ជំពូក ៣១

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរ​សងសឹក​ចំពោះ​ជនជាតិ​ម៉ាឌាន សម្រាប់អ្វី​ដែល​​ពួកគេ​បាន​ធ្វើ​ចំពោះ​ជនជាតិអ៊ីស្រាអែលដែរ។ បន្ទាប់ពីធ្វើការនេះរួចហើយ អ្នក​នឹង​ស្លាប់ ហើយ​នឹង​បាន​ទៅជួបជុំ​បងប្អូន​របស់អ្នក។ 3 ដូច្នេះ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​ប្រុសៗ​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធសម្រាប់ធ្វើសង្គ្រាម ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សម្រេចការសង‌សឹក​របស់​ព្រះ‌អម្ចាស់លើពួកគេ។ 4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់ទៅ​ធ្វើ​សង្គ្រាម»។ 5 ដូច្នេះ ពួកប្រុសៗជនជាតិ​អ៊ីស្រាអែល​ដែល​​ជ្រើស​រើស​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុងមួយកុលសម្ព័ន្ធមួយពាន់នាក់ សម្រាប់ធ្វើសង្គ្រាមនោះ គឺមាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។ 6 បន្ទាប់មក លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង គឺមួយ​ពាន់នាក់ពី​កុលសម្ព័ន្ធនីមួយៗ ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​​បូជា‌ចារ្យអេឡាសារ និង​របស់ខ្លះពី​កន្លែងបរិសុទ្ធ ព្រម​ទាំង​​ត្រែរបស់គាត់​សម្រាប់​ផ្លុំ​ជាសញ្ញាទៅ​ជា​មួយ​ដែរ។ 7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដូចដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេសម្លាប់​ប្រុសៗ​ទាំង​អស់របស់ជនជាតិម៉ាឌាន 8 ហើយ​ក៏​បាន​សម្លាប់ស្ដេច​ម៉ាឌាន​ទាំង​អស់ គឺ​ព្រះបាទ​អេវី ព្រះបាទ​រេគេម ព្រះបាទ​ស៊ើរ ព្រះបាទ​ហើរ និង​ព្រះបាទ​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​​ដាវ​ដែរ។ 9 កងទ័ពអ៊ីស្រាអែល​បាន​ចាប់ស្ដ្រីជនជាតិ​ម៉ាឌា​ន​ និងងកូនៗ​របស់​គេ​មក​ជា​ឈ្លើយ ព្រមទាំង​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់ពួកគេ​ដែរ។ ពួក​គេ​បាន​យក​របស់ទាំងនោះ​ទុកជយភណ្ឌ។ 10 ពួក​អ៊ីស្រាអែល​ក៏​បាន​ដុត​ទីក្រុង និងជំរំទាំងអស់របស់ពួក​គេ ដែល​ពួក​គេ​កំពុងរស់នៅចោល​ផងដែរ។ 11 ពួកគេបានប្រមូលយកជយភណ្ឌទាំងអស់ និងអ្នកទោស ទាំងមនុស្សទាំងសត្វមក។ 12 បន្ទាប់មក ពួកគេបានយកអ្នកទោស ជយភណ្ឌ និងអ្វីៗទាំអស់ដែលពួកគេចាប់យកបានទៅឲ្យលោកម៉ូសេ និងបូជា‌ចារ្យអេឡាសារ ព្រម​ទាំងសហគមន៍កូនចៅអ៊ីស្រា‌អែលទាំងមូល។ ពួកគេបាននាំជយភណ្ឌទាំងនេះទៅកាន់ជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 13 លោកម៉ូសេ បូជា‌ចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ 14 ប៉ុន្ដែលោកម៉ូសេខឹងនឹងពួកមេ‌ទ័ព ពួកមេបញ្ជាការកង‌ពាន់ និងពួកមេបញ្ជាការកង‌រយ ដែលត្រលប់មកពីច្បាំងនោះ។ 15 លោកបានសួរទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? 