ជំពូក ២០

1 ដូច្នេះ សហគមន៍កូនចៅ​អ៊ីស្រា​​អែលទាំងមូលបានធ្វើដំណើរទៅទីរហោស្ថានស៊ីននៅ​ខែទីមួយ ហើយពួកគេបានស្នាក់នៅត្រង់កាដែស កន្លែងដែល​លោកស្រីម៉ារាមស្លាប់ ហើយគេ​បាន​បញ្ចុះសពនៅទីនោះ។ 2 ពេលនោះ មិន​មានទឹកសម្រាប់ សហគមន៍ប្រើប្រាស់ទេ ដូច្នេះ​ ពួក​គេ​ក៏បាន​ប្រមូល​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ​ និង​លោក​អើរ៉ុន។ 3 ប្រជាជននាំ​គ្នា​រអ៊ូរ​​ប្រឆាំងនឹង​លោក​ម៉ូ​សេ​​ ដោយ​ពោល​ថា៖ «ប្រសិន​បើ​ យើង​ខ្ញុំ​ស្លាប់​ជា​មួយ​បងប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង! 4 ហេុតអ្វី​បានជាពួកលោក​​នាំ​សហគមន៍ រ​បស់​ព្រះអម្ចាស់មក​ក្នុង​ទី​រហោស្ថាន ដើម្បី​ឲ្យ​​ស្លាប់នៅទី​នេះ​ ជា​មួយ​នឹង​ហ្វូង​សត្វរបស់​ពួកយើង​ដូច្នេះ? 5 ហេុតអ្វី​បាន​ជា​ពួកលោក​ធ្វើ​ឲ្យ​ពួក​យើង​ចាក​ចេញពី​ស្រុកអេស៊ីប ដើម្បីនាំពួកយើង​មកកាន់ទឹក​ដី​ដ៏អាក្រក់បែបនេះ? ដ្បិត នៅទីនេះ​គ្មាន​គ្រាប់ពូជ គ្មានដើមល្វា គ្មាន​ដើមទំពាំង​បាយជូរ​ និង​ដើមទទឹម ហើយ​ក៏​គ្មាន​ទឹក​ផឹក​ដែរ»។ 6 លោកម៉ូសេ​ និង​លោក​អើរ៉ុនបាន​ចេញទៅ​ឆ្ងាយពី​មុខ​ក្រុមជំនុំ។ ពួកលោក​​បាន​ទៅ​ឯ​មាត់ទ្វារ​ចូលត្រសាល​ប្រជុំ ហើយ​ក៏​ឱនមុ​ខចុះ។ នៅ​ពេល​នោះ​ សិរីរុង​រឿង​​របស់ព្រះ​អម្ចាស់​បាន​លេច​មកមក​ឲ្យ​ពួកលោក​ឃើញ។ 7 ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ​ និង​លោក​អើរ៉ុន​ថា៖ 8 «ចូរយកដំបង​មក ហើយ​ប្រមូល​សហគមន៍ឲ្យ​ជួបជុំគ្នា ទាំងអ្នក​ នឹងអើរ៉ុន​បងប្រុស​របស់អ្នកដែរ។ ហើយ​ចូរ​និយាយទៅថ្មនៅ​ចំពោះ​ភ្នែក​គេ ហើយ​បង្គាប់​ថ្មឲ្យ​មាន​ទឹកហូរ​ចេញមក។ អ្នកនឹង​ធ្វើឲ្យ​មាន​ទឹក​ចេញពីថ្មនោះ​សម្រាប់ពួក​គេ ហើយ​អ្នក​ត្រូវ​ឲ្យទឹក​នោះ​ទៅ​សហគមន៍ និង​ហ្វូង​សត្វ​របស់គេ​ផឹក»។ 9 ពេល​នោះ​ លោក​ម៉ូសេ​បាន​យក​ដំបង​ពី​ចំពោះ​ព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់​បង្គាប់គាត់ឲ្យ​ធ្វើ។ 10 បន្ទាប់មក​ លោក​ម៉ូសេ និង​លោក​អើរ៉ុន បានប្រមូល​សហគមន៍ទាំងអស់មក​ជួបជុំគ្នានៅពីមុខ​ថ្មនោះ។ លោក​ម៉ូសេ​បានមានប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ឥឡូវនេះសូមស្ដាប់ខ្ញុំ ពួក​បះបោរអើយ! តើ​យើង​ត្រូវ​យក​ទឹកចេញពី​ថ្មី​នេះ​សម្រាប់​អ្នក​រាល់គ្នាឬ?» 11 