ជំពូក ៤៥

1 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូសដែល​ព្រះអង្គ​បានចាក់​ប្រេង​អភិសេក​ ជាស្តេចដែលយើង​កាន់​ដៃ​ស្ដាំ​របស់​យើង ក្នុងការបង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​ទ្រង់ ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​ទ្រង់ ហើយទ្វារក្រុងនៅតែបើកជានិច្ច 2 «យើង​នឹង​នៅខាង​មុខ​អ្នក ហើយភ្នំនឹងរាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង 3 យើង​នឹង​ប្រគល់​ទ្រព្យសម្បត្តិ ដែលអ្នកមាន​បានកប់​ទុក​ក្នុង​ទី​ងងឹត​ ហើយ អ្នក​នឹង​ដឹង​ថា​គឺជាយើង​ ពិត​ជា​ព្រះ‌អម្ចាស់ ដែលបាន​ហៅ​អ្នកដោយ​ឈ្មោះ​របស់យើង យើង ជាព្រះជាម្ចាស់នៃអុីស្រាអែល។ 4 ដ្បិតយ៉ាកុបជាអ្នកបម្រើយើង ហើយ​អុីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស យើងបានហៅអ្នកដោយចំឈ្មោះរបស់អ្នក បាន​ប្រទានតួនាទី​នៃកិត្ដិយស ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ។ 5 យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ហើយគ្មាន​អ្នកផ្សេង​ទៀត​ដែរ គ្មាន​ព្រះ‌​ណា​ទៀតទេតែយើងជាព្រះជាម្ចាស់។ ​យើង​នឹងជាកម្លាំងដល់អ្នកក្នុងចំបាំង ទោះអ្នកមិនស្គាល់យើងក៏ដោយ 6 ​មនុស្ស​នឹងដឹងថា តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច គឺគ្មានព្រះណាក្រៅពីយើងឡើយ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អ្នកណា​ផ្សេង​ទៀត​ទេ។ 7 យើង​បានបង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ក្តីមហត្តរាយ គឺ​យើង​ ​ជាព្រះ‌អម្ចាស់ ដែល​បានធ្វើការ​ទាំង​នេះ។ 8 ចូរ​ឲ្យ​ផ្ទៃ​មេឃ​ធ្លាក់ភ្លៀងចុះពីលើ​មក ចូលឲ្យផ្ទៃមេឃ​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក។ ចូរ​ឲ្យ​ផែនដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង ហើយឲ្យ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើតការទាំងនោះ​មក។ 9 វេទនាដល់អ្នក​ណា​ដែលប្រឆាំង​ជាមួយនិង​ព្រះ​ជាម្ចាស់ដែល​បាន​បង្កើតមនុស្សនោះមក​ អ្នកនោះគឺដូចជាឆ្នាំងដីផ្សេងទៀតដែល​នៅក្នុងចំណោមឆ្នាំងដីទាំងអស់នៅលើដី! តើ​មាន​ដី​ឥដ្ឋ​ណា​ដែលនិយាយ​ទៅ​កាន់​ជាង​ស្មូន «តើអ្នកកំពុង​តែ​​ធ្វើ​អ្វី​ហ្នឹង?» ឬ «ការងាររបស់លោកមិនបានការទេ?» 10 វេទនាដល់អ្នក​ណាដែលនិយាយទៅ​កាន់​ឪពុក​​ថា «តើអ្នកជាឪពុកបែបណាដែរ?» ឬនិយាយទៅម្តាយខ្លួនថា «ហេតុអ្វីបានជាផ្តល់កំណើតខ្ញុំធ្វើអី?» 11 នេះគឺជាអ្វីដែល​ព្រះ‌អម្ចាស់មានព្រះបន្ទូល គឺជា​ព្រះ​ដ៏វិសុទ្ធ​របស់ជន‌ជាតិ​អុីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើតគេមក «ហេតុអ្វីបានជាអ្នកសួរ​យើង អំពី​កិច្ចការ​ដែល​យើង​នឹងធ្វើ សម្រាប់​កូន​ចៅ​របស់​យើង​ឬ? តើអ្នក​រាល់​គ្នា​ចង់​ប្រាប់​យើង​អំពី​អ្វីដែល​ដៃយើងនឹងត្រូវធ្វើ​ឬ?» 12 «យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ហើយបាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ​ផង។ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌ផ្កាយ​ទាំង​នោះឲ្យលេចមកដែរ។ 13 យើង​បាន​លើក​ស្ដេច​ស៊ីរូស​ឡើង នៅក្នុងសេចក្ដី​សុចរិត​ ហើយយើង​នឹងរៀបចំ​ផ្លូវ​ឲ្យបានល្អ។ ស្ដេច​នោះ​នឹង​សង់​ទីក្រុង​របស់​យើង​ ទ្រង់នឹងឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ផ្ទះ​វិញ ហើយមិនបាច់បង់ថ្លៃនិងគ្មានសំណូកដែរ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សម្បត្តិ​នៃ​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​​អេត្យូ‌ពី ​ជាមួយនិង​ស្រុក​សេបាដែលបរុសមាឌធំ នឹង​នាំមកឲ្យ​អ្នក។ ពួកគេទាំងនោះនឹងជារបស់អ្នក។ ពួកគេ​នឹង​ដើរ​តាម​អ្នក ទាំង​ជាប់​ច្រវាក់។ ពួកគេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា៖ «ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គគ្មាន​ព្រះ​ណា​ទៀត​ទេ»។ 15 ​ពិតណាស់ ព្រះ​អង្គគឺជាព្រះជាម្ចាស់ ដែលបានលាក់អង្គទ្រង់ ​ហើយជាព្រះជាម្ចាស់នៃអុីស្រាអែលក៏ជាព្រះសង្គ្រោះដែរ។ 16 ពួក​គេ​ទាំងនោះនឹង​មានការអាម៉ាស់និងបាក់មុខទាំងអស់គ្នា ពួកអ្នក​ដែល​សូន​ធ្វើ​រូប​បដិមានឹងត្រូវ​ដើរក្នុងភាពអាម៉ាស់ដែរ ។ 17 ប៉ុន្តែ​ជន‌ជាតិ​អុីស្រា‌អែល​ នឹងបាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ ជាមួយការ​សង្គ្រោះ​ដ៏អស់‌កល្ប​ជានិច្ច អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ។ 18 នេះជាព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ព្រះជាម្ចាស់ដ៏ពិតដែល​បាន​បង្កើត​ផែនដី​មក ហើយធ្វើឲ្យវាកើតឡើង គឺ​ព្រះអង្គ​បានតាំង​ផែនដីឡើង។ ព្រះអង្គបង្កើតវាឡើងមិនមែនអត់ប្រយោជន៍ទេគឺឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ «គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ណា​ទៀត​ទេ។ 19 យើង​មិនបាន​និយាយ​នៅទីស្ងាត់នោះទេ ឬក្នុង​ទី​កន្លែងលាក់បាំងទេ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប «ឲ្យ​ស្វែង​រក​យើងដោយគ្មាន​ប្រយោជន៍ដែរ!» យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ ហើយយើង​ប្រកាស​សុទ្ធ​តែការ​ពិត​ត្រង់។ 20 ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត! មកទាំងអស់គ្នា អ្នកបានសេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ! ពួកគេគ្មានប្រាជ្ញាអ្វីសោះឡើយ ជាអ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះខ្លួនបាន។ 21 ចូរមកជិត​ និងប្រកាសមកកាន់យើង ចូរ​យក​ភស្តុតាង​មក​មើល! ចូលឲ្យគេឃុបឃិតគ្នាទៅ។ ​តើអ្នកណាដែលបានបង្ហាញគេ​តាំងពីយូរហើយនោះ? តើអ្នកបានប្រកាស់ពីវា?​ តើមិនមែនយើងទេឬ ជាព្រះអម្ចាស់? ​គ្មានព្រះណាផ្សេងទៀតទេគឺមានតែយើង មានព្រះជាម្ចាស់តែមួយ និង​ព្រះ‌សង្គ្រោះ​តែមួយ គ្មានព្រះណា​ទៀត​ឡើយ។ 22 ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​ គឺសម្រាប់គ្រប់គ្នាពេញផែនដីទាំងមូល ដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​ព្រះ‌ណា​ទៀត​ទេ។ 23 យើង​ខ្លួនឯងស្បថថា នេះជាពាក្យយើង ហើយវានឹងមិនត្រឡប់មកវិញទេ «នៅមុខយើងមនុស្ស​លោក​នឹងលុតជង្គង់ចុះ ហើយ​គ្រប់ទាំងអណ្តាតថ្លែងប្រាប់ផង។ 24 ពួកគេ​នឹង​ពោល​ពីយើងថា «មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះអង្គ​ទេ ដែល​នាំនូវការសង្រ្គោះ និង​កម្លាំង»។ ពួកគេពេញដោយភាពអាម៉ាស់ ​អស់​អ្នក​ដែល​បាន​ខឹងនិង​ព្រះអង្គ។ 25 ក្នុងព្រះអម្ចាស់ ពូជ‌ពង្ស​អីុស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ផង។