16 មើល៍! ស្ត្រីទាំងនេះហើយដែលធ្វើតាមដំបូន្មានរបស់លោកបាឡាម នាំឲ្យកូនចៅអ៊ីស្រា‌អែលធ្វើបាបទាស់នឹងព្រះ‌អម្ចាស់ អំពីហេតុការណ៍នៅក្រុងពេអរ ក្នុងពេលដែលគ្រោះកាចកើតឡើងនៅក្នុងសហគមន៍របស់ព្រះ‌អម្ចាស់នោះ។ 17 ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗចោលភ្លាម។ 18 ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្មេងៗដែលមិនធ្លាប់រួមដំណេកជាមួយបុរសណាសោះ សម្រាប់អ្នករាល់គ្នា។ 19 អ្នករាល់គ្នាត្រូវបោះជំរំនៅខាងក្រៅជំរំកូនចៅអ៊ីស្រាអែលរយៈពេលប្រាំ‌ពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះ‌ពាល់សាក‌សព ត្រូវធ្វើពិធីជម្រះខ្លួនរបស់អ្នកនៅថ្ងៃទីបី និងថ្ងៃទីប្រាំ‌ពីរ គឺទាំងអ្នករាល់គ្នា ទាំងអ្នកទោស។ 20 ត្រូវធ្វើពិធីជម្រះសម្លៀក‌បំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែកសត្វ និងពីរោមពពែ ព្រមទាំងអ្វីៗទាំងអស់ដែលធ្វើពីឈើដែរ»។ 21 បូជា‌ចារ្យ​អេឡាសារបាន​មានប្រសាសន៍ទៅពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ថា៖ «នេះ​ជា​​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ។ 22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ 23 និងវត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​​ដាក់វា​ដុត​នៅ​ក្នុង​ភ្លើង នោះ វា​នឹង​បាន​ស្អាត។ អ្នក​​រាល់គ្នាត្រូវ​​សម្អាតវត្ថុទាំងនោះជាមួយ​ទឹក​​សម្រាប់ធ្វើ​ពិធីសម្អាត។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត អ្នករាល់គ្នា​ត្រូវ​លាង​នៅ​ក្នុង​ទឹក។ 24 ត្រូវបោក​សម្អាត​​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំរបស់កូនចៅ​អ៊ីស្រាអែល​វិញបាន»។ 25 បន្ទាប់មក​ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 26 «ចូរ​អ្នករាប់​​ជយ‌ភណ្ឌ​ដែល​រឹប​អូស​បាន​ ​ទាំង​​មនុស្ស និង​សត្វ។ ទាំង​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ ត្រូវ​បែង​ចែក​ជយ‌ភណ្ឌ​នេះជាពីរ​ចំណែក 27 គឺ​ត្រូវ​បែងចែក​រវាងទាហាន​ដែល​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូលដែលមិន​បាន​ចេញទៅច្បាំង។ 28 ត្រូ​​វ​ដក​ពន្ធពីចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែកសម្រាប់យើង។ ពន្ធ​នេះ​គឺ​ក្នុង​ចំណោម​ប្រាំ​រយ​ ត្រូវ​ញែក​ទុកមួយ ទាំងមនុស្ស ​ហ្វូង​គោ ហ្វូង​លា ​ហ្វូង​ចៀម ឬហ្វូង​ពពែ។ 29 ត្រូវ​យក​ចំណែក​ពន្ធ​ពី​​ពួកអ្នក​ដែល​ចេញ​ទៅ​ច្បាំងនេះ ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយសម្រាប់ថ្វាយដល់យើង។ 30 រីឯ​ជយ‌ភណ្ឌពាក់កណ្ដាល​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប គឺ​ពី​ចំនួន​មនុស្ស ​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​ពីហ្វូង​ពពែ។ ចូរ​ប្រគល់​ចំណែក​ទាំងនេះ​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះពន្លា​របស់​ព្រះ‌អម្ចាស់»។ 31 ដូច្នេះ លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ធ្វើដូច​​ដែល​ព្រះ‌អម្ចាស់​បានបង្គាប់​មក​លោក​ម៉ូសេ។ 32 ជយ‌ភណ្ឌ​ដែល​សល់ពី​កង‌ទ័ព​រឹប​អូស​យក​បានមាន ​ចៀម​ចំនួន ៦៧៥, ០០០ ក្បាល 33 គោចំនួន ៧២.