រួច​លោក​ម៉ូសេ​បា​នលើកដំបង​វាយ​ថ្មនោះ​ពី​រ​ដង នោះ​ក៏​មាន​ទឹក​ជា​ច្រើន​ហូរ​ចេញ​ពី​ថ្មមក។ សហគមន៍បានផឹក​ទឹក​នោះ ហើយ​ហ្វូង​សត្វរបស់ពួក​គេ​ក៏ផឹកដែរ។ 12 បន្ទាប់មក ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ និង​លោក​អើរ៉ុនថា៖ «ពីព្រោះអ្នក​មិនបានទុក​ចិត្ត​យើង និង​មិន​បាន​លើកយើង​ជាបរិសុុទ្ធនៅ​ចំពោះ​ភ្នែក​កូន​ចៅ​អ៊ីស្រាអែល ពួកអ្នក​នឹង​មិន​បាននាំក្រុមជំនុំនេះ​ចូល​ទៅក្នុង​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យអ្នកឡើយ។ 13 កន្លែង​នេះ​ត្រូវ​បាន​គេ​ហៅថា ទឹកមេរីបា ដ្បិត​កូនចៅអ៊ីស្រា​អែល​បាន​តវ៉ា​​ជាមួយ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ជាបរិសុទ្ធនៅ​ចំពោះ​ពួកគេ​។ 14 លោក​ម៉ូសេ​បាន​បញ្ជូន​អ្នក​នាំសារ​ពី​កាដែស​ឲ្យ​ទៅជួប​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​​ស្ដេច​ថា៖ «កូនចៅអ៊ីស្រាអែល​ ជាបងប្អូន​របស់​ព្រះអង្គបាននិយាយបែប​នេះថា 15 ព្រះអង្គ​ជ្រាប​គ្រប់ទាំង​ការ​លំបាក​បាន​កើត​ឡើង​ចំពោះ​ពួកយើង ហើយ​ព្រះអង្គ​ក៏​ដឹងដែរថា ដូន​តា​​របស់​យើង​បាន​ចុះ​​ទៅ​ស្រុកអេស៊ីប និង​បាន​រស់​នៅ​ទី​នោះ​យ៉ាង​យូរ​។ នៅទីនោះ​ជន​ជាតិ​អេស៊ីបបាន​ប្រព្រឹត្តយ៉ាងសាហាវចំពោះ​ពួកយើង និង​ដូន​តារបស់​យើង​។ 16 នៅ​ពេល​ដែល​ពួក​យើង​បាន​អំពាវ​នាវ​រក​ព្រះអម្ចាស់ ព្រះអង្គបាន​ឮសម្លេង​របស់​យើង​ ហើយ​ព្រះអង្គបាន​ចាត់ទេវតានាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីបមក។ មើល៍! ឥឡូវនេះ ពួក​យើង​នៅ​កាដែស ជា​ក្រុង​នៅជាប់​នឹង​ព្រំប្រទល់ស្រុករបស់ព្រះអង្គ។ 17 យើង​ខ្ញុំសូមព្រះអង្គអនុញ្ញាតឲ្យយើង​ខ្ញុំ​ដើរ​ឆ្លង​កាត់ស្រុក​របស់​ព្រះអង្គផង។ ពួក​​យើង​នឹង​មិន​ដើរ​ឆ្លង​កាត់ស្រែ​ ឬចម្ការ​ទំពាំង​បាយជូរទេ ហើយ​​ក៏មិន​ផឹកទឹកពីអណ្ដូងរបស់ព្រះអង្គ​ដែរ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ធំរបស់​ស្ដេច​ ហើយ​ក៏នឹង​មិន​ងាក​ទៅឆ្វេង ឬ​ទៅស្ដាំឡើយ រហូតទាល់តែ​ពួក​យើង​ឆ្លងផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ»។ 18 ប៉ុន្ដែ ស្ដេច​ស្រុកអេដុមបាន​តបថា៖ «ពួក​អ្នក​មិនអាច​ដើរ​ឆ្លងកាត់ស្រុកនេះបានទេ បើ​អ្នករាល់គ្នា​នៅតែដើរឆ្លងកាត់ យើងនឹង​មក​វាយ​ប្រហារ​អ្នកដោយ​ដាវ​ជាមិនខាន»។​ 