ជំពូក ៧

1 ព្រះអម្ចាស់មានបន្ទូលទៅលោកណូអេថា៖ «ចូរចូលទៅក្នុងទូក អ្នក និងគ្រួសាររបស់អ្នក ដ្បិត យើងបានឃើញថា អ្នកជាមនុស្សសុចរិត នៅចំពោះយើងនៅក្នុងជំនាន់នេះ។ 2 ចូរនាំសត្វដែលស្អាតៗទៅជាមួយអ្នក ញីប្រាំពីរ និងឈ្មោលប្រាំពីរផង។ 3 ចំណែកសត្វដែលមិនស្អាត ចូរនាំតែមួយគូបានហើយ ឈ្មោល និងមេញីរបស់វា។ ព្រមទាំងសត្វស្លាបនៅលើមេឃ ចូរនាំឈ្មោលប្រាំពីរ និងញីប្រាំពីរ ដើម្បីបន្តពូជនៅលើផ្ទៃនៃផែនដីទាំងមូលផង។ 4 ដ្បិត នៅថ្ងៃទីប្រាំពីរ យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់។ យើងនឹងបំផ្លាញអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីដែលយើងបានបង្កើតទាំងអស់»។ 5 លោកណូអេបានធ្វើតាមព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។ 6 ពេលទឹកជំនន់នៅលើផែនដី លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ 7 លោកណូអេ កូនប្រុសៗ និងភរិយា ព្រមទាំងកូនប្រសាស្រីរបស់គាត់បានចូលទៅក្នុងទូកជាមួយគ្នា ដោយសារទឹកជំនន់។​ 8 សត្វស្អាត និងសត្វដែលមិនស្អាត សត្វស្លាប និងសត្វលូនវានៅលើផែនដីទាំងអស់ 9 មួយគូៗ ទាំងឈ្មោល​ ទាំងញី បានមករកលោកណូអេ ហើយបានចូលទៅក្នុងទូក ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោកណូអេ។ 10 នៅពេលភ្លៀងបានប្រាំពីរថ្ងៃ ទឹកបានជន់លិចផែនដី។ 11 នៅពេលលោកណូអេមានអាយុប្រាំមួយរយឆ្នាំ នៅខែទីពីរ គឺនៅថ្ងៃទីដប់ប្រាំ ខែនោះ ថ្ងៃដដែលនោះ ប្រភពទឹកនៅក្នុងទីជម្រៅទាំងអស់បានបើកឡើង ហើយបង្អួចស្ថានសួគ៌បានបើកដែរ។ 12 ភ្លៀងបានចាប់ផ្តើម ហើយធ្លាក់ចុះមកផែនដីសែសិបថ្ងៃសែសិបយប់។ 13 នៅថ្ងៃដដែលនោះឯង លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និង​យ៉ាផេត ព្រមទាំងភរិយារបស់លោកណូអេ និងភរិយាទាំងបីរបស់កូនប្រុសៗរបស់លោក បានចូលទៅក្នុងទូកជាមួយពួកគេដែរ។ 14 ពួកគេបានចូលទៅជាមួយសត្វ តាមពូជរបស់វា ហើយសត្វស្រុកក៏តាមពូជរបស់វារៀងៗខ្លួនដែរ ព្រមទាំងសត្វលូនវានៅលើផែនដីតាមពូជរបស់វា និងសត្វបក្សាបក្សីតាមពូជរបស់វា ព្រមទាំងសត្វស្លាបតាមពូជរបស់វាដែរ។ 15 សត្វដែលមានជីវិតមួយគូៗបានចូលមកឯលោកណូអេ ហើយបានចូលទៅក្នុងទូក។ 16 សត្វទាំងអស់ដែលចូលទៅក្នុងទូកនោះមានឈ្មោល មានញី ពួកគេបានចូលទៅក្នុងទូកដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោក។ បន្ទាប់ពីពួកគេចូលអស់ហើយ ព្រះអម្ចាស់បានបិទទ្វារ។ 17 បន្ទាប់ពីទឹកជំនន់មកនៅលើផែនដីសែសិបថ្ងៃរួចហើយ ទឹកក៏កាន់តែចម្រើនឡើង ហើយបានលើកទូក ហើយបានអណ្តែតផុតពីដី។ 18 ទឹកមានពេញពាសផែនដីទាំងមូល ហើយទូកបានអណ្តែតនៅលើផ្ទៃនៃទឹកនោះ។ 19 ទឹកកាន់ខ្ពស់ឡើងកាន់តែខ្លាំងនៅលើផែនដី ដូច្នេះ សូម្បីតែនៅលើភ្នំខ្ពស់ៗទាំងឡាយដែលនៅក្រោមមេឃក៏លិចអស់ដែរ។ 20 ទឹកបានឡើងខ្ពស់ផុតពីកំពូលភ្នំដប់ប្រាំហត្ថថែមទៀត។ 21 គ្រប់ទាំងសត្វមានជីវិតទាំងឡាយដែលរស់នៅលើផែនដីបានស្លាប់ ទាំងសត្វបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្តនិករដែលរស់នៅលើផែនដីយ៉ាងសន្ធឹកសន្ធាប់ទាំងអស់បានស្លាប់ និងមនុស្សលោកទាំងអស់ផងដែរ។ 22 គ្រប់ទាំងសត្វដែលមានជីវិតទាំងអស់នៅលើដី ដែលមានជីវិតរបស់នៅ ហើយដកដង្ហើមតាមច្រមុះរបស់ពួកគេបានស្លាប់ទាំងអស់។ 23 ដូច្នេះ អ្វីៗដែលមានជីវិតទាំងអស់ ដែលរស់នៅលើផ្ទៃនៃផែនដីត្រូវបានលុបបំបាត់ចោលទាំងអស់ តាំងពីតូចរហូតដល់ធំ ចាប់តាំងពីសត្វលូនវា និងសត្វដែលហើរលើអាកាស។ 24 ពួកគេត្រូវបានបំផ្លាញទាំងអស់ពីផែនដី។ មានតែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយគាត់ទេ។ ទឹកមិនបានជ្រាបចូលទៅក្នុងផែនដីវិញ អស់រយៈពេលមួយរយហាសិបថ្ងៃ។