ជំពូក ៤០
1
បន្ទាប់ពីការទាំងនេះហើយ អ្នកថ្វាយ ពែងនិងអ្នកដុតនំរបស់ស្តេចរបស់អេស៊ីប បានធ្វើឲ្យស្ដេចស្រុកអេស៊ីបជាម្ចាស់របស់ខ្លួនខ្ញាល់ព្រះហឫទ័យ។
2
ស្តេចផារោនមានព្រះហឫទ័យខ្ញាល់នឹងមន្ត្រីទាំងពីរនេះ គឺលើមេនៃអ្នកថ្វាយពែង និងមេនៃអ្នកដុតនំ។
3
ស្តេចបានឃុំពួកគេនៅក្នុងគុកនៅក្នុងផ្ទះរបស់មេនៃអង្គរក្សរបស់ស្តេច នៅក្នុងគុកដែលបានឃុំឃាំងលោកយ៉ូសែបដែរ។
4
មេនៃកងអង្គរក្សស្តេចបានតាំងលោកយ៉ូសែប ដើម្បីឲ្យបម្រើដល់ពួកគេ។ ពួកគេនៅជាប់ឃុំឃាំងនៅក្នុងពេលតែមួយដូចគ្នា។
5
អ្នកទាំងពីរនាក់នោះបានសុបិន គឺអ្នកថ្វាយពែង និងអ្នកដុតនំថ្វាយស្តេចអេស៊ីប ដែលជាប់ឃុំនៅក្នុងគុកនោះ ម្នាក់ៗសុបិនរៀងៗខ្លួន នៅយប់តែមួយនោះ ហើយសុបិនរបស់ម្នាក់ៗមានការបកស្រាយរៀងៗខ្លួនដែរ។
6
លោកយ៉ូសែបបានចូលទៅរកពួកគេនៅពេលព្រឹក ហើយបានឃើញពួកគេ។ មើល៍ ពួកគេក្រៀមក្រំ។
7
គាត់បានសួរមន្ត្រីរបស់ស្តេចផារោនដែលនៅជាប់ឃុំជាមួយគាត់ នៅក្នុងផ្ទះចៅហ្វាយរបស់គាត់ថា៖ «ហេតុអ្វីបានជាលោកក្រៀមក្រំមេ្ល៉ះថ្ងៃនេះ?»
8
ពួកគេនិយាយទៅគាត់ថា៖ «យើងទាំងពីរនាក់បានយល់សុបិនមួយ ហើយគ្មាននរណាអាចបកស្រាយវាបានទេ»។ លោកយ៉ូសែបនិយាយទៅពួកគេថា៖ «តើការបកស្រាយមិនមែនជារបស់ព្រះជាម្ចាស់ទេឬ? សូមប្រាប់ខ្ញុំមក»។
9
មេនៃអ្នកថ្វាយពែងប្រាប់សុបិនរបស់គាត់ដល់លោកយ៉ូសែប។ លោកនិយាយទៅគាត់ថា៖ «នៅក្នុងសុបិនរបស់ខ្ញុំ មើល៍ មានដើមទំពាំងបាយជូរនៅមុខខ្ញុំ។ នៅដើមទំពាំងបាយជូរមានមែកបី។
10
ក្នុងការដែលមានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។
11
ពែងរបស់ស្តេចផារោននៅក្នុងដៃរបស់គាត់។ ខ្ញុំបានបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ស្តេចផារ៉ោន ហើយខ្ញុំបានយកពែងទៅថ្វាយដល់ព្រះហស្តរបស់ផារ៉ោន»។
12
លោកយ៉ូសែបនិយាយទៅគាត់ថា៖ «នេះគឺជាការបកស្រាយរបស់សុបិននេះ។ មែងបី គឺបីថ្ងៃ។
13
ក្នុងកំឡុងពេលបីថ្ងៃស្តេចផារោននឹងលើកលោកឡើង ហើយនឹងស្តារតំណែងរបស់លោកឡើងវិញ។ អ្នកនឹងថ្វាយពែងរបស់ព្រះបាទផារោននៅក្នុងព្រះហស្តរបស់ព្រះអង្គ ដូចពេលដែលលោកនៅជាអ្នកថ្វាយពែងរបស់ព្រះអង្គដូចមុន។
14
ប៉ុន្តែ សូមនឹកចាំពីខ្ញុំផង នៅពេលលោកបានសុខសប្បាយ ហើយសូមផ្តល់មេត្តាដល់ខ្ញុំផង។ សូមដំណាលខ្ញុំនៅចំពោះព្រះបាទផារោន ហើយនាំខ្ញុំចេញពីគុកនេះផង។
15
ដ្បិត គេបានចាប់ខ្ញុំពីទឹកដីហេព្រើរមក។ ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុសគួរឲ្យពួកគេយកខ្ញុំមកឃុំឃាំងដូច្នេះឡើយ»។
16
នៅពេលមេនៃអ្នកដុតនំឃើញថា ការបកស្រាយរបស់លោកយ៉ូសែបគាត់ពេញចិត្តជាខ្លាំង នោះគាត់ក៏និយាយទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏មានសុបិនមួយដែរ ហើយ មើល៍ មាននំប៉័ងបីកន្ទ្រក់នៅលើក្បាលខ្ញុំ។
17
នៅលើកន្រ្ទក់នោះមាននំដុតជាច្រើនប្រភេទសម្រាប់ថ្វាយស្តេចផារោន ប៉ុន្តែ មានសត្វហើរមកស៊ីនំទាំងនោះអស់ពីកន្ទ្រក់នៅលើក្បាលរបស់ខ្ញុំ»។
18
លោកយ៉ូសែបឆ្លើយ ហើយប្រាប់ថា៖ «នេះគឺជាការបកស្រាយ។ កន្ទ្រក់បីគឺបីថ្ងៃ។
19
កំឡុងពេលបីថ្ងៃ ព្រះបាទផារោននឹងកាត់ក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនឹងដើមឈើមួយដើម។ សត្វនឹងស៊ីសាច់លោក។
20
បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទផារ៉ោន។ ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងអស់របស់ស្ដេច។ ហើយស្ដេចបានលើកមុខមេថ្វាយពែង និងមេដុតនំ នៅក្នុងចំណោមមន្ត្រីរបស់ស្ដេច។
21
ស្តេចបានស្តារមេនៃអ្នកថ្វាយពែងទៅកាន់តំណែងរបស់ខ្លួនឡើងវិញ ហើយស្តេចបានប្រគល់ពែងរបស់ព្រះអង្គឲ្យទៅដៃរបស់គាត់វិញ។
22
ប៉ុន្តែ ស្តេចបានព្យួរមេនៃអ្នកដុតនំ ដូចដែលលោកយ៉ូសែបបានបកស្រាយដល់ពួកគេ។
23
ប៉ុន្តែ មេនៃអ្នកថ្វាយពែងស្តេចមិនបាននឹកចាំពីលោកយ៉ូសែបទេ គឺបានភ្លេចគាត់។