ជំពូក ១៨

1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មកលោក​អើរ៉ុនថា​៖ «អ្នក​​ និង​កូនចៅ​របស់អ្នក ព្រមទាំងវង្សានុវង្ស​នៃ​​ដូន​តា​របស់​អ្នកនឹង​ទទួល​ខុស​ត្រូវ​លើអស់ទាំង​អំពើបាប​ដែល​បាន​ធ្វើ​ទាស់នឹង​ទីបរិសុទ្ធ។ ប៉ុន្ដែ ​មាន​តែអ្នក និង​កូន​​ចៅ​របស់អ្នកប៉ុណ្ណោះ​ ទទួលខុស​ត្រូវ​ចំពោះ​អំពើបាប​របស់អស់អ្នក​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជា‌ចារ្យ។ 2 ដោយ​សា​សមាជិក​​គ្រួសារនៃ​កុលសម្ព័ន្ធ​របស់លេវី ជា​កុលសម្ព័ន្ធ​នៃ​ដូន​តា​របស់អ្នក អ្នក​ត្រូវ​នាំ​​ពួក​គេ​មក​ជាមួយអ្នកផង ដើម្បី​ឲ្យពួក​គេ​អាច​ចូល​រូម​ជាមួយអ្នក និង​ជួយអ្នកនៅពេល​ដែល​អ្នក​ និង​កូន​ៗ​របស់អ្នក​បម្រើនៅ​ពីមុខត្រសាល​​នៃច្បាប់​សម្ព័ន្ធមេត្រី។ 3 ពួក​គេត្រូវ​បម្រើអ្នក និងកិច្ច​ការ​ទាំងអស់របស់​ត្រសាល។ ទោះបីជា​យ៉ា​​ង​ណាក៏ដោយ ពួក​គេ​មិន​ត្រូវចូល​ទៅ​ជិតអ្វី​​ៗ​នៅ​ក្នុង​ទី​បរិសុទ្ធ ឬអ្វី​ដែល​ទាក់ទងនឹង​អាសនាឡើយ ក្រែង​​លោក​ទាំងពួក​គេ ទាំងអ្នក​ត្រូវ​ស្លាប់។ 4 ពួកគេ​ត្រូវ​តែ​នៅ​ជាប់នឹងអ្នក ហើយ​មើលថែរក្សាត្រសាលប្រជុំ គឺការ​ងារ​ទាំង​អស់​ទាក់​ទង​​នឹង​ព្រះពន្លា។ មិនត្រូវឲ្យជនបរទេសចូល​មកជិត​អ្នកឡើយ។ 5 អ្នកត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារទាំង​អស់​ក្នុងទី​​បរិសុទ្ធ និងអាសនា ដើម្បី​កុំឲ្យ​​កំហឹង​របស់យើងមក​លើ​កូន​ចៅ​​អ៊ីស្រាអែលម្ដងទៀតឡើយ។ 6 មើល៍! យើង​គឺជាអ្នក​​បាន​ជ្រើសរើស​សមាជិកបងប្អូន​​របស់អ្នក គឺ​កុលសម្ព័ន្ធលេវីពី​ក្នុងចំណោម​កូនចៅអ៊ីស្រាអែល​​។ ពួក​គេ​​ជា​អំណោយរបស់​អ្នក ជា​តង្វាយ​ដល់យើង ដើម្បី​​ធ្វើ​កិច្ចការ​​ក្នុង​ត្រសាលប្រជុំ។ 7 ប៉ុន្តែ មានតែអ្នក និង​កូន​របស់អ្នកប៉ុណ្ណោះ ដែលត្រូវបំពេញការ​ងារ​​ជាបូជាចារ្យ​​ទាក់ទង​នឹង​អ្វីៗទាំងអស់របស់អាសនា និង​អ្វីៗទាំងអស់ខាងក្នុងវាំនន។ អ្នក​ត្រូវ​បំពេញ​ការ​ទទួល​ខុស​ត្រូវទាំងនោះ​ឲ្យ​បាន​។ យើង​ប្រទាន​ឲ្យ​អ្នក​មាន​មុខងារជាបូជាចារ្យ ទុកជា​អំណោយ។​ ជនបរទេសណាចូលទៅជិត ត្រូវតែ​សម្លាប់ចោល»។ 8 បន្ទាប់មក​ ព្រះអម្ចាស់មានបន្ទូលមកលោកអើរ៉ុនទៀតថា៖ «មើល៍! យើង​បានប្រទាន​ឲ្យ​អ្នក​មានភារកិច្ចមើល​ខុស​ត្រូវ​តង្វាយ​ដែល​ថ្វាយ​ដល់យើង និងតង្វាយ​បរិសុទ្ធ​ទាំង​អស់ដែល​​កូន​ចៅអ៊ីស្រាអែលថ្វាយដល់យើង។ យើង​ប្រគល់តង្វាយ​នេះឲ្យអ្នក​ និង​​កូន​ៗ​របស់អ្នកទុកជា​ចំណែក​​របស់អ្នក​ជា​រៀង​រហូត។ 9 ទាំងនេះជា​​របស់បរិសុទ្ធ​បំផុត​ដែល​មិនបានដុត គឺ​តង្វាយ​ទាំងអស់របស់ពួកគេ មានតង្វាយគ្រាប់ធញ្ញជាតិ តង្វាយ​លោះបាប តង្វាយសុំលើកលែងទោស តង្វាយទាំងនោះ​បរិសុទ្ធបំផុត​សម្រាប់អ្នក និង​កូន​ៗ​របស់អ្នក។ 10 តង្វាយ​​ទាំងនោះ​បរិសុទ្ធបំផុត ហើយ​បុរសទាំងអស់ត្រូវ​​បរិភោគ​តង្វាយនោះ​ ដ្បិត​ តង្វាយ​ទាំងនោះ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់គ្នា។ 11 តង្វាយដែល​ជាចំណែក​​របស់អ្នក​​រាល់គ្នា​នោគឺ តង្វាយ​​ទាំងអស់ដែល​កូនចៅ​អ៊ីីស្រាអែលយកមកថ្វាយ យើង​បានប្រគល់ឲ្យ​ដល់អ្នក ព្រមទាំង​កូន​​ប្រុស​កូូនស្រី​របស់អ្នក​ជា​រៀងរហូតទៅ។ នៅក្នុង​គ្រួសាររបស់អ្នក គ្រប់គ្នា​ដែ​ល​ធ្វើពិធីសម្អាតខ្លូនបរិសុទ្ធ អាច​បរិភោគ​តង្វាយ​​ទាំង​នេះ​បាន។ 12 អស់ទាំង​ប្រេងដ៏ល្អបំផុត ស្រា​ទំពាំង​បាយជូរថ្មីដ៏ល្អបំផុត គ្រាប់ធញ្ញជាតិ​ និង​ផល​ដំបូង​ទាំងអស់ដែល​ប្រជា​ជន​យក​មកថ្វាយយើង​ យើង​ក៏​ប្រគល់ឲ្យអ្នកដែរ​។ 13 ផលផ្លែទុំដំបង​បង្អស់​ពី​ចម្ការ​របស់ពួកគេ ដែល​ពួក​គេ​យក​មក​ថ្វាយយើង នឹងបាន​​ជា​របស់អ្នក​។​ គ្រប់គ្នា​ដែ​លស្អាតហើយអាច​បរិភោគ​តង្វាយ​​ទាំង​នេះ​បាន។ 14 អ្វីៗទាំងអស់ដែល​កូនចៅអ៊ីស្រាអែល​ថ្វាយ​ដាច់ដល់យើង​ នឹង​បាន​ជា​របស់អ្នក។ 15 កូន​​ដំបូង​ទាំងអស់​ដែល​កើត​ពី​ផ្ទៃ ដែល​ប្រជាជន​ថ្វាយ​ដល់​ព្រអម្ចាស់ ទាំង​កូន​របស់មនុស្ស​ ទាំង​​កូន​របស់សត្វ នឹង​បាន​ជា​របស់អ្នក។ ប៉ុន្តែ​ ប្រជាជន​ត្រូ​វទិញ កូនប្រុស​ច្បងរបស់មនុស្ស និង​កូន​ច្បងឈ្មោលរបស់សត្វទាំងអស់ដែល​មិន​ស្អាតទៅវិញ។ 