ជំពូក ៧
1
តើមនុស្សមិនបានធ្វើការលំបាកនៅលើផែនដីទេ? តើមនុស្សមិនបានដូចជាថ្ងៃ របស់អ្នកស៊ីឈ្នួលទេឬអី?
2
ដូចជាទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់ឈ្នូលយ៉ាងបែបនោះដែរ
3
ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ បែបយ៉ាងនោះដែរ។
4
ពេលខ្ញុំផ្តេកខ្លួនលូនចុះ នោះក៏ខ្ញុំនិយាយថា៖ តើពេលណាខ្ញុំនឹងក្រោកឡើង និងពេលណាទើបយប់នឹងបានឆ្លងផុត? ហើយខ្ញុំចេះតែប្រះខ្លួននិងងាកចុះឡើង រហូតដល់ទៀបភ្លឺឡើង។
5
រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយស្អុយផង។
6
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញ ពេលណាអស់អំបោះ គ្មានអ្វីសង្ឃឹមទៀតដែរ។
7
ព្រះជាម្ចាស់នឹកចាំផងថា ជីវិតរបស់ទូលបង្គំ ប្រៀបបាននឹងមួយដង្ហើមទេ ហើយភ្នែករបស់ទូលបង្គំ នឹងមើលអ្វីល្អមិនឃើញទេ។
8
ព្រះអង្គទតមកទូលបង្គំ តែលែងឃើញទូលបង្គំទៀតហើយ
ព្រះអង្គនឹងខំរកមើលទូលបង្គំ តែទូលបង្គំបាត់សូន្យទៅ។
9
ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចឡើងមកវិញបានដែរ។
10
គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
11
ហេតុនេះ ទូលបង្គំមិនអាចបិតមាត់បានឡើយ ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត ទូលបង្គំនឹងត្អូញត្អែរក្នុងការជូរល្វីញនៅក្នុងព្រលឹងរបស់ទូលបង្គំ។
12
តើទូលបង្គំជាសមុទ្រ ឬជាសត្វរស់ក្នុងសមុទ្រ ដែលព្រះអង្គបានទូតមើលទូលបង្គំត្រូវទេ?
13
ទូលបង្គំពោលថា៖ គ្រែដែលខ្ញុំដំណេក ជួយឲ្យខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់
14
ដ្បិត ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត ដោយយល់សប្ដិអាក្រក់ ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ ដោយឃើញសុបិននិមិត្តមិនល្អ។
15
ទូលបង្គំចង់អត់ដង្ហើមស្លាប់ ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ។
16
ស្អប់ជីវិតរបស់ទូលបង្គំណាស់ ទូលបង្គំមិនចង់រស់រហូតទេ សូមទុកទូលបង្គំឲ្យនៅតែឯង ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17
តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ព្រះអង្គនឹកគិតដល់គេបែបនេះ
18
ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក ព្រះអង្គល្បងលគេគ្រប់ពេលវេលាពិតទេ?
19
តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ ដល់កាលណាទៀត សូមទុកឲ្យទូលបង្គំមានពេល លេបទឹកមាត់ផង?
20
ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
21
តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងដេកលើដី ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំសូន្យបាត់ទៅហើយ»។