ជំពូក ១៩
1
ពេលនោះ លោកយ៉ូបឆ្លើយថា៖
2
«តើអ្នករាល់គ្នាធ្វើទុក្ខដល់ខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត?
3
មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ អ្នករាល់គ្នាមិនមានសេចក្តីខ្មាសសោះ ដែលធ្វើបាបខ្ញុំ។
4
ប្រសិនបើខ្ញុំបានធ្វើខុសមែន កំហុសនោះនៅជាប់តែខ្លួនខ្ញុំទេ។
5
ប្រសិនបើអ្នករាល់គ្នាចង់តម្កើងខ្លួន ឲ្យខ្ពស់ពីខ្ញុំ ហើយជជែកយកខុសត្រូវ ដើម្បីនឹងទាស់នឹងខ្ញុំ
6
ត្រូវដឹងថា គឺព្រះជាម្ចាស់ដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយសំណាញ់របស់ព្រះអង្គដែរ។
7
មើល! ពេលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ។ ខ្ញុំស្រែករកជំនួយ តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
8
ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។
9
ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងយកមកុដចេញពីក្បាលខ្ញុំផង។
10
ព្រះអង្គបានបំផ្លាញខ្ញុំគ្រប់ទិស ហើយខ្ញុំកំពុងតែវិនាសទៅ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ ព្រះអង្គបានរំលើង ដូចជាដើមឈើ។
11
ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។
12
ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
13
ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។
14
ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំដែរ។
15
ភ្ញៀវដែលធ្លាប់ស្នាក់ក្នុងផ្ទះខ្ញុំ ហើយនិងពួកស្រីបម្រើ បានចាត់ទុកខ្ញុំដូចជាមនុស្សចម្លែក ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។
16
ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។
17
ដង្ហើមរបស់ខ្ញុំបានស្អប់ដល់ប្រពន្ធខ្ញុំ ហើយរូបកាយរបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនដែលបានកើតពីម្តាយខ្ញុំ។
18
ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវា និយាយបង្កាច់ខ្ញុំ។
19
ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។
20
ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។
21
អ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្ថនៃព្រះជាម្ចាស់បានពាល់ខ្ញុំហើយ។
22
ហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើទុក្ខដល់ខ្ញុំដូចជាព្រះជាម្ចាស់ដែរ? ហេតុអ្វីបានអ្នកនៅមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត?
23
ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ! ឱបើបានកត់ទុកក្នុងសៀវភៅមួយក្បាលនោះ!
24
គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ!
25
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
26
ក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះជាម្ចាស់។
27
ខ្ញុំនឹងបានឃើញព្រះជាម្ចាស់ដោយភ្នែកខ្ញុំ មិនមែនអ្នកផ្សេងទេ។ ចិត្តខ្ញុំបានចុះចាញ់នៅក្នុងខ្លួនខ្ញុំ ដោយរង់ចាំពេលនោះ។
28
ដូច្នេះ បើអ្នករាល់គ្នាពោលថា ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ
29
យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា
មានសេចក្ដីយុត្តិធម៌ដែរ»។