16 កូនច្បង​ទាំងអស់ដែលប្រជាជន​ត្រូវ​ទិញយកទៅវិញ គឺ​ត្រូវ​មាន​អាយុ​ចាប់​ពី​មួយ​ខែឡើងទៅ​​។ ​ពួក​គេ​អាច​ទិញ​ត្រឡប់ទៅ​វិញ​ក្នុង​តម្លៃ​​ប្រាំ​​សេកែល តាម​ខ្នាត​ទម្ងន់​របស់ទី​បរិសុទ្ធ ដែល​ស្មើនឹង​ម្ភៃកេរ៉ា។​ 17 ប៉ុន្ដែ​ អ្នក​​មិន​ត្រូវឲ្យគេ​​ទិញកូន​ដំបូងរបស់​គោ ឬកូនដំបូង​របស់​ចៀម ឬកូនដំបូងរបស់ពពែមកវិញទេ។ សត្វទាំងនោះត្រូវញែកដាច់ដោយឡែក​សម្រាប់យើង។ ​អ្នក​ត្រូវ​ប្រោះឈាមរបស់វានៅលើ​អាសនា ហើយដុតខ្លាញ់របស់វាទុកជាតង្វាយធ្វើឡើង​ដោយភ្លើង ដើម្បីជាក្លិនឈ្ងុយដែលគាប់ព្រះ​ហឫទ័យដល់ព្រះ​​ព្រះ​​អម្ចាស់​​។ 18 រីឯសាច់របស់វាជាចំណែករបស់អ្នក ​​ដូចជាសាច់ដើមទ្រូងដែលគេថ្វាយជាតង្វាយ និងសាច់ភ្លៅស្តាំ គឺសាច់ទាំងនះនឹងបានជារបស់អ្នក​។ 19 គ្រប់ទាំងតង្វាយបរិសុទ្ធទាំងអស់ដែលកូនចៅ​អ៊ីស្រា​អែល​យកមក​ថ្វាយដល់ព្រះ​​អម្ចាស់​​ យើងប្រគល់ឲ្យអ្នក​ កូនប្រុសរបស់អ្នក​ និងកូនស្រីរបស់​អ្នក​​ដែលនៅជាមួយអ្នក​ជាចំណែកជារៀងរហូត។ នេះគឺជាសម្ព័ន្ធមេត្រីនៃ​អំបិលមួយដ៏នៅ​អស់កល្បជានិច្ច ជាសម្ព័ន្ធមេត្រីដែលនៅជាប់ជារៀងរហូតនៅចំពោះព្រះ​​អម្ចាស់​​សម្រាប់អ្នក​ និងពូជពង្សរបស់អ្នក​​ដែលនៅជាមួយអ្នក​។ 20 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោក​អើរ៉ុនថា៖ «អ្នក​​នឹងគ្មានដីនៅក្នុងស្រុក​ទុកជារតកឡើយ ហើយក៏គ្មានចំណែកដីពីក្នុងចំណោមប្រជាជនដែរ។ យើងគឺជាចំណែក និងជាមរតករបស់​​អ្នក​​នៅក្នុងចំណោមកូនចៅ​អ៊ីស្រា​អែល។ 21 ចំពោះកូនចៅ​របស់ពួក​លេវីវិញ យើងប្រគល់​​មួយភាគដប់ពីភោគផល​ទាំងអស់របស់កូនចៅ​អ៊ីស្រា​អែល ជាមរតករបស់​ពួកគេ​ ទុកជាថ្នូរនៃកិច្ច​ការដែលគេបម្រើនៅក្នុងត្រសាលប្រជុំ។ 22 ចាប់តាំងពីពេលនះតទៅ កូនចៅ​អ៊ីស្រា​អែលមិនត្រូវចូលមកជិតត្រសាលប្រជុំជាដាច់ខាត បើមិន​ដូច្នោះទេ គេត្រូវទ​ទួលខុសត្រូវចំពោះ​អំពើបារបស់ខ្លួន ហើយត្រូវស្លាប់។ 23 កុលសម្ព័ន្ធលេវីត្រូវធ្វើកិច្ចការរបស់​ត្រសាលប្រជុំ។ ពួកគេត្រូវទទួលខុសត្រូវលើ​​អស់ទាំងអំពើបាបទាក់នឹងត្រសាល។ នេះគឺជាច្បាប់ដែលមិនប្រែប្រូល​​នៅគ្រប់ជំនាន់មនុស្សរៀងរហូតទៅ។ ពួកគេ​មិនត្រូវមាន​ចំណែកមរតក​នៅក្នុងកូនចៅ​អ៊ីស្រា​អែលឡើយ​។ 24 សម្រាប់តង្វាយមួយភាគដប់របស់ជនជាតិអ៊ីស្រា​អែល ដែលពួកគេ​ថ្វាយដល់យើង គឺយើងប្រគល់ដល់ពួកលេវីទុកជាមរតកសម្រាប់ពួកគេ។ ពួកគេ​មិនត្រូវមានចំណែកមរតក​នៅក្នុងកូនចៅ​អ៊ីស្រា​អែលឡើយ​»។ 25 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោកម៉ូសេថា៖ 26 «​អ្នក​ត្រូវប្រាប់ពួកលេវីថា នៅពេលដែលអ្នក​រាល់គ្នា​ទ​ទួល​តង្វាយ​មួយភាគដប់ពីពួក​កូនចៅ​អ៊ីស្រាអែល ដែល​យើងប្រគល់ឲ្យដល់អ្នក​រាល់គ្នាទុកជាមរតកនោះ អ្នក​រាល់គ្នាត្រូវថ្វាយមួយចំណែកដល់ព្រះ​​អម្ចាស់​​ គឺមួយភាគដប់នៃតង្វាយនោះ។ 27 តង្វាយរបស់​អ្នក​រាល់គ្នានោះគឺប្រៀបដូចជាតង្វាយមួយភាគដប់ពីស្រូវដែលបញ្ជាន់នៅ​ទីលាន និងស្រាទំពាំងបាយជូរពីកន្លែងគាបដែរ។ 28 ដូច្នេះ អ្នក​រាល់គ្នាក៏ត្រូវថ្វាយដល់ព្រះ​​អម្ចាស់ ​​ពីតង្វាយមួយភាគដប់ដែល​អ្នក​រាល់គ្នាទទួលពីកូនចៅអ៊ីស្រា​អែល ហើយត្រូវប្រគល់តង្វាយនោះឲ្យទៅបូជាចារ្យអើរ៉ុន។ 29 ​អស់ទាំងតង្វាយដែលអ្នក​រាល់គ្នាបានទ​ទួល អ្នក​រាល់គ្នាត្រូវញែកថ្វាយដល់ព្រះ​​អម្ចាស់​​ គឺអ្នក​ត្រូវញែកតង្វាយល្អបំផុត និងបរិសុទ្ធបំផុតដែលបានប្រគល់ឲ្យមកអ្នក​។ 30 ដូច្នេះ អ្នកត្រូវប្រាប់ពួកគេថា៖ នៅពេល​អ្នកថ្វាយតង្វាយល្អបំផុត​ នោះត្រូវចាត់ទុក​ជា​ចំណែក​​របស់ពួកលេវី ដូចជា​ផល​បានពី​ទីលានបញ្ជាន់ និងផល​បានពីកន្លែងគាបដែរ។ 31 អ្នករាល់គ្នា និង​គ្រួសារ​របស់អ្នកអាច​បរិភោគតង្វាយទាំងនេះនៅកន្លែងណាក៏បាន ដ្បិត នោះជាកម្រៃដែលអ្នកទទួល​បាន​ពី​ការ​ងារ​របស់ខ្លួននៅក្នុងត្រសាលប្រជុំ។ 32 ប្រសិនបើអ្នករាល់គ្នា​បាន​ថ្វាយចំណែកដ៏ល្អបំផុត​ដល់ព្រះអម្ចាស់ហើយ នោះ​អ្នក​នឹង​មិន​មានទោសដោយ​ព្រោះ​បរិភោគ​ និងផឹក​វាឡើយ។ ប៉ុន្ដែ ​អ្នក​មិន​ត្រូវ​បង្អាប់តង្វាយ​បរិសុុទ្ធរបស់កូន​ចៅ​អ៊ីស្រាអែល​​ឡើយ ក្រែងអ្នក​រាល់គ្នា​ត្រូវ​ស្លាប់»។