ជំពូក ២២

1 ជនជាតិអ៊ីស្រាអែល​បានធ្វើ​ដំណើរ​ពីទីនោះ ទៅ​ដល់វាល​ទំនាប​​ស្រុកម៉ូអាប់ដែល​នៅជិត​ទីក្រុង​យេរ៉េខូ ស្ថិត​នៅត្រើយ​ម្វាង​នៃទន្លេ​យ័រដាន់ គឺទល់មុខ​នឹង​ទី​ក្រុង​យេរីខូ។ 2 រីឯព្រះបាទបាឡាក់ជាបុត្រារបស់​ព្រះបាទ​ស៊ីបព័របាន​ឃើញអស់​ទាំង​ការ​ដែល​ជនជាតិ​អ៊ីស្រាអែល​​បាន​ធ្វើ​ចំពោះ​ជនជាតិអំម៉ូរី។ 3 ជន​ជាតិម៉ូអាប់ភ័យ​ខ្លាច​ប្រជាជននោះ​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​រន្ធត់ចំពោះជនជាតិ​អ៊ីស្រាអែល​ដែរ ព្រោះ​មាន​ចំនួ​ន​ច្រើន។ 4 ស្ដេច​របស់ជនជាតិម៉ូអាប់បាន​និយាយជា​មួយ​ពួក​ចាស់ទុំ​របស់​ជនជាតិ​ម៉ាឌាន​ថា៖ «ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹកនេះ មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​រំលីង​ស្មៅនៅ​ទីវាល​​មិន​ខាន»។ ​ នៅ​ពេល​នោះ ព្រះបាទ​​បាឡាក់ ជា​បុត្រា​របស់ព្រះបាទ​ស៊ីប‌ព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។ 5 ស្ដេច​បានចាត់អ្នក​​នាំ​សារ​ទៅ​ជួប​លោក​បាឡាម ជា​កូនប្រុស​របស់​​លោកបេអ៊រ នៅ​ក្រុង​ពេថោ​ជាប់​មាត់​ទន្លេ​អើប្រាត​ ជា​ស្រុក​កំណើត​របស់​ជនជាតិ​លោក និងរបស់​ញាតិ​សន្តាន​របស់​លោក។ លោកបាន​ហៅ​ពូក​​គេ​មក​ ដោយ​ប្រាប់​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ផែនដី ហើយឥឡូវនេះ​​ ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។ 6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ ប្រហែល​ជា​យើងអាច​រៀបចំ​វាយ​ប្រហារ​​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត ​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ 7 ដូច្នេះ ​ពួកមេ​ដឹកនាំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌានទាំងអស់ក៏នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ទាយ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​ពាក្យ​​របស់​ព្រះ‌បាទ​បាឡាក់។ 8 លោក​បាឡាម​បានមានប្រសាសន៍ទៅ​ពួក​គេ​​ថា៖ «សូម​អស់លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​ដល់អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​របស់ជន‌ជាតិ​ម៉ូអាប់​ក៏​​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាមនៅយប់នោះ។ 9 ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម ហើយមាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌​ដែលមក​ឯ​អ្នកទាំងនេះ​ជា​នរណា?»។ លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ 10 «​ព្រះបាទឡាក់ ជា​បុត្រា​របស់​ព្រះបាទ​ស៊ីប‌ព័រ​ ដែល​ជាស្ដេចរបស់ជនជាតិ​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូលបង្គំ​ថា៖ 11 មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុករបស់យើង។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​អាច​រៀប​​ចំ​វាយប្រហារ​​ពួក​គេ និង​បណ្តេញ​ពួក​គេចេញ​បាន»។ 12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជា​មួយ​ពួក​គេជា​ដាច់ខាត ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ជនជាតិ​អ៊ីស្រាអែល​ដែរ ដ្បិត ​​ពួក​គេមាន​ពរ​ហើយ!»។ 13 លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​បាន​ប្រាប់​ទៅ​ពួក​មេ​ដឹក​នាំរបស់​ព្រះបាទបាឡាក់​ថា៖ «សូមអស់​​លោក​វិល​ត្រឡប់ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។ 14 មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​ត្រលប់ទៅជួបព្រះ​បាឡាក់​វិញ ទូលថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។ 15 ព្រះបាទបាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ជាច្រើននាក់ឲ្យ​ទៅម្ដងទៀត សុទ្ធតែអ្នក​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។ 16 ពួក​គេ​ទៅ​ជួប​​លោក​បាឡាម ហើយ​ប្រាប់ថា​៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា៖ «សូមកុំ​ឲ្យ​មាន​អ្វី​បង្អាក់​លោក​មិន​ឲ្យមកជួប​យើង​ឡើយ 17 ដ្បិត​ យើងនឹង​បង់ថ្លៃជូនលោក​ដ៏ច្រើនលើសលប់ ​ហើយ​យើង​នឹង​លើក​កិត្តិយស​លោកយ៉ាងខ្ពស់ អ្វីដែល​​លោក​បង្គាប់យើង​ឲ្យ​ធ្វើ​ យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង»។ 18 លោក​បាឡាម​ឆ្លើយ​ទៅ​ពួកគេវិញ​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​វាំង​របស់​ព្រះអង្គដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ល្មើស​​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត