ជំពូក ២១

1 នៅ​ពេល​ដែលព្រះបាទ​អើរ៉ាត ជាស្ដេចជនជាតិ​កាណានដែល​រស់​នៅ​តំបន់ណេកិប បាន​​ឮ​ថាជនជតិ​​អ៊ីស្រាអែល​កំពុង​តែ​ធ្វើដំណើរ​តាមផ្លូវ​ស្រុកអថា‌រីម ស្ដេចក៏ចេញមក​ច្បាំង​​នឹងអ៊ីស្រាអែល ហើយ​បាន​ចាប់ពួក​គេ​ខ្លះជា​ឈ្លើយ។ 2 ពួកអ៊ីស្រាអែល​បាន​ស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិន​បើ​ ព្រះអង្គ​ប្រទានឲ្យពួក​យើង​មាន​ជ័យ​ជម្នះលើជនជាតិនេះ នោះ​ពួកយើង​នឹង​បំផ្លាញ​ក្រុងទាំង​ប៉ុន្មានរបស់ពួកគេ​ឲ្យខ្ទេច»។ 3 ព្រះអម្ចាស់បាន​ស្តាប់តាមពាក្យ​របស់អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះលើ​ជនជាតិ​កាណាន។ ពួកអ៊ីស្រាអែល​បាន​បំផ្លាញពួក​គេ និង​ទីក្រុងទាំង​ឡាយ​របស់ពួកគេអស់។ 4 ពួក​អ៊ីស្រាអែល​បាន​ធ្វើដំណើរពីភ្នំហោរតាមផ្លូវ​​ទៅសមុទ្រ​កក់ដើម្បី​វាង​ស្រុកអេដុម ប៉ុន្ដែ នៅ​តាម​ផ្លូវប្រជាជន​បាក់ទឹកចិត្តជា​ខ្លាំង។ 5 ពេល​នោះប្រជាជន​ក៏​និយាយ​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​លោក​ម៉ូសេដោយ​ពោលថា៖ «ហេតុអ្វីបាន​ជាអ្នកនាំ​ពួកយើង​ចេញមកពី​​ស្រុកអេស៊ីបឲ្យ​ស្លាប់​នៅ​ទី​រហោស្ថានដូច្នេះ? នៅទី​នេះគ្មាន​នំប៉័ង គ្មានទឹក ហើយ​ពួក​យើង​ធុញ​នឹង​អាហារដ៏គម្រក់នេះ​​ណាស់»។ 6 នោះ ព្រះអម្ចាស់បាន​បញ្ជូន​ពស់ពិស​មក​ក្នុង​ចំណោម​ប្រជាជន។ ពស់បានចឹកប្រជាជន​ ហើយ​ប្រជាជន​ជា​ច្រើននាក់បានស្លាប់។ 7 ប្រជាជនបានមកជួប​លោកម៉ូសេ​ហើយ​និយាយថា៖​ «ពួក​យើង​បានធ្វើបាប ពីព្រោះពួកយើង​បាន​និយាយ​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​​លោក។ សូម​លោក​អធិស្ឋាន​ដល់ព្រះអម្ចាស់ សូមព្រះអង្គ​យក​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​​ពួកយើង​ទៅ»។ ដូូច្នេះ​ លោក​ម៉ូសេក៏​បាន​អធិស្ឋាន​សម្រាប់ប្រជាជន។ 8 ព្រះអម្ចាស់បាន​មានបន្ទូលមក​លោកម៉ូសេថា៖ «ចូរធ្វើពស់មួយ ហើយ​ដាក់នៅ​លើ​បង្គោល។ អស់អ្នកណា​ដែល​ត្រូវពស់ចឹក បានមកមើល​ពស់នោះ គេ​នឹង​មិន​ស្លាប់ទេ»។ 9 ដូច្នេះ​ លោក​​ម៉ូសេ​បាន​ធ្វើ​ពស់ពីពី​​លង្ហិន ហើយ​​យក​វា​ទៅ​ដាក់នៅ​លើ​បង្គោលមួយ។ នៅពេល​ពស់ចឹក​​នរណាម្នាក់ ប្រសិនបើ គេ​បាន​សម្លឹងមើលពស់លង្ហិននោះ គេ​មិនស្លាប់ឡើយ។ 10 កូនចៅអ៊ីស្រាអែលក៏​បាន​បន្តធ្វើដំណើរទៀត ហើយ​បាន​ទៅ​បោះ​ជំរំនៅអូបូត។ 11 ពួក​គេ​បាន​ធ្វើ​ដំណើរ​ពី​ទីនោះ​ទៅ​បោះ​ជំរំ​នៅអី​យេអាបារីមក្នុងទីរហោរស្ថាន ដែល​ជាប់ព្រំប្រទល់ខាងកើត​ស្រុក​ម៉ូអាប់។ 12 ហើយ​ពួក​គេបានធ្វើ​ដំណើរ​ចេញពីទីនោះ ទៅបោះជំរំ​នៅ​ជ្រលលង​ភ្នំ​សេរេឌ។ 13 បន្ទាប់មក ពួក​គេបាន​ធ្វើ​ដំណើ​រចេញពី​​ទីនោះទៀត ទៅ​បោះជំរំ​​នៅ​ត្រើយ​ម្ខាង​ស្ទឹង​​អើ‌ណូន ជាស្ទឹងដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាមទី​រហោ‌ស្ថាន។ ស្ទឹង​អើ​​ណូន​បង្កើ​ត​​បានជា​ព្រំប្រទល់​របស់ស្រុក​ម៉ូអាប់ គឺ​ជា​ព្រំប្រទល់រវាងស្រុកម៉ូអាប់ និង​ស្រុក​អាម៉ូរី។ 14 ហេតុ​នេះ​ហើយបានជា​មាន​និយាយ​នៅក្នុង​សៀវភៅ​សង្គ្រាម​​របស់ព្រះអម្ចាស់ពី៖ «ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​ជ្រលងភ្នំ​​អើ‌ណូន 15 ព្រមទាំង​ជម្រាលភ្នំ​​ដែល​លជ្រាល​ទៅក្រុង​អើរ ហើយ​ចុះទៅ​រហូត​ដល់​ព្រំប្រទល់ស្រុក​ម៉ូូអាប់»។ 16 ពួក​គេ​បា​នធ្វើ​ដំណើរ​ចេញពី​ទី​នោះ ទៅបោះ​ជំរំ​នៅប្អៀរ គឺ​ត្រង់អណ្ដូង​​ទឹក​ដែល​ព្រះអម្ចាស់បាន​មាន​បន្ទូល​ទៅ​លោក​​ម៉ូសេថា៖ «ចូរ​ប្រមូល​កូន​ចៅអ៊ីស្រាអែល​មក យើង​នឹង​ឲ្យ​ទឹក​ពួក​គេ​ផឹក»។ 17 បន្ទាប់មក​ ពួក​កូន​ចៅ​អ៊ីីស្រាអែល​បាន​ច្រៀង​ចម្រៀងថា៖ 18 «អណ្ដូង​អើយ! ចូរ​ផុស​ទឹក​ចេញមក! ចូរ​យើង​ច្រៀង​អំពីអណ្ដូងនោះ។ ជា​អណ្ដូង​ដែល​អ្នក​ដឹកនាំ​របស់​យើង​បាន​ជីក ជា​អណ្ដូង​​ដែលពួក​អ្នក​ត្រកូលខ្ពស់បាន​ជីក ដោយដំបងរាជ និង​ដំបងរបស់ពួក​គេ»។ បន្ទាប់មក​ ពួកគេ​បាន​ធ្វើ​ដំណើរពីទី​រហោស្ថាន​ទៅ​ដល់ម៉ាថាណា។ 19 ពី​​ម៉ាណាថា ពួក​គេ​បាន​ធ្វើ​ដំណើរទៅដល់ណា​ហា‌​លាល ពី​ណាហា‌លាល​ទៅ​បាម៉ុត 20 ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់។ ទីនោះ​គឺជា​​កំពូល​​ភ្នំ​​ពី​ស្កា ដែល​មើលទៅ​ឃើញ​ទីរហោ‌ស្ថាន។ 21 បន្ទាប់មក​ ជនជាតិ​អ៊ីស្រា​អែលបានបានចាត់អ្នក​​នាំសារ​ទៅ​ព្រះបាទស៊ីហុនស្ដេចជនជាតិ​អាម៉ូរី ឲ្យទូលស្ដេចថា៖ 22 «សូម​​អនុញ្ញាត​ឲ្យយើងខ្ញុំដើរ​ឆ្លងកាត់ស្រុក​របស់​​ព្រះ​អង្គផង។ ពួក​យើងនឹងមិន​ងាក​មើល​ស្រែ​ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពី​អណ្ដូងរបស់ព្រះ​​អង្គដែរ គឺពួកយើងនឹងដើរតាម​ផ្លូវធំរបស់​ស្ដេច​ រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុក​របស់​​ព្រះ​​អង្គ។ ​ 23 ប៉ុន្តែព្រះបាទស៊ីហុនមិន​​អនុញ្ញាតឲ្យជនជាតិ​អ៊ីស្រា​អែលដើរឆ្លងកាត់ព្រំស្រុករបស់​​ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់​ព្រះ​អង្គ​ទៅ​វាយប្រហារជនជាតិ​អ៊ីស្រា​អែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំង​នឹង​ជនជាតិ​​អ៊ីស្រាអែលនៅត្រង់យ៉ាហាស់។ 24 ជនជាតិអ៊ីស្រា​អែលបានវាយប្រហារកងទ័ពរបស់​​ព្រះបាទ​ស៊ីហុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេ​ចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមក​ដល់ស្រុករបស់ជនជាតិ​អាំម៉ូន