ជំពូក ២
1
នេះជាសេចក្ដីដែលព្យាការីអេសាយ ជាកូនរបស់េអម៉ូស បានទទួលតាមនិមិត្តដែលនឹងកើតឡើង ទាក់ទងទៅនិងយូដា ហើយនិងក្រុងយេរូសាឡិម
2
នៅថ្ងៃចុងក្រោយបង្អស់ ភ្នំនៃដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានតម្កើងឡើង គឺដូចជាភ្នំខ្ពស់បំផុត ហើយវានឹងត្រូវលើកឡើងខ្ពស់ដូចជាជួរភ្នំ ប្រជាជាតិទាំងមូលនឹងហូរទៅតាមវាដែរ។
3
មនុស្សជាច្រើននឹងចូលមកហើយពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ ព្រះវិហារនៃព្រះរបស់លោកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលនៃព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡិមដែរ។
4
ព្រះអង្គនឹងធ្វើជាចៅក្រមរវាងជនជាតិទាំងអស់ ហើយសម្រុះសម្រួលមនុស្សជាច្រើន ពួកគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាកណ្ដៀវវិញ ប្រជាជាតិមួយនឹងឈប់ច្បាំងនឹងប្រជាជាតិមួយទៀត ហើយគេនឹងមិនហ្វឹកហាត់ក្នុងការធ្វើសង្គ្រាមទៀតដែរ។
5
កូនចៅរបស់យ៉ាកុប ចូរមកហើយសូមឲ្យយើងដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់។
6
ដ្បិតអ្នកបានបោះបង់ចោល ប្រជាជនខ្លួនឯង គឺកូនចៅរបស់យ៉ាកុប ដោយសារតែពួកគេមានគ្រូមន្តអាគមពីទិសខាងកើត ហើយពួកគេមានគ្រូទាយច្រើនដូចនៅភីលីស្ទីន ហើយពួកគេបានចងសម្ពន្ធមិត្តនឹងពួកជនជាតិបរទេស។
7
ទឹកដីរបស់ពួកគេពោពេញទៅដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ទេ ទឹកដីរបស់ពួកគេក៏សម្បូរទៅដោយសេះ រទេះចម្បាំងរបស់គេរាប់មិនអស់។
8
ទឹកដីរបស់គេក៏ពោរពេញទៅដោយ រូបសំណាកព្រះក្លែងក្លាយដែរ ពួកគេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
9
មនុស្សនឹងត្រូវក្រាប់ចុះ ហើយម្នាក់ៗនឹងត្រូវដូលចុះ ដូច្នោះហើយសូមកុំលើកពួកគេឡើងវិញអី។
10
ចូរទៅលាក់ខ្លួននៅកន្លែងក្រោមថ្ម និងក្នុងដី ដើម្បីឲ្យគេចចេញពីការភ័យខ្លាចនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។
11
ព្រះអង្គនិងបន្ទាបមនុស្សដែលមានឬកខ្ពស់ចុះ ហើយមនុស្សមានចិត្តអួតអាងក៏ត្រូវទាបចុះដែរ មានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលនឹងបានតម្កើងឡើងនៅថ្ងៃនោះ។
12
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់អស់អ្នកណាដែលមានចិត្តអំនួត ហើយនិងមនុស្សដែលមានចិត្តឆ្មើងឆ្មៃ នោះព្រះជាម្ចាស់នឹងបន្ទាបចុះវិញ
13
ហើយព្រះអង្គនឹងទាស់ជាមួយនឹងដើមឈើដែលខ្ពស់ៗទាំងនោះ នៅក្នុងទឹកដីលីបង់ ហើយគ្រប់ទាំងដើមម៉ៃសាក់នៅក្នុងទឹកដីបាសានផងដែរ។
14
នៅថ្ងៃនៃព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ព្រះអង្គនឹងទាស់ជាមួយនឹងភ្នំទាំងឡាយ ហើយនឹងពួកជួរភ្នំដែលបានត្រូវលើកតម្កើនផងដែរ
15
ហើយព្រះអង្គទាស់ជាមួយនិងប៉មខ្ពស់ៗ និងកំពែងដែលរឹងមាំដែរ
16
ហើយព្រះអង្គទាស់ជាមួយនិងសំពៅទាំងអស់នៅតើស៊ីស ព្រមទាំងទាស់និងនាវាដ៏ល្អប្រណិតទាំងនោះផង។
17
ពួកមនុស្សអំនួតនឹងត្រូវបាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះដែរ ព្រះអម្ចាស់មួយអង្គគត់ ដែលត្រូវលើកតម្កើង នៅថ្ងៃនោះ។
18
គ្រប់ទាំងរូបព្រះ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។
19
មនុស្សនឹងចូលទៅក្នុងរអាងថ្មហើយក្នុងរូងដី ដើម្បីគេចពីព្រះសេចក្តីក្រោធនៃព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ នៅគ្រាដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។
20
នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបព្រះរបស់ពួកគេដែលបានធ្វើពីមាសហើយនិងប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យសត្វកណ្តុរនិងសត្វប្រចៀវ។
21
មនុស្សនឹងនាំគ្នាចូលទៅពួនក្នុងគំលាតថ្ម និងក្រហែងភ្នំ ដើម្បីគេចចេញពីព្រះពិរោធនៃព្រះអម្ចាស់ និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអម្ចាស់ ពេលដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។
22
ចូរឈប់ទុក្ខចិត្តមនុស្ស ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញចូលតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?