ជំពូក ២២
1
លោកអេលីផាស ជនជាតិថេម៉ាន ឆ្លើយឡើងថា៖
2
«តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? តើមនុស្សមានប្រាជ្ញា មានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់?
3
បើអ្នកជាមនុស្សសុចរិត តើមានអ្វីដែលជាសំអាងដល់ព្រះជាម្ចាស់? បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង តើជាកម្រៃដល់ព្រះអង្គឬ?
4
តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះជាម្ចាស់ បានជាព្រះអង្គបន្ទោសអ្នក ហើយយកអ្នកមកដាក់ទោសឬ?
5
តើមិនមែនអំពើអាក្រក់អ្នកធំទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះចប់ដែរឬ?
6
ដ្បិតអ្នកមានតម្រូវការ និងចង់បានសំណង ពីការខ្ចីរបស់បងប្អូនអ្នកដោយឥតហេតុ ហើយបានជំរឹតទាំងដោះយកខោអាវ ពីពួកគេផង។
7
អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
8
ទោះបីអ្នកជាមនុស្សខ្លាំងពូកែ បានជាម្ចាស់លើផែនដី ហើយជាមនុស្សមានស្មោះត្រង់ក្តី សូមរស់នៅជាមួយវាទៅ។
9
អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា។
10
ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗ មកបំភ័យអ្នក។
11
មានសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។
12
តើព្រះអង្គមិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬ? ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ!
13
អ្នកពោលថា តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ? តើព្រះអង្គអាចទតទម្លុះសេចក្ដីងងឹត មកជំនុំជម្រះបានដែរឬ?
14
មានពពកយ៉ាងក្រាស់នៅហ៊ុមព្រះអង្គជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយព្រះអង្គក៏យាងនៅតែលើផ្ទៃមេឃ។
15
តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយ
16
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
17
គេបានទូលដល់ព្រះជាម្ចាស់ថា សូមយាងចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន?
18
ប៉ុន្តែ គឺព្រះអង្គដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់ នៅឆ្ងាយពីខ្ញុំទៅ។
19
ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា។
20
ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ សំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
21
ពេលនេះ ចូរចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
22
ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។
23
បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នក។
24
ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីទឹកដីអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង
25
នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ។
26
ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។
27
លោកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
28
កាលណាលោកសម្រេចធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង និងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ។
29
ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
30
សូម្បីតែមនុស្សមានទោសក៏ព្រះអង្គសង្រ្គោះដែរ ដូច្នេះ ព្រះអង្គនឹងជួយលោក តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។