រីឯព្រំប្រទល់របស់​ជនជាតិអាំម៉ូន មានកំពែងរឹងមាំណាស់។ 25 ដូច្នេះ ជនជតិអ៊ីស្រា​អែលវាយយក​បានទីក្រុងទាំងអស់របស់​ជនជាតិ​អាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិ​ទាំងអស់របស់​ក្រុងនោះផង។ 26 ក្រុងហែសបូន គឺជាទីក្រុងរបស់ព្រះបាទ​​ស៊ីហុន ជាស្ដេចរបស់​ជនជាតិ​អាម៉ូរី ដែលបានច្បាំងនឹង​​ស្ដេចមុន​របស់​ជនជាតិម៉ូ​អាប់។ ព្រះបាទស៊ីហុន បានវាយដណ្ដើមយកទឹកដីរបស់​ស្ដេចនោះរហូតដល់ស្ទឹង​អើណូន។ 27 ហេតុនេះហើយបានជាមានពួកអ្នក​​សរសេរកកំណាព្យបានសរសេរថា៖ «ចូរមក​ក្រុងហែសបូន! ចូរសង់ទីក្រុង​របស់​​ព្រះបាទស៊ីហុនឡើងវិញ ចូរ​សង់ទីក្រុង​នេះម្ដងទៀត! 28 បន្ទាប់ពីមានភ្លើងឆេះពីក្រុង​ហែសបូន ​អណ្ដាតភ្លើងពីទីក្រុងរបស់ព្រះបាទ​ស៊ីហុនដែលឆេះបំផ្លាញ​ក្រុង​អើរ​របស់​​ស្រុកម៉ូ​អាប់ និងម្ចាស់នៃទីខ្ពស់​ៗរបស់ស្ទឹងអើណូន។ 29 ជនជាតិ​ម៉ូអាប់អើយ! អ្នកវេទនាហើយ! ប្រជាជន​របស់ព្រះ​កេម៉ូស​អើយ! អ្នក​វិនាស​ហើយ។ ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូនប្រុសរបស់ខ្លួន​រត់ភៀស​ខ្លួន ហើយ​កូនស្រី​របស់​ខ្លួនត្រូ​វ​ក្លាយជាអ្នកទោសរបស់ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជនជាតិអាម៉ូរី។ 30 ប៉ុន្តែ​ ពួក​យើង​មាន​ជ័យ​ជម្នះ​លើ​ព្រះបាទស៊ីហុន។ ក្រុង​ហែសបូន​ត្រូវ​វិនាស​រហូត​ដល់ឌីបូន​។ យើង​បាន​កម្ទេច​ពួក​គេ​រហូត​ដល់ណូផា គឺ​​រហូត​ដល់មេឌី​បា»។ 31 ដូច្នេះ​ ជនជាតិ​អ៊ីស្រាអែល​បាន​រស់​នៅក្នុង​ស្រុក​របស់​ជនជាតិ​អាម៉ូរី។ 32 បន្ទាប់មក លោក​ម៉ូសេ​បាន​ចាត់មនុស្ស​ឲ្យទៅ​អង្កេតមើល​ក្រុងយ៉ាស៊ើរ។ ពួកគេបាន​ចាប់​យក​ភូមិទាំងឡាយ​របស់ក្រុង​នោះ​ ហើយ​ក៏​បាន​បណ្ដេញ​​ជនជាតិ​អាម៉ូរី​ចេញ​ពីទីនោះដែរ។ 33 បន្ទាប់មក​ ពួគ​គេ​បាន​ត្រឡប់មក​​វិញ​ ហើយ​បាន​ធ្វើ​ដំណើរ​ឡើងទៅ​ស្រុកបាសាន។ ព្រះបាទអុក ជា​ស្ដេច​នស្រុកបាសាន បានលើក​ទ័​ព​​ចេញ​មក​ច្បាំង​នឹងពូកគេនៅអេទ្រី។ 34 ពេលនោះ​ព្រះអម្ចាស់បាន​មាន​បន្ទូល​មកលោក​ម៉ូសេ​ថា៖ «កុំខ្លាច​គេឡើយ! ដ្បិត យើង​បាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ​លើ​ស្ដេចនេះ​ហើយ ហើយ​ក៏ប្រគល់​កងទ័ពទាំងអស់របស់​គេ និងស្រុក​របស់​គេឲ្យអ្នក​ដែរ។ ចូរប្រព្រឹត្តចំពោះ​គេ​ ដូច​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទស៊ីហុន ស្ដេច​របស់ជនជាតិអាម៉ូរី​នៅ​ក្រុង​ហែសបូន​ដែរ។ 35 ដូចេ្នះ ​ពួក​គេ​បាន​សម្លាប់ស្ដេចនោះ និងកូន​ៗរបស់ស្ដេច ព្រមទាំង​កងទ័ព​របស់​ស្ដេច​ទាំង​អស់ចោល គឺ​​គ្មាន​នរ​ម្នាក់នៅ​រស់ឡើយ។ ហើយ​​ជនជាតិ​​អ៊ីស្រាអែល​បាន​ចាប់យក​ស្រុកនោះ។