ជំពូក ៤៩

1 បន្ទាប់មក លោកយ៉ាកុបបានហៅកូនប្រុសៗរបស់គាត់ ហើយប្រាប់ថា៖ «ចូរមកជួបជុំគ្នា ដើម្បីឲ្យពុកអាចប្រាប់នូវអ្វីដែលនឹងកើតឡើងជាមួយកូនៗនាពេលអនាគត។

2 ចូរជួបជុំគ្នា ហើយស្តាប់កូនប្រុសៗរបស់យ៉ាកុបអើយ។ ចូរស្តាប់លោកអ៊ីស្រាអែល ជាឪពុករបស់អ្នករាល់គ្នា។
3 រូបេន កូនគឺជាកូនច្បងរបស់ឪពុក ជាឬទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ឪពុក កូនមានកិត្តិយស និងអំណាចខ្លាំងជាងគេ។
4 កូនប្រៀបដូចជាទឹកហូរដែលមិនអាចឃាត់បាន តែកូនមិនអាចធ្វើមេបានទេ ដោយសារកូនបានឡើងទៅលើគ្រែរបស់ឪពុក។ បន្ទាប់មក កូនបានបង្ខូចកិត្តិយសរបស់ឪពុក ដោយកូនឡើងទៅដេកជាមួយភរិយារបស់ឪពុក។
5 ស៊ីម្មាន និង​លេវី​ ជា​បងប្អូន​​គ្នា។ ដាវរបស់ពួកគេបានប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ។
6 ឱព្រលឹងខ្ញុំអើយ សូមកុំឲ្យខ្ញុំចូលរួមទៅក្នុងគំនិតរបស់ពួកគេ ហើយកុំចូលរួមជាមួយការជួបជុំរបស់គេឡើយ ដ្បិត ដួងចិត្តរបស់ខ្ញុំខឹងចំពោះអំពើឃោរឃៅនោះ។ ដ្បិត នៅក្នុងកំហឹងរបស់ពួកគេ ពួកគេបានសម្លាប់មនុស្ស។ ហើយពេលគេសប្បាយ ពួកគេកាត់ជើងគោ។
7 សូមឲ្យបណ្តាសាធ្លាក់លើកំហឹងរបស់ពួកគេ ដ្បិត ជាកំហឹងដ៏ខ្លាំង ហើយកំហឹងដ៏ខ្លាំងនេះ អាក្រក់ណាស់។ ឪពុកនឹងញែកពួកគេចេញពីយ៉ាកុប ហើយបំបែកពួកគេចេញពីលោកអ៊ីស្រាអែល។
8 យូដា បងប្អូនរបស់កូននឹងសរសើរដល់កូន។ ដៃរបស់កូននឹងច្របាច់កខ្មាំងសត្រូវរបស់កូន។ បងប្អូនរបស់កូននឹងលុតជង្គង់នៅចំពោះកូន។
9 យូដាគឺជាតោស្ទាវ។ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបដេកចុះ វាបានដេក​ ដូចជាតោះឈ្មោល ដូចជាតោញី តើនរណាហ៊ានដាស់វា?
10 ដំបងរាជ្យនឹងមិនចេញឆ្ងាយពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏មិនឃ្លាតឆ្ងាយចេញពីជើងរបស់គាត់ដែរ រហូតតែស៊ីឡូមកដល់។ ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់។
11 លោកនឹងចងលារបស់លោកនឹងដើមទំពាំងបាយជូរ លោកបោកអាវរបស់លោកនៅក្នុងស្រាទំពាំងបាយជូរ ហើយបោកអាវវែងរបស់លោកនៅក្នុងទឹកទំពាំងបាយជូរដែរ។
12 ភ្នែករបស់លោកខ្មៅដូចជាស្រាទំពាំងបាយជូរ ហើយឆ្មេញរបស់លោកសដូចជាទឹកដោះគោ។
13 សាប់‌យូ‌ឡូន​នឹងរស់​នៅ​តាម​មាត់​សមុទ្រ។ គាត់នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​គាត់នឹង​លាត​សន្ធឹង​ទៅ​ដល់​ក្រុងស៊ីដូន។
14 អ៊ីសា‌ខារ​គឺ​ជា​សត្វ​លា​ដ៏រឹង​មាំ ដេក​នៅ​ក្នុងចន្លោះ​រោងចៀម។
15 គាត់បាន​ឃើញ​កន្លែង​សម្រាកដ៏ល្អ ហើយទឹកដីក៏​ស្រួល​រស់​នៅ​ផង។ គាត់ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែបផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។
16 ដាន់​នឹងគ្រប់‌គ្រង​លើ​ជនជាតិរបស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​មួយនៃកុលសម្ព័ន្ធអ៊ីស្រា‌អែល។
17 ដាន់​នឹងក្លាយជា​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ច​ចឹក​កែង​ជើង​សេះបណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។
18 ឱព្រះអម្ចាស់អើយ ទូលបង្គំរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
19 កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​ប្រហារលើកូន តែកូន​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នងរបស់ពួកគេ​វិញ។
20 អេ‌ស៊ើប​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​ កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​មហា‌ក្សត្រ។
21 ណែប‌ថាលី​គឺជា​សត្វ​ក្ដាន់​ញីដែល​រត់​ដោយ​សេរី កូននឹង​បង្កើត​កូន​យ៉ាង​ស្អាតៗ។
22 យ៉ូសែបគឺជាមែកដែលផ្លែ ដុះនៅជិតប្រភពទឹក មានមែកដុុះព័ទ្ធឡើងនៅលើជញ្ជាំង។
23 ខ្មាំងសត្រូវនឹងវាយប្រហារកូន ហើយគេនឹងបាញ់លើកូន ហើយវាយប្រហារកូនថែមទៀតផង។
24 ប៉ុន្តែ ធ្នូររបស់កូននឹងនៅតែរឹងមាំ ហើយដៃរបស់កូនមានភាពស្ទាត់ជំនាញ ដោយសារព្រះហស្តរបស់ព្រះដ៏ខ្លាំងពូកែរបស់លោកយ៉ាកុប ដោយព្រោះនាមព្រះអង្គជាអ្នកគង្វាល និងជាថ្មដានៃអ៊ីស្រាអែល។
25 ព្រះជាម្ចាស់ឪពុករបស់កូននឹងជួយកូន ហើយព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តានឹងប្រទានពរដល់កូនជាមួយនឹងព្រះពរដែលមកពីលើមេឃ ព្រះពរចេញពីទីជម្រៅដែលនៅខាងក្រោម និងព្រះពរពីទឹកដោះ និងពីផ្ទៃផង។
26 ពរឪពុករបស់កូនធំជាងពរដែលចេញពីភ្នំបុរាណ ឬអ្វីៗដែលគួរឲ្យចង់បានពីភ្នំបុរាណ។ សូមឲ្យពរនេះបានហូរមកលើក្បាលរបស់យ៉ូសែប ថែមទាំងមកលើមកុដនៅលើក្បាលរបស់មេនៃបងប្អូនរបស់កូន។
27 បេនយ៉ាមីនគឺ​ជា​ឆ្កែ​ចចកដែលស្រែកឃ្លាន។ នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នាស៊ី»។

28 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ នេះគឺជាអ្វីដែលឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេ នៅពេលកាត់ឲ្យពរដល់ពួកគេ។ គាត់បានឲ្យពរដល់ម្នាក់ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។ 29 បន្ទាប់មក គាត់បានបង្គាប់ដល់ពួកគេហើយនិយាយទៅកាន់ពួកគេថា៖ «ឪពុកជិតត្រឡប់ទៅរកដូនតារបស់ឪពុកវិញហើយ។ ចូរបញ្ចុះសពឪពុកជាមួយបុព្វបុរសរបស់ឪពុកនៅក្នុងល្អាងដែលនៅចម្ការរបស់​លោក​អេប្រូន ជន‌ជាតិ​ហេត 30 គឺនៅក្នុងល្អាងដែលនៅចម្ការរបស់លោក​ម៉ាក‌ពេឡា ដែលនៅក្បែរ​ម៉ាម‌រ៉េ ក្នុង​ទឹកដី​កាណាន ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បានទិញសម្រាប់ជាកន្លែងបញ្ចុះសពពីលោកអេប្រូន ជនជាតិហេត។ 31 ពួកគេបានបញ្ចុះសពរបស់លោកអប្រាហាំ និងនាងសារ៉ា ភរិយារបស់គាត់នៅទីនោះ ហើយក៏បញ្ចុះសពរបស់លោកអ៊ីសាក និងនាងរេបេកា ភរិយារបស់គាត់ និងនាងលេអានៅទីនោះដែរ។ 32 ចម្ការ និងល្អាងដែលបានទិញពីជនជាតិហេត»។ 33 ពេលលោកយ៉ាកុបបានបង្គាប់ដល់កូនៗរបស់គាត់ចប់សព្វគ្រប់ហើយ គាត់បានលើកជើងដាក់លើគ្រែវិញ ហើយបានដកដង្ហើមចុងក្រោយរបស់គាត់ ហើយបានត្រឡប់ទៅបុព្វបុរសរបស់គាត់វិញទៅ។