ជំពូក ៣
1
មើល៍! ព្រះអម្ចាស់ដែលជាព្រះនៃពិភពទាំងមូល នឹងដកចេញពីក្រុងយេរូសាឡិម និងយូដាពីជំនួយនិងរបស់ផ្សេងៗ រួមទាំងចំណីអាហារ ហើយនិងប្រភពទឹកផងដែរ
2
មនុស្សខ្លាំងពូកែ និងមនុស្សពូកែចម្បាំង ទាំងចៅក្រមនិងពួកព្យាការី និងអ្នកចាស់ទុំ
3
ពួកមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានកិត្តិយស ទាំងអ្នកប្រឹក្សា ហើយនិងជាងដែលមានស្នាដៃ ហើយអ្នកមានវោហារផងដែរ។
4
«យើងនឹងតាំងពួកយុវជន ឲ្យធ្វើជាអ្នកដឹកនាំ ហើយពួកយុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង។
5
មនុស្សនឹងត្រូវសង្កត់សង្កិន គឺអ្នកមួយនឹងសង្កត់សង្កិនម្នាក់ទៀតព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះមនុស្សចាស់ ហើយមនុស្សថ្នាក់ទាប នឹងប្រជែងជាមួយមនុស្សថ្នាក់ខ្ពស់ដែរ។
6
មានមនុស្សម្នាក់ចាប់បង្ខំបងប្អូនបង្កើត ពីឪពុកតែមួយ ដោយនិយាយថា៖ អ្នកមានអាវធំដូច្នេះ សូមអ្នកធ្វើជាអ្នកគ្រប់គ្រង ហើយឲ្យទឹកដីនេះនឹងខ្ទេចខ្ទាំដោយដៃអ្នកចុះ។
7
នៅថ្ងៃនោះ អ្នកនឹងស្រែកដោយនិយាយថា៖ ខ្ញុំមិនមែនជាគ្រូពេទ្យទេ ខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ។ អ្នកមិនអាចធ្វើឲ្យខ្ញុំទៅជាមេដឹកនាំលើមនុស្សឡើយ»។
8
ដ្បិតក្រុងយេរូសាឡិមបានជំពប់ជើង ហើយយូដាក៏បានដួលចុះដែរ ដោយសារដំណើរហើយនិងទង្វើដែរទាស់នឹងព្រះអម្ចាស់ដើម្បីប្រមាថក្នុងព្រះនេត្រនិងសិរីរុងរឿងនៃព្រះ អង្គ។
9
មើលមុខពួកគេសម្តែងឃើញពីការប្រឆាំងរបស់ពួកគេ ហើយពួកគេប្រាប់អំពីបាបរបស់គេដូចអ្នកក្រុងសូដុម ពួកគេមិនលាក់លៀមសោះឡើយ។ វេទនាដល់គេ! ដ្បិតពួកគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
10
ចូរថ្លែងប្រាប់ទៅមនុស្សសុចរិតថាមិនអីទេគ្រប់យ៉ាងនឹងប្រសើរ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
11
វេទនាដល់មនុស្សអាក្រក់! ការអាក្រក់នឹងកើតឡើងដល់គេ ដ្បិតពួកគេនឹងទទួលផលតាមអំពើដែលដៃបានធ្វើ។
12
ប្រជារាស្ត្ររបស់យើង គឺជាកូនដែលសង្កត់សង្កិនដល់គេ ហើយពួកស្រីៗដ៏មានអំណាចលើគេដែរ។ ប្រជារាស្ត្ររបស់យើងដែលជាអ្នកនាំមុខអ្នកឲ្យវង្វេងហើយច្រឡំ ផ្លូវដែលអ្នកដើរនោះ។
13
ព្រះអម្ចាស់កំពុងឈរដើម្បីតវ៉ា ហើយព្រះអង្គឈរដើម្បីជំនុំជម្រះមនុស្ស។
14
ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យនិងពួកមេដឹកនាំនៃមនុស្សទាំងនោះ៖ «គឺអ្នកហើយដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ហើយប្លន់ទ្រព្យសម្បត្តិពីពួកអ្នកក្រ យកមកដាក់ក្នុងផ្ទះរបស់អ្នក។
15
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីប្រជារាស្ត្ររបស់យើង ហើយប្រមាថដល់អ្នកក្រីក្រដូច្នេះ?» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
16
ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយសារពួកកូនស្រីក្រុងស៊ីយ៉ូនមានអំនួត ហើយដើរបែបងើយក្បាល ផាត់រង្វង់ភ្នែកដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើងផង
17
ហេតុដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើកូនស្រីនៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយព្រះអម្ចាស់នឹងធ្វើឲ្យកេរ្ដិ៍ខ្មាស់របស់គេ នៅកណ្តាលវាលដែរ។
18
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងដកយកគ្រឿងអលង្ការ ដែលស្រស់ស្អាតចេញពី កជើង និងភ្នួងសក់ បន្តោងខ្សែក
19
ក្រវិល ខ្សែដៃ ស្បៃបាំងមុខ
20
ស្នៀតសក់ ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ហើយនិងការធ្វើឲ្យមានស្នេហ៍មុខ។
21
ព្រះជាម្ចាស់នឹងដកចិញ្ចៀន និង ចិញ្ចៀនពាក់លើច្រមុះ
22
សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប
23
កញ្ចក់កាន់ដៃ អាវពណ៌ទេសឯក ហើយនិងមួក ព្រមទាំងស្បៃរុំខ្លួន។
24
ផ្ទុយទៅវិញ ក្លិនទឹកអប់ប្រែទៅជាក្លិនស្អុយ ហើយ
ខ្សែវាត់ទៅជាខ្សែពួរទៅវិញ ជំនួសឲ្យសក់មានរបៀបទៅជាគ្មានសក់វិញ ហើយជំនួយអាវស្អាតបែបជាក្រណាត់ធ្វើពីថង់វិញ ខំដេញតាមម៉ូតទំនើបជំនួសឲ្យភាពស្រស់ស្អាតវិញផងដែរ។
25
ពួកប្រុសៗរបស់អ្នកនឹងដួល ដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នកនឹងស្លាប់ក្នុងចម្បាំង។
26
នៅទ្វារក្រុងយេរូសាឡិម នឹងយំសោកហើយកាន់ទុក្ខ ហើយនាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង។