ជំពូក ១៨
1
បន្ទាប់មក ប៊ីលដាឌ ជនជាតិស៊ូអា ក៏ឆ្លើយឡើងថា៖
2
«តើអ្នករាល់គ្នានឹងនៅតែ និយាយដល់កាលណាទៀត? ចូរពិចារណាចុះ រួចយើងនឹងនិយាយ។
3
ហេតុអ្វីបានជាយើងត្រូវរាប់ទុក ដូចជាសត្វតិរច្ឆាន ហេតុអ្វីបានជាយើងទៅជាមនុស្សល្ងីល្ងើ នៅក្នុងភ្នែករបស់អ្នក?
4
អ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ?
5
ពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ។
6
ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ។
7
អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ ហើយផែនការរបស់គេនឹងផ្តួលគេផងដែរ។
8
ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់សំណាញ់ គេដើរទៅរកអន្ទាក់ជានិច្ច។
9
អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ។
10
មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ។
11
សេចក្ដីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ។
12
ទ្រព្យរបស់គេទៅជាការអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀប ជាស្រេចនៅខាងគេ។
13
ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ដៃជើងរបស់គេដែរ។
14
គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេច នៃសេចក្ដីស្ញែងខ្លាច។
15
មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ ទីអាស្រ័យរបស់គេ។
16
ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើមែករបស់គេនឹងត្រូវកាច់ចេញ។
17
ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។
18
គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយផង។
19
គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។
20
ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។
21
ជាការពិតណាស់ ផ្ទះរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះជាម្ចាស់»។