ជំពូក ២៧

1 ពេល​នោះ ពួកកូន​ស្រី​របស់​លោក​ស្លូផិ‌ហាតនាំគ្នា​ចូល​មកជួបលោកម៉ូសេ។ លោក​ស្លូផិ‌ហាតជាកូនប្រុសរបស់​លោក​ហេភើរ លោក​ហេភើរជាកូនប្រុសរបស់​លោក​កាឡាដ លោក​កាឡាដជាកូនប្រុសរបស់លោក​ម៉ាកៀរ លោក​ម៉ាកៀរជា​កូនប្រុស​របស់លោក​ម៉ាណា‌សេ ក្នុង​អំបូរម៉ាណាសេ​ដែល​ត្រូវ​ជា​កូនប្រុស​របស់​លោក​យ៉ូសែប។ ទាំង​នេះជា​ឈ្មោះរបស់កូនស្រី​គាត់ គឺនាងម័សឡា នាងណូហា នាងហុកឡា នាមីលកា និង​នាងធើសា។ 2 ពួក​នាង​ចូល​មកឈរនៅចំពោះ​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​នៅចំពោះសហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ត្រសាល​​ប្រជុំ។ ពួក​នាង​ពោល​ថា៖ 3 «ឪពុករបស់​យើង​ខ្ញុំ​បានស្លាប់ នៅ​ទី​​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេដែល​ងើប​​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​មិនមាន​កូន​ប្រុស​ទេ។ 4 ហេតុអ្វី​បានជាឈ្មោះរបស់ឳពុកយើងខ្ញុំត្រូវដកចេញពីចំណោមសមាជិកនៃអំបូររបស់គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​មែនទេ? ហេតុ​នេះ សូម​ប្រគល់​​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ 5 ដូច្នេះ លោក​ម៉ូសេបាន​នាំ​ករណី​​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។ 6 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 7 «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ អ្នកត្រូវ​ប្រគល់​ដី​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាងទុក​ជា​មរតកផង ហើយ​អ្នក​ត្រូ​វ​ប្រាកដថា​ មរតក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​ប្រគល់ឲ្យពួក​នាង។ 8 អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «ប្រសិន​បើ​ បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ត្រូវ​ប្រគល់​មរតក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ 9 ប្រសិន​បើ​ គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​មរតក​ទៅ​ឲ្យ​បងប្អូន​របស់​គាត់។ 10 ប្រសិន​បើ​ គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​មរតក​ឲ្យ​ទៅ​បងប្អូន​ឪពុក​គាត់។ 11 ប្រសិន​បើ​ ឪពុក​របស់​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​មរតក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មរតកនេះ។ សេចក្តីនេះ​ ត្រូវ​ទុកជា​ច្បាប់បញ្ញត្តិសម្រាប់កូនចៅអ៊ីស្រាអែល ដូច​​ដែល​ព្រះ‌អម្ចាស់​បានបង្គាប់​មក​​ខ្ញុំ»។ 12 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​កូនចៅអ៊ីស្រា‌អែល។ 13 បន្ទាប់ពី អ្នក​មើល​ឃើញ​ស្រុក​នេះហើយ អ្នកនឹង​ត្រូវ​ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ។ 14 ការនេះ​ព្រោះ​តែ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​យើងនៅទី​រហោស្ថានស៊ីន។​ នៅទីនោះ ពេល​ដែល​មាន​ទឹកចេញ​ពីថ្មមមក ដោយសារ​តែ​អ្នក​ខឹង អ្នកមិន​បាន​លើកយើង​ជាបរិសុុទ្ធនៅ​ចំពោះ​ភ្នែក​កូន​ចៅ​អ៊ីស្រាអែលឡើយ»។ គឺជា​ទឹកមេរីបា ​នៅ​ស្រុកកាដេស ក្នុងទី​រហោ‌ស្ថាន​ស៊ីន។ 15 លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ 16 «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​វិញ្ញណ​របស់​មនុស្ស​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​​ផង។ 17 គឺ​ជាអ្នកដែលនឹង​​ចេញ​ទៅ ហើយ​មកវិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួក​គេ​ចេញទៅ ហើយ​​នាំ​ពួក​គេត្រឡប់មក​​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អង្គប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ 18 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​វិញ្ញាណរបស់យើង​នៅ​​ជា​មួយ​មក ហើយ​ដាក់​ដៃ​របស់អ្នកលើ​គាត់។ 19 ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​នៅ​ចំពោះមុខ​សហគមន៍​ទាំង​មូល ហើយបង្គាប់​គាត់ នៅ​ចំពោះ​ភ្នែករបស់​ពួក​គេ។ 20 ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ដើម្បីឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូលស្ដាប់បង្គាប់គាត់។ 21 គាត់​នឹង​ទៅ​​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ដើម្បីឲ្យលោក​​អេឡាសារបាន​ស្វែង​រក​បំណង​ព្រះឫទ័យ​របស់យើងសម្រាប់គាត់ តាមរយៈ​ការ​សម្រេច​ចិត្ត​របស់​យូរីម។ គឺ​តាម​បង្គាប់របស់គាត់ប្រជាជន​នឹង​ចេញទៅ​ ហើយ​ត្រឡប់មកវិញ ទាំង​យ៉ូស្វេ និង​​កូនចៅ​អ៊ីស្រា‌អែល​ទាំង​អស់ដែល​​នៅជា​មួយ​គាត់ គឺ​សហគមន៍​ទាំង​មូល»។ 22 ដូច្នេះ លោក​ម៉ូសេ​ក៏ធ្វើ​តាមដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​គាត់។ គាត់បាន​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ 23 គាត់បានដាក់ដៃ​លើ​លោក​យ៉ូស្វេ ហើយបង្គាប់ទៅលោកយ៉ូស្វេ ដូចដែល​​​ព្រះ‌អម្ចាស់​បានបង្គាប់គាត់ឲ្យ​ធ្វើ។