ជំពូក ៤៦

1 លោកអ៊ីស្រាអែលបានធ្វើដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅឯបៀរ‌សេបា។ នៅទីនោះ គាត់បានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់លោកអ៊ីសាក ឪពុករបស់គាត់។ 2 ព្រះជាម្ចាស់មានបន្ទូលនឹងលោកអ៊ីស្រាអែលនៅក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប យ៉ាកុប»។ គាត់ទូលតបថា៖ «ទូលបង្គំនៅទីនេះ»។ 3 ព្រះអង្គមានបន្ទូលថា៖ «យើងគឺជាព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់ឪពុករបស់អ្នក។ កុំភ័យខ្លាច នឹងចុះទៅក្នុងទឹកដីអេស៊ីបឡើយ ដ្បិត យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិដ៏ធំនៅទីនោះ។ 4 យើងនឹងចុះទៅអេស៊ីបជាមួយអ្នក ហើយយើងនឹងនាំអ្នកត្រឡប់មកវិញ ហើយលោកយ៉ូសែបនឹងបានបិទភ្នែករបស់អ្នកនៅដៃរបស់គាត់ផ្ទាល់»។ 5 លោកយ៉ាកុបក៏ក្រោកឡើងចេញពីបៀរ‌សេបា។ កូនប្រុសៗរបស់អ៊ីស្រាអែលបានដឹកជញ្ជូនលោកយ៉ាកុប ឪពុករបស់ពួកគេ កូនចៅរបស់ពួកគេ ព្រមទាំងភរិយារបស់ពួកគេ នៅក្នុងរទេះដែលស្តេចផារោនបានផ្ញើមកឲ្យដឹកគាត់។ 6 ពួកគេបានយកហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ​ដែលពួកគេបានរកបាននៅក្នុងទឹកដីកាណាន។ ពួកគេបានចូលទៅដល់អេស៊ីប លោកយ៉ាកុប និងកូនចៅទាំងអស់របស់គាត់ទៅជាមួយគាត់ដែរ។ 7 គាត់បាននាំកូនៗរបស់គាត់ និងចៅៗរបស់គាត់ កូនស្រីៗ និងចៅស្រីៗ ព្រមទាំងពូជពង្សទាំងអស់របស់គាត់ទៅអេស៊ីបជាមួយគាត់។

8 អ្នកទាំងនេះ គឺជាឈ្មោះកូនចៅរបស់លោកអ៊ីស្រាអែល ដែលចុះមកអេស៊ីប លោកយ៉ាកុប និងកូនប្រុសៗរបស់គាត់៖ ​លោករូបេនលោក​យ៉ាកុប ជាកូន​ច្បង​របស់​លោក​យ៉ាកុប។

9 កូន​ប្រុស​ៗរបស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។

10 កូន​ប្រុស​ៗរបស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។

11 កូន​ប្រុស​ៗរបស់​លោក​លេវី​មាន គើរ‌សុន កេហាត់ និង​ម៉្រារី។

12 កូន​ប្រុសៗ​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (ប៉ុន្តែ អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ទឹកដីកាណាន)។ កូន​ប្រុស​ៗរបស់​ពេរេស​មាន ហេស្រុន និង​ហាមុល។

13 កូន​ប្រុសៗ​របស់​លោក​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា យ៉ូប និង​ស៊ីម‌រ៉ូន។

14 កូន​ប្រុសៗ​របស់​លោក​សាប់យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។ 15 អ្នក​ទាំង​នោះ​ជា​កូនប្រុសៗ ដែល​នាងលេអា​បាន​បង្កើត​ឲ្យលោក​យ៉ាកុប នៅ​ទឹកដី​ប៉ាដាន់ អើរ៉ាម។ រួមជាមួយកូនស្រីរបស់គាត់គឺ​នាង​ឌីណា​។ កូនប្រុសៗរបស់គាត់ និង​កូន​ៗស្រី​របស់​នាងលេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។

16 កូន​ប្រុសៗ​របស់​លោក​កាដ​មាន សេ‌ផុន ហាក់‌គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។

17 កូន​ប្រុសៗរបស់​លោក​អេ‌ស៊ើរ​មាន យីម‌ណា យីស‌វ៉ា យីសវី និង​បេរា ហើយនាងសេរ៉ាគឺជាប្អូនស្រីរបស់ពួកគេ។ កូនប្រុសៗ​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។ 18 អ្នក​ទាំង​នេះគឺជា​កូនប្រុសៗ​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​នាង​លេអា កូនស្រីរបស់គាត់។ កូនប្រុសៗទាំងនេះ នាងបានបង្កើតជូនលោកយ៉ាកុប មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។

19 កូន​ប្រុសៗ​របស់​នាង​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។ 20 នៅ​ទឹកដី​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែលនាង​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។

21 កូន​ប្រុសៗ​របស់លោក​បេន‌យ៉ាមីន​មាន បេឡា បេគើរ អ័ស‌បេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។ លោក​ទាំង​នោះ​ជា​កូន​ដែលនាង​រ៉ាជែល​បាន​បង្កើត​ជូន​លោក​យ៉ាកុប។ 22 អ្នកទាំងនេះគឺជាកូនប្រុសៗដែលនាងរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប ​មាន​ចំនួន​ទាំង​អស់​ដប់‌បួន​នាក់។

23 កូន​ប្រុសៗ​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។

24 កូន​ប្រុស​ៗរបស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។ 25 អ្នក​ទាំង​នេះ​ជា​កូន​ដែលបានបង្កើតជូនលោកយ៉ាកុបតាមរយៈនាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល កូនស្រីរបស់គាត់ មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។

26 អស់អ្នកដែលបានចុុះទៅអេស៊ីបជាមួយ​លោក​យ៉ាកុប ដែលជាពូជពង្សរបស់គាត់ មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ មិនបាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ៗរបស់លោកយ៉ាកុបទេ។ 27 រួមជាមួយ​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​ឲ្យគាត់នៅ​ស្រុក​អេស៊ីប​ផង ចំនួន​នៃក្រុម​គ្រួសារ​របស់គាត់ ដែល​មក​រស់​នៅ​ក្នុង​ទឹកដី​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

28 លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា ឲ្យ​ទៅជួបលោកយ៉ូសែបមុនគាត់ នៅ​តំបន់​កូសែន​ ហើយ ពួកគេបានមកដល់​តំបន់​កូសែន។ 29 លោក​យ៉ូសែប​បាន​រៀបចំរទេះរបស់គាត់ ហើយបានឡើង​ទៅជួបលោក​អ៊ីស្រា‌អែល​ជា​ឪពុកនៅក្នុងតំបន់កូសែន។ គាត់បានឃើញឪពុក គាត់​ឱប​កឪពុករបស់គាត់ ហើយ​យំ​យ៉ាង​យូរ។ 30 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ សូមឲ្យឪពុកស្លាប់ចុះ ព្រោះ​ឪពុក​បាន​ឃើញ​មុខ​កូន​ ហើយដឹងថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ»។ 31 លោក​យ៉ូសែប​បាននិយាយទៅ​បងៗ និង​ក្រុម​គ្រួសារ​ឪពុករបស់គាត់ថា​៖ «ខ្ញុំ​នឹងឡើង​ទៅ ហើយ​ទូល​ស្តេចផារ៉ោន​ថា៖ «បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។ 32 ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នកគង្វាលចៀម ដ្បិត ពួកគេគឺជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ»។ 33 នៅពេលព្រះបាទ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី» 34 នោះបងៗត្រូវ​ទូល​ស្ដេច​ថា៖ «យើងខ្ញុំជាអ្នកបម្រើស្តេច ជាអ្នកចិញ្ចឹមសត្វ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ចាប់តាំងពីដូនតារបស់យើងខ្ញុំ រហូតមកដល់យើង​ខ្ញុំ​ដែរ»។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ ជន‌ជាតិ​អេស៊ីប​ស្អប់ខ្ពើម​ពួក​គង្វាល​ណាស់»។