ហើយ​ក៏​មិន​អាច​ធ្វើការតិច ឬច្រើនជាង​អ្វី​ដែ​ល​ព្រះអង្គបង្គាប់​ដល់ខ្ញុំដែរ។ 19 ឥឡូវ​នេះ យប់នេះសូម​អស់លោក​ចាំនៅ​ទីនេះ​​សិន ដើម្បី​​ឲ្យ​ខ្ញុំ​​ដឹង​បន្ថែមទៀត​នូវ​អ្វី​ដែល​ព្រះ‌អម្ចាស់​នឹង​មានបន្ទូលប្រាប់​ខ្ញុំ»។ 20 នៅ​​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើតែ​ប៉ុណ្ណោះ»។ 21 លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា របស់គាត់ ហើយ​បាន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។ 22 ​ប៉ុន្តែ ​ព្រះ‌ជាម្ចាស់​ ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​គាត់ ដូច​ជា​សត្រូវ​របស់​​គាត់ ពេល​ដែល​គាត់កំពុងជិះលើសត្វលា។ មាន​អ្នក​បម្រើ​របស់លោកបាឡាម​ពីរ​នាក់​រួម​ដំណើរ​ជា​មួយគាត់​ដែរ។ 23 លា​​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​មានដាវហូតជាស្រេច​​កាន់​នៅ​ដៃ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។ 24 នោះទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវតូចចង្អៀត​ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។ 25 ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង លោក​បាឡាម​ក៏​វាយ​វាទៀត។ 26 ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ហើយឈរនៅត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។ 27 លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លាទៀត។ 28 ពេលនោះ ​​ព្រះ‌អម្ចាស់​បានបើក​មាត់​របស់​សត្វ​លា ធ្វើ​ឲ្យ​លា​នោះ​​ចេះ​និយាយ។ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។ 29 លោក​បាឡាម​តប​ទៅ​លា​ថា៖ «មក​ពី​ឯង​​ធ្វើឆ្កួតៗ​ចំពោះ​អញ! ប្រសិន​បើ ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​បាត់ហើយ!»។ 30 លា​ឆ្លើយទៅ​លោកបាឡាមវិញ​ថា៖ «តើខ្ញុំមិនមែន​​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះពេញមួយជី​វិត​របស់​លោក​រហូត​មក​ទល់​ថ្ងៃ​នេះទេ​ឬ?​ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​​ទេ?»។ លោក​បាឡាម​តប​ថា៖ «ទេ!»។ 31 ពេល​នោះ ព្រះ‌អម្ចាស់​បានបើកភ្នែក​​របស់យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​ដក​ដាវ​ជា​ស្រេចកាន់​​​​នៅ​ដៃ។ លោកបាឡាម​​ក៏ឱន​ក្បាល និង​​មុខ​របស់ខ្លូនចុះ។ 32 ទេវតា​របស់​ព្រះ‌អម្ចាស់​មានប្រសាសន៍​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​លា​របស់អ្នក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! យើង​បាន​ចេញ​មក​ដូច​ជា​សត្រូវ​របស់​អ្នក ដ្បិត ទង្វើ​របស់អ្នកចំពោះ​យើង​នោះ​​អាក្រក់ខ្លាំងណាស់។ 33 សត្វលាវា​​​បាន​ឃើញ​យើង ហើយ​វា​ងាក​ចេញ​ពី​យើង​ដល់​ទៅ​បី​ដង ប្រសិន​បើ​ វា​មិន​ងាក​ចេញ​ពី​យើងទេ​នោះ ម្លេ៉ះ​យើងសម្លាប់​អ្នកបាត់ហើយ និង​ទុក​ជីវិត​ឲ្យ​វាវិញ»។ 34 លោក​បាឡាមមានប្រសាសន៍​​ទៅ​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ម្ចាស់ឈរបាំង​​ផ្លូវ​ពី​មុខ​ខ្ញុំ​​ទេ។ ឥឡូវ​នេះ ប្រសិន​បើ ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​នឹង​​បក​ក្រោយ​វិញ»។ 35 ទេវតា​របស់​ព្រះ‌អម្ចាស់​មានប្រសាសន៍ទៅ​​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែអ្នក​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។ 36 នៅ​ពេល​ដែលល​ព្រះ‌បាទ​បាឡាក់​បានឮថា​លោក​បាឡាម​មក​ដល់ហើយ ស្ដេច​ក៏​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើ‌ណូន ក្បែរ​ព្រំដែន។ 37 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​​លោក​បាឡាម​ថា៖ «តើ​យើងមិន​បាន​ចាត់​គេ​ឲ្យ​ជួប​លោក ដើម្បី​អញ្ជើញ​លោកមកទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោកបាន​​ឬ?»។ 38 ​លោក​បាឡាម​ឆ្លើយ​ទៅ​ស្ដេច​ថា៖ «មើល៍! ទូលបង្គំ​បានមកជួប​ព្រះ‌ករុណា​ហើយ។ ឥឡូវ​នេះ តើទូលបង្គំគ្មានសិទ្ធិនឹង​និយាយពាក្យ​អ្វីទេ​ឬ? ទូលបង្គំ​និយាយ​តែ​ពាក្យ​​ដែល​ព្រះ‌ជាម្ចាស់​ដាក់នៅ​ក្នុង​មាត់​របស់​ទូល​បង្គំ​តែ​ប៉ុណ្ណោះ»។ 39 លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់ហាសូត។ 40 ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ឲ្យ​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។ 41 លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​ទី​ខ្ពស់របស់ព្រះបាល។ នៅ​កន្លែង​នោះ លោកបាឡាម​អាច​មើល​ឃើញ​តែជំរំខ្លះរបស់ប្រជា‌ជន​អ៊ីស្រា‌អែល​ប៉ុណ្ណោះ។