ជំពូក ២២

1 សេចក្ដី​ប្រកាស​​អំពី​ជ្រលង​ភ្នំ នៃ​​និមិត្ត តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ? 2 ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់មិនបានស្លាប់ដោយដាវទេ ហើយពួកគេក៏មិនបានស្លាប់នៅក្នុងចម្បាំង។ 3 ពួក​អ្នក​ដែល​ដឹកនាំ​លើ​អ្នក ​បាន​រត់​ទៅ​ជា‌មួយ​គ្នា តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ ពួក​អ្នក​ដែល​គេ​រក​ឃើញ ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ។ 4 ដូច្នេះហើយ ខ្ញុំនិយាយថា៖ «កុំមើលមកខ្ញុំអី ខ្ញុំ​នឹង​ទុក្ខសោកខ្លាំងណាស់ មិន​បាច់​លោងចិត្តខ្ញុំទេ ដោយ​ព្រោះ​ជនជាតិ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ​ត្រូវបាន​បំផ្លាញ​ហើយ»។ 5 ដ្បិត​ថ្ងៃ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចលជាថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត នៅជ្រលងភ្នំនៃនិមិត្ត គឺការបាក់បែកនៃកំពែង ហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។ 6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មកហើយ​ក៏​មាន​រទេះ​ចម្បាំង និង​កង‌ពល​សេះមក​ជា​មួយ​ដែរ ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។ 7 វានឹងមកតាមច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​អ្នក បាន​ពេញ​ដោយ​រទេះ​ចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។ 8 ព្រះអង្គដកការការពារពីស្រុកយូដា ហើយនៅថ្ងៃនោះអ្នក​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​ ដែលនៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ។ 9 អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង របស់​ព្រះ‌បាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែង អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក។ 10 អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះដើម្បីពង្រឹងកំពែងក្រុង។ អ្នកបានធ្វើអាងស្តុកទឹកនៅចន្លោះកំផែងទាំងពីរ សម្រាប់ទឹកនៃអាងចាស់។ 11 អ្នក​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នេះ​ជា​យូរ​មក​ហើយ​។ 12 នៅគ្រានោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានយំសោកកាន់ទុក្ខដោយកោរសក់និងស្លៀកបាវ។ 13 ប៉ុន្តែមើលទៅអ្នករាល់គ្នាបែជាធ្វើការអបអរនិងរីករាយដោយសម្លាប់គោ ស៊ីសាច់ចៀមនិងផឹកស្រា។ ដោយ​ពោល​ថាយើងនាំគ្នាស៊ីផឹកទៅ ព្រោះស្អែកយើងមុខជាស្លាប់មិនខាន។ 14 ព្រះអម្ចាស់នៃពិភពទាំងមូលបានសំដែងអោយខ្ញុំ «ដឹងថាអំពើទុច្ចរិតនេះនឹងមិនត្រូវអត់ទោសអោយអ្នកឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។ 15 ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌រាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ៖ 16 «តើអ្នក​ធ្វើ​អ្វី​នៅ​ទី​នេះ តើអ្នកបានការអនុញ្ញាតមកពីណា បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ ​អ្នក​បាន​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម?» 17 មើល៍! ព្រះអម្ចាស់នឹង​បោះ​អ្នក​ចោល​ទៅ​ មនុស្សដែលពេញដោយ​កម្លាំងអើយ នឹងបោះអ្នកទៅក្រោម ហើយព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិតបំផុត។ 18 ព្រះអង្គ​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​បាល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយដែរ។ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះចម្បាំងដ៏​រុងរឿង​របស់​អ្នក ​អ្នក​បាន​បន្ថោក​ដំណាក់​នៃម្ចាស់​អ្នក! 19 «យើង​នឹង​បណ្តេញ​អ្នក​ពី​ដំណែង​ចេញ។ ហើយ​អ្នក​នឹង​ត្រូវ​ទម្លាក់​ចុះ​ពីតួនាទី។ 20 នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នក​បម្រើ​របស់​យើង ឲ្យ​មក គឺ​អេលា‌គីម​ជា​កូន​ហ៊ីលគី‌យ៉ា។ 21 យើង​នឹង​យក​អាវ​ស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ដក​អំណាច​របស់​អ្នកប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។ 22 យើង​នឹង​ប្រគល់​កូន​សោរាជ្យ​វាំងរបស់​ស្ដេច​ដាវីឌ​ឲ្យ​ដាក់​លើ​ស្មា​គាត់ បើគាត់​​បើកគ្មានអ្នក​ណា​បិទ​បាន​ឡើយ ហើយ​បើ​គាត់​បិទក៏​គ្មាន​នរណា​បើក​បាន​ដែរ។ 23 យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម ហើយ​គាត់​នឹង​ធ្វើ​ជា​បល្ល័ង្ក​ដ៏​រុងរឿង​ដល់​វង្សា​នៃ​បិតា​គាត់។ 24 ពួកគេពឹងផ្អែកលើគាត់ទាំងអស់​នូវ​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំងនិង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន។ 25 នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ ដែក​គោល​ដែល​បោះ​ភ្ជាប់ លើ​ឈើ​ខ្លឹម​នោះ​ នឹង​បាក់​របូត​ធ្លាក់​ចុះ​មក ហើយ​អ្វីៗ​ដែល​ព្យួរ​នៅ​នឹង​ដែក​គោល​នោះ ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ ដ្បិតព្រះ‌ជា‌អម្ចាស់បានមានព្រះបន្ទូល។