ជំពូក ២៨

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មកលោក​ម៉ូសេ​ថា៖ 2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែលថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ដល់យើង​តាម​ពេល​ដែល​​បានកំណត់ គឺតង្វាយម្ហូបអាហារ​​ដែល​ធ្វើ​ដោយ​ភ្លើង​ ដើម្បី​ធ្វើ​ឲ្យ​​មាន​ក្លិន​ឈ្ងុយដល់យើង។ 3 ហើយអ្នក​ក៏ត្រូវ​ប្រាប់ពួក​គេ​ដែរ​ថា៖​ នេះជា​តង្វាយ​​ធ្វើ​ដោយ​ភ្លើង​ដែល​អ្នករាល់គ្នាត្រូវយក​មក​ថ្វាយ​ដល់ព្រះអម្ចាស់ គឺ​កូន​ចៀម​ឈ្មោលពីរ​ដែល​មាន​អាយុ​មួយ​ខួប ឥតមាន​ខ្ចោះ មក​ថ្វាយ​ជាតង្វាយ​ដុត​ជា​ប្រចាំ។ 4 ត្រូវ​ថ្វាយ​ចៀមមួយ​នៅពេលព្រឹក ហើយ​ចៀមមួយ​ទៀតត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច។ 5 ហើយ​អ្នករាល់គ្នាក៏​ត្រូវ​យក​ម្សៅ​ម៉ដ្ដល្អ​​បី​គីឡូ​ក្រាមជា​តង្វាយ​គ្រប់ធញ្ញជាតិ លាយ​ជា​មួយ​ប្រេង​មួយលីត្រកន្លះមក​ថ្វាយ​ផងដែរ។ 6 នេះ​ជា​តង្វាយ​ដុត​​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ ដែល​បាន​បង្គាប់មកលោក​ម៉ូសេនៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ធ្វើ​ដោយភ្លើងថ្វាយ​ដល់ព្រអម្ចាស់ ដើម្បី​ធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយ​។ 7 រីឯតង្វាយច្រូច​ដែល​ត្រូវ​ធ្វើជា​មួយ​នោះ គឺត្រូវ​យក​ស្រា​មួយ​លីត្រកន្លះមក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ អ្នក​ត្រូវ​តង្វាយ​ច្រូច‌ ពី​​ស្រា​ខ្លាំង​នៅ​ក្នុង​ទីសក្ការៈថ្វាយ​ដល់ព្រះអម្ចាស់។ 8 ​ត្រូវ​ថ្វាយ​ចៀម​មួយ​ទៀត​​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយគ្រាប់ធញ្ញជាតិ ដូចជាថ្វាយ​នៅ​ពេល​ព្រឹក​ដែរ។ ហើយអ្នកក៏​ត្រូវថ្វាយ​តង្វាយ​ច្រូចជាមួយដែរ គឺជាតថ្វាយ​ដោយ​ភ្លើង ដើម្បី​ធ្វើឲ្យ​មាន​ក្លិនឈ្ងុយ​សម្រាប់ព្រះ‌អម្ចាស់»។ 9 នៅ​ថ្ងៃ​សប្ប័ទអ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោលអាយុ​មួយ​ឆ្នាំ​ចំនួន​ពីរ​ ​ឥត​មាន​ខ្ចោះ ​ជា​មួយ​ម្សៅ​ម៉ដ្ដល្អប្រាំមួយគីឡូក្រាម ជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​ប្រេង និង​តង្វាយ​ច្រួច។ 10 នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយរៀង​រាល់​ថ្ងៃ​សប្ប័ទ បន្ថែមពីលើតង្វាយ​ដុត និងតង្វាយ​ច្រូចដែល​ថ្វាយ​ប្រចាំ​ថ្ងៃ»។ 11 «នៅ​រៀងរាល់​​ដើម​ខែ អ្នកត្រូវ​​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះអម្ចាស់។ គឺអ្នក​ត្រូវ​ថ្វាយកូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​​ប្រាំពីរ ឥត​មានខ្ចោះ​ អាយុ​មួយ​ឆ្នាំ 12 ហើយ​អ្នក​ក៏​ត្រូវ​ថ្វាយ​ម្សៅ​​ម៉ដ្ដ​ល្អប្រាំបួនគីឡូក្រាម ទុក​ជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​​ប្រេង សម្រាប់​គោ​ឈ្មោលមួយ ហើយ​ម្សៅ​​ម៉ដ្តល្អ​ប្រាំមួយគីឡូក្រាម ទុកជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​​ប្រេង សម្រាប់កូន​ចៀម​ឈ្មោល​មួយ។ 13 ហើយ​អ្នក​ក៏​ត្រូវ​ថ្វាយម្សៅ​ម៉ដ្ដល្អបីគីឡូក្រាម លាយ​ដោយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​សម្រាប់​កូន​ចៀម​ឈ្មោលមួយ។ នេះ​ជា​តង្វាយ​ដុត ដើម្បី​ធ្វើឲ្យ​មាន​​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌អម្ចាស់។ 14 តង្វាយ​ច្រូច​របស់ប្រជាជន ត្រូវ​ជាស្រា​បីលីត្រកន្លះសម្រាប់គោឈ្មោលមួយ និង​​ស្រាបី​​លីត្រ​សម្រាប់ចៀម​ឈ្មោលមួយ ហើយ​ស្រា​ពីរ​លីត្រ​សម្រាប់កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​រាល់​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។​ 15 ហើយត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀតដល់ព្រះអម្ចាស់ ទុកជាតង្វាយ​រំដោះ​បាប ​​ សម្រាប់ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​ច្រូចផង។ 16 នៅ​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លងរបស់​ព្រះ‌អម្ចាស់។ ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​​បុណ្យ។ 17 អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ក្នុង​រយៈពេល​ប្រាំ‌ពីរ​ថ្ងៃ។ 18 នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំបរិសុទ្ធដើម្បី​ថ្វាយ‌​កិត្តិយសដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ 19 អ្នករាល់គ្នាត្រូវ​ថ្វាយ​យញ្ញ​បូជាធ្វើ​ដោយភ្លើងដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​ប្រាំពីរ ​អាយុ​មួយឆ្នាំ​ ​ឥត​មាន​ខ្ចោះ។​ 20 អ្នកក៏ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិ គឺ​ជា​ម្សៅ​ង​ម៉ដ្ត​ល្អប្រាំបួន​គីឡូវក្រាម លាយ​ដោយ​ប្រេង សម្រាប់​គោ​ឈ្មោលមួយ ហើយ​ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល​មួយ 21 និងបីគីឡូក្រាម ​សម្រាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​ប្រាំពីរ​នោះ 22 ហើយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 23 អ្នករាល់គ្នា​ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។ 24 អ្នក​ត្រូវ​ថ្វាយយញ្ញបូរជាទាំងនេះ​រៀង​រាល់​ថ្ងៃ រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ នៃបុណ្យ​ចម្លង គឺ​តង្វាយម្ហូបអាហារ​ដែលធ្វើ​ដោយ​ភ្លើង ដើម្បីបាន​ជា​ក្លិនឈ្ងុយដល់ព្រះអម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​​ច្រូច​ជា​មួយផង។ 25 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​ជាបរិសុទ្ធដើម្បី​ថ្វាយ​កិត្តិ​យស​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ»។ 26 ​ហើយថ្ងៃប្រមូល​ផល​ដំបូង នៅ​ពេល​​អ្នក​រាល់​គ្នាថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិដល់​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​បុណ្យប្រចាំសប្ដាហ៍របស់អ្នករាល់គ្នា គឺអ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធដើម្បី​ថ្វាយ​កិត្តិយស​ដល់ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វីឡើយ។ 27 អ្នករាល់គ្នា​ត្រូវថ្វាយតង្វាយ​ដុត​ ដើម្បីធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយសម្រាប់ព្រះអម្ចាស់។ អ្នករាល់គ្នា​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយឆ្នាំ​ចំនួន​ប្រាំ‌ពីរ 28 ហើយ​​ត្រូវ​ថ្វាយតង្វាយ​គ្រាប់ធញ្ញជាតិជា​មួយដែរ គឺ​ម៉្សៅម៉ដ្ដល្អ លាយជាមួយប្រេង។ ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាម លាយជាមួយប្រេងសម្រាប់គោឈ្មោលមួយ និង​ប្រាំមួយគីឡូក្រាមសម្រាប់ចៀមឈ្មោលមួយ។ 29 ត្រូវថ្វាយ​ម៉្សៅម៉ដ្ដល្អ​បីគីឡូក្រាម លាយ​ជាមួយប្រងសម្រាប់កូន​​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 30 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 31 នៅពេល​អ្នក​រាល់គ្នា​ថ្វាយ​សត្វ​ដែល​ឥតមានខ្ចោះ​ទាំងនេះ ជាមួយ​នឹង​​តង្វាយច្រូចរបស់ពួកគេ នោះគឺជា​តង្វាយ​​ថែមពីលើ ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ​»។