធ តាមរង្វាល់របស់អ្នក។ ប្រាក់សេកែលមានតម្លៃស្មើម្ភៃកេរ៉ា។ 48 អ្នកត្រូវបង់ថ្លៃលោះដែលអ្នកត្រូវបង់សម្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក»។ 49 ដូច្នេះ លោកម៉ូសេបានប្រមូលប្រាក់បង់សម្រាប់លោះពីអស់អ្នកដែលើសពីចំនួននៃពួកលេវី។ 50 លោកម៉ូសេបានប្រមូលប្រាក់ពីកូនច្បងរបស់ប្រជាជនអ៊ីស្រាអែល។ លោកប្រមូលបានប្រាក់ចំនួន ១៣៦៥ សេកែល តាមទម្ងន់សេកែលនៅក្នុងទីបរិសុទ្ធ។ លោកម៉ូសេប្រគល់ប្រាក់លោះទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ 51 លោកម៉ូសេបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ ហើយបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោក។