ជំពូក ៤៣
1
ប៉ុន្តែ ពេលនេះគឺជាអ្វីដែលព្រះអម្ចាស់ មានព្រះបន្ទូល ព្រះអង្គដែលបានបង្កើតអ្នកមក យ៉ាកុប ហើយព្រះអង្គដែលបង្កើតអ្នកអុីស្រាអែល «កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ហើយអ្នកធ្វើជារបស់យើង។
2
ពេលអ្នកឆ្លងកាត់ទឹកសមុទ្រ យើងនឹងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងកាត់ទន្លេ អ្នកនឹងមិនលង់ទឹកឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ។
3
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃអីុស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់អេស៊ីបដើម្បីលោះអ្នក ហើយអេត្យូពី និងស្រុកសេបា ជាថ្នូរសម្រាប់អ្នកដែរ។
4
ចាប់តាំងពីអ្នកមានតម្លៃ ហើយវិសេសនៅក្នុងភ្នែករបស់យើង នោះយើងបានស្រឡាញ់អ្នក ដូច្នេះហើយយើងនឹងយកមនុស្សជាច្រើនសម្រាប់ប្តូរនឹងអ្នក ហើយមនុស្សជាច្រើននោះគឺប្តូរសម្រាប់ជីវិតរបស់អ្នក។
5
កុំភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីទឹកដីខាងកើត ហើយប្រមូលពូជពង្សរបស់អ្នក ពីទឹកដីខាងលិចដែរ។
6
យើងនឹងបញ្ជាទៅដល់ស្រុកខាងជើង «ប្រគល់កូនចៅរបស់អ្នក» ហើយបញ្ជាដល់ស្រុកខាងត្បូង «មិនត្រូវឃាត់ពួកគេក្នុងការត្រឡប់មកវិញឡើយ» នឹងនាំកូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
7
គឺអស់អ្នកដែលហៅដោយឈ្មោះរបស់យើង គឺជាអ្នកបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូនឡើង ពិតណាស់ជាអ្នកដែលយើងបានបង្កើតមក។
8
សូមនាំប្រជាជនដែលមើលមិនឃើញ ទោះបីគេមានភ្នែកក៏ដោយ ហើយស្តាប់មិនឮ ទោះបីគេមានត្រចៀកក៏ដោយ។
9
ប្រជាជាតិទាំងអស់មកជួបជុំគ្នា ហើយប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា។ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? ចូលឲ្យគេនាំព្រះទាំងនោះនឹងសាក្សី ដើម្បីបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះ «ត្រឹមត្រូវមែន»។
10
អ្នករាល់គ្នាគឺជាសាក្សីរបស់យើង «ព្រះអម្ចាស់មានព្រះបន្ទូលថា» អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើងដែលបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាដឹង និងជឿលើយើង ព្រមទាំងទទួលស្គាល់ថាយើង ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
11
យើង គឺយើងជាព្រះអម្ចាស់ គ្មានព្រះសង្គ្រោះណាទៀតឡើយ គឺមានតែយើងវិញ។
12
យើងបានប្រកាស់ ពីការសង្គ្រោះហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់» យើងគឺជាព្រះជាម្ចាស់។
13
តាំងពីថ្ងៃនេះទៅ យើងគឺជាព្រះអម្ចាស់ ហើយគ្មាននរណាអាចរំដោះអ្នកណាពីកណ្ដាប់ដៃ របស់យើងដែរ។ យើងធ្វើរួចហើយ តើអ្នកណាអាចធ្វើដូចយើងបាន?»
14
នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ព្រះអង្គសង្គ្រោះរបស់អ្នក គឺព្រះដ៏វិសុទ្ធនៃជនជាតិអីុស្រាអែល «ដ្បិតយើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីផ្តូលអំណាចរបស់ពួកគេ ហើយបែរក្តីអំណររបស់អ្នកបាប៊ីឡូន ទៅជាចម្រៀងកាន់ទុក្ខវិញ។
15
យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ យើងជាព្រះមហាក្សត្រដែលបាន បង្កើតអីុស្រាអែល»។
16
នេះគឺជាអ្វីដែលព្រះអម្ចាស់មានបន្ទូល (តើអ្នកណាបានញែកសមុទ្រធ្វើផ្លូវនៅកណ្ដាលមហាសមុទ្រ
17
តើអ្នកណាដែលបាននាំកងទ័ពមានរទេះចម្បាំង កងពលសេះដ៏ខ្លាំង។ ពួកគេបានបរាជ័យទាំងអស់គ្នា ហើយពួកគេមិនអាំចក្រោកឡើងវិញឡើយ ហើយពួកគេរលត់ទៅ ដូចជាចង្កៀងអស់ប្រេង)។
18
«កុំគិតពីអ្វីដែលបែបធម្មតាឡើយ ហើយកុំនឹកនាការដែលកើតមានតាំងបុរាណកាលនោះ។
19
មើល៍! យើងនឹងធ្វើឲ្យមានការថ្មីកើតឡើង ពេលនេះកំពុងតែកើតហើយ តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
20
សត្វព្រៃទាំងឡាយនៅតាមទីវាលនឹងគោរពយើង ហើយឆ្កែព្រៃ និងត្មាតផងដែរ ពីព្រោះយើងធ្វើឲ្យមានទឹក នៅក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើសបានផឹក
21
ប្រជាជនទាំងនេះដែលយើងបានបង្កើតសម្រាប់យើង ដើម្បីឲ្យពួកគេលើកតម្កើងយើង។
22
ប៉ុន្តែ ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ្នកនឿយណាយនឹងបម្រើយើងអុីស្រាអែលអើយ។
23
អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នកនឿយហត់ដុតធូបដែរ។
24
អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក
អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
25
គឺយើងដែលបានលុបអំពើរំលងអ្នកចេញ ដោយយើងយល់ដល់នាមរបស់យើង ព្រមទាំងលើកលែងទោសឲ្យអ្នក នឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
26
ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស។
27
បុព្វបុរសរបស់អ្នកបានធ្វើបាប ហើយពួកអ្នកដឹកនាំរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
28
ហេតុនេះហើយ បានជាយើងនឹងមើលងាយ អ្នកដឹកនាំបរិសុទ្ធ យើងឲ្យគេបំផ្លាញយ៉ាកុប យើងឲ្យគេប្រមាថដល់ ប្រជាជនអុីស្រាអែល»។