ជំពូក ១៧
1
វិញ្ញាណខ្ញុំខ្ទេចខ្ទាំអស់ហើយ អាយុរបស់ខ្ញុំក៏បញ្ចាប់ដែរ ផ្នូរត្រៀមរួចសម្រាប់ខ្ញុំ។
2
នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។
3
សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន?
4
ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេនៅចំពោះទូលបង្គំឡើយ។
5
គេលួងលោមមិត្តសម្លាញ់ខ្លួន ឲ្យតែបានទ្រព្យសម្បត្តិ ហើយភ្នែករបស់កូនគេកាន់តែងងឹត។
6
ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀបដល់មនុស្ស ហើយគេស្តោះដាក់ចំមុខខ្ញុំ។
7
ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ ទុកដូចជាស្រមោលទទេ។
8
មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យ ពីដំណើរនេះហើយមនុស្សផូរផង់ គេនឹងលើកគ្នា ទាស់នឹងមនុស្សទមិឡល្មើស។
9
ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។
10
ចំណែកអ្នករាល់គ្នា សូមអញ្ជើញមកវិញ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយ ដែលមានប្រាជ្ញាឡើយ។
11
អស់ទាំងថ្ងៃអាយុខ្ញុំបានកន្លងហួសទៅ គម្រោងការរបស់ខ្ញុំត្រូវរលាយ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ។
12
ពួកឡកលើយ ធ្វើឲ្យយប់ទៅជាថ្ងៃ ពន្លឺនៅក្បែរងងឹតដែរ។
13
ចាប់តាំងពីខ្ញុំបានសម្លឹងមើល ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយខ្ញុំបានធ្វើឲ្យគ្រែធំនៅទីងងឹត
14
គ្រាខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកខ្ញុំ ហើយពោលទៅដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ
15
តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? តើមានអ្នកណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំទេ? តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់?
16
តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»