19 នោះ​កូនចៅអ៊ីស្រាអែល​បានទូល​ស្ដេចទៀតថា៖ «ពួកយើង​គ្រាន់តែ​ដើរតាមផ្លូវធំទេ ប្រសិន​បើ ពួកយើង ឬ​ហ្វូងសត្វរបស់ពួកយើងផឹកទឹករបស់ព្រះអង្គ នោះពួកយើង​នឹង​ចេញថ្លៃសង។ សូម​គ្រាន់តែ​អនុញ្ញាតឲ្យ​​ពួកយើង​ដើរ​ឆ្លង​កាត់​ដោយ​ថ្មើរជើង​តែប៉ុណ្ណោះ គឺពួកយើង​មិ​​ន​ធ្វើអ្វី​ផ្សេងឡើយ»។​ 20 ប៉ុន្ដែ​ ស្ដេច​ស្រុកអេដុម​បាន​តប​ទៀតថា៖ «ពួក​អ្នក​មិនអាច​ដើរ​ឆ្លងកាត់ស្រុកនេះបានទេ»។ នោះ​ស្ដេច​ស្រុកអេ​ដុម​បាន​លើកទ័ព​ជាច្រើន និង​អាវុធគ្រប់ដៃចេញទៅទាស់នឹង​​​ពួក​អ៊ីស្រាអែល​។ 21 ស្ដេច​ស្រុកអេដុមបាន​បដិសេធមិន​ឲ្យពួកអ៊ីស្រាអែល​ឆ្លងកាត់​ស្រុក​របស់​ខ្លួនទេ​។ ដោយ​ព្រោះ​ហេតុនេះ ពួក​អ៊ីស្រាអែលបាន​ចាកចេញពី​ស្រុកអេ​ដុម។ 22 ដូច្នេះ ​ប្រជាជនអ៊ីស្រាអែល​​បាន​ធ្វើ​ដំណើរ​ចាក​ចាញ​ពី​កាដែស។ កូនចៅ​អ៊ីស្រាអែល គឺសហគមន៍ទាំងមូល បាន​ទៅដល់ភ្នំ​​ហោរ។ 23 ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកលោកម៉ូសេ និង​លោក​អើរ៉ុននៅ​ភ្នំ​ហោរជាប់ព្រំប្រទល់ស្រុកអេដុមថា៖ 24 «លោកអើរ៉ុនត្រូវ​ទៅជួបជុំ​នឹង​ដូន​តា​របស់​គាត់ហើយ ដ្បិត​ គាត់មិន​អាច​ចូលទៅក្នុង​ស្រុក​ដែលយើង​បានប្រគល់​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ទេ។ នេះ​ព្រោះតែ​អ្នកទាំងពីរ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជារបស់យើងនៅ​ត្រង់ទឹកមេរីបា។ 25 ចូរនាំលោក​អើរ៉ុន​ និង​លោកអេលាសារកូនប្រុសរបស់គាត់ឡើងមក​ភ្នំហោរ។ 26 ចូរដោះសម្លៀក​បំពាក់បូជាចារ្យពីខ្លួន​លោកអើរ៉ុន​ ហើយពាក់ឲ្យ​លោកអេលាសារកូន​ប្រុស​របស់គាត់ ដ្បិត​ លោកអើរ៉ុន​ត្រូវ​ស្លាប់​ទៅ​ជួបជុំ​ជាមួយ​បងប្អូន​របស់គាត់នៅទីនោះ»។ 27 លោក​ម៉ូសេបាន​ធ្វើ​ដូច​​ដែល​ព្រះអម្ចាស់បង្គាប់គាត់។ ពួក​​គេ​បាន​ឡើង​ទៅភ្នំហោរនៅ​ចំពោះមុខ​សហគមន៍​ទាំងមូល។ 28 លោក​ម៉ូសេបាន​ដោះ​សម្លៀក​បំពាក់បូជាចារ្យពី​លោកអើរ៉ុន ហើយ​ពាក់ឲ្យ​លោកអេលាសារ​​កូន​ប្រុសរបស់លោកអើរ៉ុន។ លោក​អើរ៉ុន​បានស្លាប់នៅ​លើ​កំពូល​ភ្នំហោរនោះ។ បន្ទាប់មក​លោក​​ម៉ូសេ និង​លោក​​អេលាសា​​បាន​ចុះពីលើភ្នំមក​វិញ។ 29 នៅពេល​សហគមន៍ទាំងមូល​បាន​ឃើញថា លោក​អើរ៉ុន​ស្លាប់ ប្រជាជនទាំងអស់​បាន​នាំ​គ្នា​​យំកាន់ទុក្ខ​សម្រាប់គាត់រយៈពេល​សាមសិបថ្ងៃ។