ជំពូក ២
1
ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
2
«ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវបោះជំរំនៅជុំវិញទង់ជ័យរៀងខ្លួន នៅក្បែរទង់ជ័យផ្ទះឪពុករបស់ពួកគេ។ ពួកគេនឹងបោះជំរំនៅជុំវិញត្រសាលប្រជុំនៅគ្រប់ជ្រុង។
3
អស់អ្នកដែលបោះជំរំនៅខាងកើតត្រសាលប្រជុំ ជាកន្លែងថ្ងៃរះ គឺជាកុលសម្ព័ន្ធរបស់លោកយូដា ហើយពួកគេបោះជំរំតាមអង្គភាពរបស់ពួកគេ។ លោកណាសូន ជាកូនរបស់លោកអមីណាដាប់ គឺជាមេដឹកនាំរបស់កុលសម្ព័ន្ធលោកយូដា។
4
ចំនួនប្រជាជនរបស់យូដាមានចំនួន ៧៤ ៦០០ នាក់។
5
កុលសម្ព័ន្ធរបស់លោកអ៊ីសាខារបានបោះជំរំនៅជិតកុលសម្ព័ន្ធលោកយូដា។ លោកនេថានេល ជាកូនរបស់លោកស៊ូហារគឺជាមេដឹកនាំទាហានរបស់លោកអ៊ីសាខារ។
6
អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៤ ៤០០ នាក់។
7
កុលសម្ព័ន្ធរបស់លោកសាប់យូឡូនត្រូវ បោះជំរំនៅជិតលោកអ៊ីសាខារ។ លោកអេលាប ជាកូនរបស់លោកហេឡូន គឺជាមេដឹកនាំទាហានរបស់លោកសាប់យូឡូន។
8
អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៧ ៤០០ នាក់។
9
ចំនួនប្រជាជនដែលនៅក្នុងជំរំរបស់លោកយូដាទាំងអស់មានចំនួន ១៨៦៤០០ នាក់។ ពួកគេនឹងចេញដំណើរមុនគេ។
10
នៅប៉ែកខាងត្បូងត្រូវតែជាជំរំរបស់លោករូបេននៅក្រោមទង់ជ័យរបស់ពួកគេ។ មេដឹកនាំជំរំរបស់លោករូបេនគឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអើរ។
11
អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៤៦៥០០ នាក់។
12
លោកស៊ីម្មានបោះជំរំនៅជិតលោករូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកស៊ីម្មានគឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ។
13
អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៩ ៣០០ នាក់។
14
កុលសម្ព័ន្ធរបស់កាដនៅបន្ទាប់នោះ។ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺលោកអេលីសាប ជាកូនរបស់លោកដេហ៊ូអែល។
15
អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៤៥ ៦៥០ នាក់។
16
ចំនួនរបស់អ្នកដែលបានរាប់នៅក្នុងជំរំរបស់លោករូបេន សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេនឹងចេញដំណើរជាអង្គភាពទីពីរ។
17
បន្ទាប់មក ត្រសាលប្រជុំត្រូវចេញពីជំរំជាមួយពួកលេវី គឺនៅចំកណ្តាលនៃជំរំទាំងអស់។ ពួកគេត្រូវចេញពីជំរំតាមលំដាប់ ដូចដែលពួកគេបោះជំរំដែរ។ បុរសគ្រប់រូបត្រូវនៅក្នុងកន្លែងរបស់ខ្លួន និងទង់ជ័យរបស់ខ្លួនដែរ។
18
អង្គភាពនៃជំរំរបស់អេប្រាអ៊ីមនៅក្រោមទងជ័យរបស់ពួកគេ។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអេលីសាម៉ា ត្រូវជាកូនរបស់លោកអាំមីហ៊ូដ។
19
អង្គភាពរបស់គាត់មានចំនួន ៤០ ៥០០ នាក់។
20
បន្ទាប់ពី ពួកគេគឺកុលសម្ព័ន្ធម៉ាណាសេ។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកម៉ាណាសេគឺលោកកាម៉ាលាល ត្រូវជាកូនរបស់លោកផ្តាស៊ើរ។
21
អង្គភាពរបស់គាត់មានចំនួន ៣២ ២០០ នាក់។
22
បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកបេនយ៉ាមីនគឺលោកអប៊ីដាន ត្រូវជាកូនរបស់លោកគីដាហូនី។
23
អង្គភាពរបស់គាត់មានចំនួន ៣៥ ៤០០ នាក់។
24
អង្គភាពទាំងអស់ដែលបានរាប់នៅក្នុងជំរំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន ១០៨១០០។ ពួកគេចេញដំណើរជាអង្គភាពទីបី។
25
នៅប៉ែកខាងជើងជាជំរំអង្គភាពកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺលោកអហ៊ីយេស៊ើរ ត្រូវជាកូនរបស់លោកអាំមីសាដាយ។
26
អង្គភាពរបស់គាត់មានចំនួន ៦២ ៧០០ នាក់។
27
នៅកុលសម្ព័ន្ធអេស៊ើរបោះជំរំនៅជិតកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺលោកប៉ាគីហ៊ាល ត្រូវជាកូនរបស់លោកអូក្រាន។
28
អង្គភាពរបស់គាត់មានចំនួន ៤១ ៥០០ នាក់។
29
កុលសម្ព័ន្ធណែបថាលីនៅបន្ទាប់។ មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺលោកអហ៊ីរ៉ា ត្រូវជាកូនរបស់លោកអេណាន។
30
អង្គភាពរបស់គាត់មានចំនួន ៥៣ ៤០០ នាក់។
31
អង្គភាពដែលនៅក្រោមទង់ជ័យរបស់ដាន់ទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅក្រោយគេបង្អស់ តាមទង់របស់ពួកគេ»។
32
អ្នកទាំងនេះគឺជាជនជាតិអ៊ីស្រាអែល រាប់តាមចំនួននៃគ្រួសាររបស់ពួកគេ។ គឺរាប់អស់អ្នកដែលនៅក្នុងជំរំរបស់ពួកគេ តាមអង្គភាពរបស់ពួកគេមានចំនួន ៦០៣៥៥០។
33
ប៉ុន្តែ លោកម៉ូសេ និងលោកអ៊ើរ៉ុនមិនបានរាប់ពួកលេវីដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ការនេះធ្វើតាម ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
34
ប្រជាជនអ៊ីស្រាអែលធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ពួកគេបានបោះជំរំតាមទង់ជ័យរបស់ពួកគេ។ ពួកគេចេញពីជំរំតាមអំបូររបស់ពួកគេ ទៅតាមគ្រួសារដូនតារបស់ពួកគេ។