ជំពូក ២០
1
ពេលនោះ សូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖
2
«គឺដោយហេតុនោះបានជាគំនិតខ្ញុំ បណ្ដាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។
3
ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ តែវិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ បានឆ្លើយមកកាន់ខ្ញុំ។
4
តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះជាម្ចាស់បានដាក់មនុស្សឲ្យមាននៅផែនដី:
5
នោះជ័យជម្នះរបស់មនុស្សអាក្រក់គឺខ្លី ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរឬ?
6
ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7
គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
8
គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិន ឥតមានអ្នកណាឃើញទៀតឡើយ គេនឹងត្រូវបណ្តេញទៅដូចជា ការស្រមើស្រមៃនៅពេលយប់។
9
នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
10
កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ ទ្រព្យសម្បត្តិទៅវិញ។
11
ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។
12
ទោះបើសេចក្ដីអាក្រក់ មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត
13
ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ
14
គង់តែអាហារនៅក្នុងពោះគេបានប្រែ ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។
15
គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះជាម្ចាស់នឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។
16
គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក។
17
គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។
18
គេប្រគល់ឲ្យផ្លែឈើទៅអ្នកជិតខាងវិញ ហើយពួកគេទំពារលេបមិនបានទេ ទ្រព្យសម្បត្តិ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។
19
ព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះមួយ ដែលខ្លួនមិនបានសង់ផង។
20
គេមានចិត្តលោភលន់មិនចេះស្កប់ តែគេមិនអាចរក្សាទុកនូវអ្វីៗ ដែលគេពេញចិត្តនោះបានឡើយ។
21
គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់ តែភាពចម្រុងចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេររហូតទេ។
22
ក្នុងពេលកំពុងតសម្បូរសប្បាយ នោះគេបែរជាខ្វះខាតវិញ ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
23
នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ហើយព្រះអង្គធ្វើឲ្យភ្លៀងនៅពេលគេបរិភោគអាហារ។
24
ទោះបីជាគេ រត់គេចពីអាវុធដែក នោះធ្នូរលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ។
25
ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
26
អស់ទាំងសេចក្ដីងងឹត បានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំ បានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ ដែលនៅសល់ក្នុងទីលំនៅរបស់គេ។
27
ផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ ហើយទាំងផែនដី នឹងក្រោកឡើងទាស់នឹងគេដែរ។
28
ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។
29
នេះជាចំណែករបស់មនុស្សអាក្រក់ ត្រូវទទួលពីព្រះជាម្ចាស់ ជាមរតក ដែលព្រះអង្គចែកឲ្យដល់គេ»។