ជំពូក ១៦
1
នោះលោកយ៉ូបឆ្លើយឡើងថា៖
2
«ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។
3
តើពេលណាពាក្យឥតប្រយោជន៍ទាំងនេះត្រឹមចប់? តើមានអ្វីសុខជាមួយអ្នករាល់គ្នា បានធ្វើឲ្យអ្នកឆ្លើយមកដូច្នេះ?
4
ខ្ញុំក៏អាចនិយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើអ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។
5
ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យលើកទឹកចិត្ត ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា!
6
តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវានឹងជួយអ្វីដល់ខ្ញុំ?
7
ប៉ុន្តែពេលនេះ ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។
8
ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក នឹងឆ្អឹង ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ ក៏ទាស់នឹងខ្ញុំដែរ គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។
9
ព្រះជាម្ចាស់បានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។
10
ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងនៅលើមុខរបស់ខ្ញុំ ហើយប្រមូលគ្នាដើម្បីនឹងទាស់ជាមួយខ្ញុំ។
11
ព្រះជាម្ចាស់បានប្រគល់ខ្ញុំទៅមនុស្សទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំ ទៅក្នុងកណ្ដាប់ដៃនៃពួកអាក្រក់។
12
ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ។ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។
13
ពួកពលធ្នូរបស់ព្រះអង្គឡោមព័ទ្ធខ្ញុំ ព្រះអង្គពុះចិត្តថ្លើមខ្ញុំជាពីរឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី។
14
ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែខាងសង្គៀម។
15
ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ ហើយបានដាក់កិតិ្តយសខ្ញុំចុះក្នុងធូលីដី។
16
ខ្ញុំយំឡើងមុខរបស់ខ្ញុំក្រហម ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។
17
ទោះបីជា ខ្ញុំគ្មានសេចក្ដីអាក្រក់ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានរបស់ខ្ញុំគឺបរិសុទ្ធ។
18
ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំ ឈប់សម្រាកបានឡើយ។
19
ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។
20
ពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ប៉ុន្តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់។
21
ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន!
22
ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់ នោះខ្ញុំនឹងទៅតាមផ្លូវ ដែលមិនត្រឡប់មកវិញឡើយ។