ជំពូក ១៩

1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា​៖ 2 «នេះ​គឺ​ជា​បញ្ញត្តិ ជាច្បាប់ដែល​យើង​បង្គាប់អ្នក​រាល់គ្នា៖ ចូរ​ប្រាប់ទៅ​កូនចៅអ៊ីស្រាអែលថា ពួកគេ​ត្រូវយក​​​គោញីពណ៌ក្រហមមួយ​ក្បាល​ដែលគ្មាន​ស្លាកស្នាម និងឥតមានខ្ចោះ ហើយ​មិនធ្លាប់ទឹមសោះមក។ 3 រួចត្រូវ​ប្រគល់គោញី​នោះ​ឲ្យទៅបូជាចារ្យ​អេឡាសារ។ គាត់ត្រូវ​យកវា​ទៅក្រៅជំរំ ហើយ​ឲ្យ​នរណាម្នាក់​សម្លាប់គោនោះ​នៅ​ចំណោះមុខគាត់។ 4 បូជាចារ្យអេឡាសារត្រូវ​យក​ម្រាមដៃ​គាត់ជ្រលក់ឈាមក្នុងគោនោះ​ ហើយ​ប្រោះ​ឈាមវា​ប្រាំពីរ​ដង​ទៅមុខ​ត្រសាលប្រជុំ។ 5 បន្ទាប់មក បូជាចារ្យម្នាក់ទៀត ត្រូវដុត​គោញីនោះ​នៅចំពោះមុខ​គាត់ គឺត្រូវ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម​ និង​លាមក​របសស់វា។ 6 បូជាចារ្យនោះ​​ត្រូវយកឈើ​តាត្រៅ មែកហ៊ីសុប និង​រោម​ចៀម​ជ្រលក់ពណ៌ក្រហម​មក ហើយបោះទៅកណ្ដាល​ភ្លើង​ដែល​កំពុង​ដុត​គោញីនោះ។ 7 បន្ទាប់មក​ គាត់ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ ទើបគាត់អាចចូលមកក្នុង​ជំរំវិញបាន តែបូជាចារ្យ​នោះ​នៅតែ​​សៅហ្មង​រហូត​ដល់ល្ងាច។ 8 បូជាចារ្យ​ដែលជាអ្នកដុត​គោញីនោះ ត្រូវ​បោកសម្អាតសម្លៀកបំពាក់របស់គាត់ក្នុងទឹក ហើយ​ត្រូវ​ងូត​ទឹកដែរ។ បូជាចារ្យ​នោះ​ក៏នៅតែ​​សៅហ្មង​រហូត​ដល់ល្ងាចដែរ។ 9 បន្ទាប់មក ​​ត្រូវ​ឲ្យមនុុស្ស​ម្នាក់ដែល​ឥតសៅហ្មង ប្រមូលផេះដែល​ដុតគោញីនោះ យកទៅដាក់នៅខាង​ក្រៅជំរំ​ត្រង់កន្លែង​ដែលស្អាត។ ត្រូវ​ទុកផេះ​នោះ​សម្រាប់​សហគមន៍កូនចៅអ៊ីស្រាអែល។ ពួកគេត្រូវ​លាយ​ផេះនោះជាមួយទឹកសម្រាប់ធ្វើពិធី​​សម្អាតពីអំពើបាប។ 10 អ្នកដែលប្រមូល​ផេះ​ដុតគោញីនោះ ត្រូវ​បោកសម្អាត​សម្លៀក​បំពាក់របស់ខ្លួនដែរ ហើយគេក៏​នៅតែ​​មិន​ស្អាត​រហូត​ដល់ល្ងាច។ នេះគឺច្បាប់​ដែលមិន​ប្រែប្រូល​សម្រាប់​កូន​​ចៅ​អ៊ីស្រាអែល និង​ជនបរទេស​ដែល​ស្នាក់នៅ​ជា​មួយ​ពួក​គេ​​​។ 11 អ្្នកណា​ដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណា​ម្នាក់ អ្នកនោះនឹង​​សៅហ្មង​រយៈពេល​ប្រាំពីរ​ថ្ងៃ។ 12 មនុស្សនោះ​ត្រូវ​ធ្វើពិធី​សម្អាតខ្លួន​នៅថ្ងៃទីបី និង​ថ្ងៃទីប្រាំពីរ​ នោះគាត់ទើប​លែងសៅហ្មង។ ប៉ុន្ដែ បើគាត់មិនធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបីទេ នោះនៅ​ថ្ងៃទីប្រាំពីរគាត់ក៏មិនបាត់សៅហ្មងដែរ។ 13 អ្នកណាដែលប៉ះពាល់សាកសព​មនុស្សស្លាប់ ហើយ​មិន​ធ្វើពិធីសម្អាតខ្លួនទេ អ្នកនោះ​បាន​ធ្វើឲ្យ​ព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ។ ត្រូវកាត់មនុស្សនេះចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ។ គាត់​នៅតែសៅហ្មង​ ភាព​សៅ​​ហ្មងនៅ​​តែ​ស្ថិត​​នៅ​លើគាត់។ 14 នេះ​គឺជាច្បាប់សម្រាប់នៅពេល​មាននរណា​ម្នាក់ស្លាប់នៅ​ក្នុងផ្ទះ។ អ្នកណា​ដែលចូល​​ទៅ​ក្នុងផ្ទះ និង​​អ្នក​ណា​ដែល​នៅ​ក្នុង​ផ្ទះស្រាប់​ នោះ​នឹង​ត្រូវ​សៅហ្មង​ចំនួន​ប្រាពីរ​ថ្ងៃ។ 15 អស់ទាំង​ភាជនៈដែល​មិនបិទគម្របនឹង​ត្រូវសៅហ្មងដែរ។ 16 ដូចគ្នា​នឹង​អស់អ្នកណា​ដែល​នៅ​ក្រៅផ្ទះ ប៉ះពាល់សាសពដែល​ត្រូវ​គេសម្លាប់ដោយដាវ​ ប៉ះពាល់សាកសព​ផ្សេងៗ ឆ្អឹងរបស់មនុស្ស ឬប៉ះពាល់ផ្្នរខ្មោច អ្នកនោះ​នឹង​ត្រូវ​សៅហ្មង​ចំនួន​ប្រាពីរ​ថ្ងៃ។ 17 ចូរធ្វើ​បែបនេះសម្រាប់មនុស្សដែលសៅហ្មង៖​ ត្រូវ​យក​ផេះខ្លះពី​តង្វាយ​​ដុត​សម្រាប់លោះបាបមក​លាយជាមួយទឹក​ស្អាត​នៅក្នុង​ផើងមួយ។ 18 អ្នកណាម្នាក់ដែលឥតសៅហ្មង​ត្រូវយក​មែកហ៊ីស៊ុបជ្រលក់ក្នុង​ទឹកនោះយកទៅប្រោះលើផ្ទះ និង​​លើ​ភាជនៈទាំងអស់នៅក្នុង​ផ្ទះនោះ និងប្រោះលើមនុស្ស​ដែល​នៅ​ក្នុងផ្ទះនោះ ប្រោះលើអស់អ្នក​ដែល​ប៉ះពាល់ឆ្អឹងរបស់មនុស្ស​ដែល​ត្រូវ​​គេ​សម្លាប់ ប៉ះពាល់សាកសព ឬប៉ះពាល់ផ្នូរខ្មោច។ 19 មនុស្សដែល​ឥតសៅហ្មងត្រូវ​ប្រោះទឹកនោះលើមនុស្សសៅហ្មង​​នៅថ្ងៃទីបី និង​នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំពីរ​ មនុស្ស​សៅហ្មងនោះត្រូវ​ធ្វើពិធី​សម្អាតខ្លួនឯង។ គាត់ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់របស់គាត់ ហើយ​ត្រូវ​ងូតទឹក។ នៅ​ពេល​ល្ងាចនោះគាត់នឹង​លែងសៅហ្មង។ 20 ប៉ុន្តែ អ្នកណាដែលនៅតែ​សៅហ្មង ដែលបដិសេធមិន​ព្រមធ្វើ​ពិធី​សម្អាតខ្លួន ត្រូវកាត់អ្នកនោះចេញពីសហគម៍ ពីព្រោះ​គេ​បាន​ធ្វើឲ្យទីបរិសុុទ្ធរបស់​ព្រះអម្ចាស់ទៅជាសៅហ្មង។ ទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ គឺគាត់នៅតែសៅហ្មង។ 21 នេះ​គឺ​ជាច្បាប់សម្រាប់ការ​នេះ​ជា​រៀងរហូត​ទៅ។ អ្នកដែល​ប្រោះ​ទឹក​សម្រាប់ធ្វើ​ពិធី​សម្អាតខ្លួន ត្រូវ​បោកសម្អាត​សម្លៀក​បំពាក់របស់ខ្លួន។ អ្នកដែលប៉ះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន អ្នកនោះ​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។ 22 អ្វី​ក៏ដោយ​ដែល​មនុស្សសៅហ្មងប៉ះ នឹង​ត្រឡប់ជា​សៅហ្មងទាំងអស់។ ហើយ​អ្នកណា​ដែលប៉ះពាល់របស់នោះ អ្នកនោះនឹង​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។