ជំពូក ៤៤
1
ឥឡូវនេះ ចូរស្ដាប់ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយនិងអីុស្រាអែល ដែលយើងបានជ្រើសរើសអើយ
2
នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះអង្គនឹងជួយអ្នក៖ «កុំភ័យខ្លាចអ្វីឡើយ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយយេស៊ូរូន ដែលយើងបានជ្រើសរើស។
3
យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួតហែង យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពូជពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។
4
ពួកគេនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀងនិងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
5
ម្នាក់ពោលថា «ខ្ញុំជារបស់ព្រះអម្ចាស់» ម្នាក់ទៀតនឹងហៅឈ្មោះថា យ៉ាកុប ម្នាក់ទៀតចារលើបាតដៃថា ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់ ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអីុស្រាអែល»។
6
នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់ ជនជាតិអីុស្រាអែល ហើយជាព្រះសង្គ្រោះ គឺព្រះអម្ចាស់នៃពិភពទាំងមូល៖ «យើងនៅមុនគេ ហើយនៅក្រោយគេបំផុតក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
7
តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមកកាន់យើងមក គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន ព្រមទាំងរៀបរាប់អំពីការ ដែលនឹងកើតមាននៅពេលខាងមុខដែរ។
8
កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ។ តើយើងមិនបានប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចតាំងពីយូរមកទេរឺ? អ្នករាល់គ្នាជាសាក្សីរបស់យើង តើមានព្រះណាទៀតទេក្រៅពីយើង? គ្មានថ្មដាណាផ្សេងទៀតទេ ដែលយើងមិនស្គាល់សោះឡើយ»។
9
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ ចំណែកស្នាដៃដែលគេចូលចិត្ត ក៏គ្មានបានការអ្វីដែរ រូបព្រះទាំងនោះជាសាក្សីនៃការមើលមិនឃើញ ហើយក៏មិនដឹងអ្វីដែរ គឺធ្វើឲ្យពួកគេអាម៉ាស់វិញ។
10
តើអ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលមិនបានប្រយោជន៍ទាំងនោះ?
11
មើល៍! អស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
12
ជាងដែកយកលោហធាតុមកដុត ហើយឆ្នៃវា ជាមួយនិងធ្យូងថ្ម។ គាត់ដំនឹងញញួរធ្វើជារូប ហើយខំប្រឹងធ្វើការដោយប្រើកម្លាំងដៃ។ ហើយគាត់ក៏ឃ្លាន ក៏ធ្វើឲ្យគាត់អស់កម្លាំង ព្រោះគាត់មិនបានផឹកទឹក ហើយក៏ខ្សោយ។
13
ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ ជាមួយខ្សែរបន្ទាត់ និងគូររូបពីលើដោយស្លាបប៉ាកកា។ គាត់យកពន្លាកមកដាប់ឈើនោះ តាមរូបរាងផង។ គាត់នឹងធ្វើរូបនោះទៅដូចជាមនុស្ស ហើយទាក់ទាញចិត្តមនុស្សលោក ដូច្នេះវានឹងតម្កល់នៅក្នុងផ្ទះផង។
14
គាត់កាប់ដើមឈើដ៏ធំៗ រួចជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គាត់ដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
15
មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
16
គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា «មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់»។
17
ឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា«សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ»។
18
ពួកគេទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
19
គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា «ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ គួរឲ្យខ្ញុំយកឈើពាក់កណ្ដាលទៀតដែលនៅសល់ យកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម ដើម្បីថ្វាយបង្គំឬអី? តើខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះឬអី?»
20
គឺវាដូច្នេះ ប្រសិនបើវាកំពុងតែសុីផេះ ដូងចិត្តបោកបញ្ឆោតរបស់វាបាននាំឲ្យគេវង្វេង។ វាមិនអាចជួយខ្លួនវាបានទេ ហើយវាក៏មិនអាចនិយាយបានដែរ «ការទាំងនេះដែលនៅខាងស្តាំដៃយើង គឺជាព្រះក្លែងក្លាយ»។
21
ចូរគិតពីការនេះ អីុស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ហើយអ្នកជាអ្នកបម្រើយើង អុីស្រាអែលយើងនឹងមិនបំភ្លេចអ្នកឡើយ។
22
យើងបានលុបបំបាត់ទោសកំហុសរបស់អ្នក ដូចពពករសាត់ដ៏ក្រាស់ អំពើបាបរបស់អ្នកនឹងធ្លាក់មកលើយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
23
ចូរស្រែកច្រៀងឡើងផ្ទៃមេឃអើយ ដ្បិតព្រះអម្ចាស់បានធ្វើការនេះហើយ ចូលស្រែកឡើង ទីជម្រៅនៃផែនដីអើយ។ ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង ព្រៃព្រឹក្សានិងរុក្ខជាតិ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុប ហើយព្រះអង្គបានសម្តែងសិរីរុងរឿងដល់ជនជាតិអីុស្រាអែល។
24
នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល ព្រះដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក «យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
25
យើងធ្វើឲ្យទំនាយរបស់គ្រូហោរ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេ ក្លាយទៅជាការលេលាទៅវិញ។
26
យើង គឺជាព្រះអម្ចាស់ ដែលបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះបានសម្រេច យើងថ្លែងអំពីក្រុងយេរូសាឡឹមថា «ចូរឲ្យមានប្រជាជនរស់នៅឡើង» និងក្រុងយូដា «ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ»
27
តើនរណាដែលបង្គាប់អោយមហាសាគរដ៏ជ្រៅ «ចូលឲ្យរីងស្ងួត ហើយយើងនឹងធ្វើឲ្យទន្លេរីងដែរ»។
28
ព្រះអម្ចាស់ដែលបានមានបន្ទូលអំពីស្តេចស៊ីរូសថា «ទ្រង់គឺជាអ្នកដឹកនាំ ស្តេចនឹងបំពេញអ្វីៗតាមចិត្តរបស់យើង ទ្រង់នឹងចេញរាជសារឲ្យសង់ក្រុងយេរូសាឡឹម «ក្រុងនឹងសង់ឡើង» ហើយអំពីព្រះវិហារ«សូមឲ្យគ្រិៈរបស់វាបានសង់ឡើង»។