០០០​ក្បាល 34 លា​ចំនួន ៦១,០០០ ក្បាល 35 និង​ស្ត្រី​ដែលមិន​ធ្លាប់រួម​ដំណេក​ជាមួយ​បុរសសោះចំនួន ៣២,០០០​នាក់។ 36 ជយភណ្ឌពាក់កណ្ដាលដែលទុកសម្រាប់ពួក​​ទាហានមាន ចៀមចំនួន ៣៣៧,៥០០ ក្បាល។ 37 ក្នុង​ចំនួន​នេះ ចំណែក​របសស់ព្រះអម្ចាស់មានចៀមចំនួន ៦៧៥ ​ក្បាល។ 38 គោចំនួន ៣៦,០០០ ក្បាល ក្នុង​គោចំនួន​នេះ ៧២​ក្បាលជាពន្ធ​របស់​ព្រះ‌អម្ចាស់។ 39 សត្វលាចំនួន ៣០,៥០០ ក្បាល ក្នុង​ចំនួន​នេះ សត្វលា៦១​ក្បាល​ជារបស់​ព្រះ‌អម្ចាស់។ 40 ​មនុស្សស្រីចំនួន ១៦,០០០ នាក់ ក្នុង​ចំនួន​នេះ ៣២ នាក់ពន្ធរបស់​ព្រះ‌អម្ចាស់។ 41 លោក​ម៉ូសេបាន​យកពន្ធដែល​សម្រាប់ថ្វាយ​ដល់ព្រះអម្ចាស់ ​ប្រគល់​ទៅ​បូជា‌ចារ្យ​អេឡាសារ ដូចដែល​ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 42 រីឯ​ជយ‌ភណ្ឌ​ចំនួន​ពាក់​កណ្ដាល​របស់ប្រជា‌ជន​អ៊ីស្រា‌អែល ដែលលោក​ម៉ូសេ​បានយក​ពីពួក​ទាហានដែលចេញទៅច្បាំង 43 ​​ចំណែក ពាក់កណ្ដាល​​របស់​សហគមន៍ គឺ​មានចៀមចំនួន ៣៣៧,៥០០ ក្បាល 44 សត្វគោចំនួន៣៦,០០០ ក្បាល 45 សត្វលាចំនួន ៣០,៥០០ ក្បាល 46 និង​មនុស្ស្រ​​ស្រី​​ ១៦,០០០ នាក់។ 47 ពី​ចំនួន​ពាក់​កណ្ដាល​នៃចំណែក​របស់ប្រជា‌ជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប។ គាត់បាន​ប្រគល់ពួក​គេ​ឲ្​ទៅ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅក្នុងព្រះពន្លារបស់​ព្រះ‌អម្ចាស់ ដូច​​ដែល​ព្រះអម្ចាស់បង្គាប់​គាត់ឲ្យធ្វើ។ 48 ពួក​មេ‌ទ័ព មេ​បញ្ជា​ការ​កង‌​ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ។ 49 ពួកគេបាន​និយាយ​ទៅ​លោក​ថា៖ «អ្នក​បម្រើ​របស់លោក​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។ 50 យើង​ខ្ញុំ​បាន​យកតង្វាយរបស់​ព្រះអម្ចាស់មក ជាអ្វីដែល​ពួកទាហាន​ម្នាក់ៗ​យកមកបាន គឺ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀនត្រា ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​លោះ​​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះអម្ចាស់»។ 51 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ ក៏​ទទួល​យកមាស និង​​​គ្រឿង​អលង្ការ​ដែល​ធ្វើដោយដៃ​ទាំងអស់​ពី​ពួក​គេ។ 52 មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង‌ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ ១៦,៧៥០ សេកែល។ 53 រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​យក​ជយ‌ភណ្ឌ​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ 54 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ។ ពួកលោក​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ត្រសាល​ប្រជុំទុក​ជា​ទី​រំឭក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះអង្គ។