ជំពូក ៥

1 ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះ តើ​មាន​នរណា​នឹងឆ្លើយ​តប​មក​លោក? តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយ ឲ្យ​មក​ជួយ​បានទេ? 2 ដ្បិតកំហឹងរមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការច្រណែនសម្លាប់អ្នកដែលផ្តេសផ្តាស។ 3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​បានចាក់ឬស ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសាផ្ទះ​របស់​គេ​។ 4 កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព ពួកគេបុកចូលមកតាមទ្វារក្រុង។ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ពួកគេឡើយ។ 5 ពួក​មនុស្ស​អត់​បាយ​នាំ​គ្នា​មកសុី ​ភោគ‌ផល​របស់​គេ ទោះ​បី​មាន​បន្លា​ជុំ‌វិញ​ក៏ពួកគេសុីដែរ។ យក​​ទ្រព្យ‌សម្បត្តិធ្វើជា​របស់​គេ។ 6 ដ្បិតសេចក្តីវេទនា​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​មកទេ ហើយ​បញ្ហា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដីមក​ដែរ។ 7 ផ្ទុយទៅវិញ មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា ដូច​ផ្កា​ភ្លើង​ដែល​ហើរ​ទៅ​លើ។ 8 ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​បែរទៅរក​ព្រះជាម្ចាស់ ខ្ញុំ​នឹងឲ្យពាក្យបណ្តាសា​ទៅចំពោះ​ព្រះអង្គ 9 គឺ​ព្រះ‌ជាម្ចាស់ដែល​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។ 10 ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ។ 11 ព្រះជាម្ចាស់​លើក​មនុស្ស​ទន់‌ទាប​ឡើង ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។ 12 ព្រះអង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិច មិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការ របស់​ខ្លួន​បាន​ឡើយ។ 13 ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ ធ្លាក់​ក្នុង​ល្បិច​កិច្ច‌កល​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​ន័យ។ 14 នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើង ដូច​ដើរ​នៅ​ពេល​យប់​ងងឹត ហើយ​ពួក​គេ​ដើរ​ស្ទាបៗ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់​ដែរ។ 15 ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​អ្នកក្រីក្រ ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។ 16 ដូច្នេះ ​សេចក្ដី​សង្ឃឹម មានដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។ 17 មើល! មានពរហើយអ្នកដែលព្រះ‌ជាម្ចាស់​កែតម្រូវ ​មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះជាម្ចាស់ឡើយ។ 18 ដ្បិតព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់ ធ្វើ​ឲ្យ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នោះ ដោយ​ព្រះ‌ហស្ថរបស់​ព្រះអង្គ​ផ្ទាល់។ 19 ព្រះអង្គ​នឹងជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក ចំនួន​ប្រាំ​មួយ​ដង នឹង​ទី​ប្រាំ‌ពីរផង គ្មានការ​អាក្រក់​នឹង​ពាល់លោកបានឡើយ។ 20 នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។ 21 ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។ 22 លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​នៅផែនដីឡើយ។ 23 ដ្បិត ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​ដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោក​ដែរ។ 24 លោក​នឹង​មានសុវត្តិភាព​នៅ​ក្នុង ទី​លំ‌នៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។ 25 លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។ 26 លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។ 27 មើល! យើង​បាន​សង្កេត​មើល​បញ្ហានេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ»។