ជំពូក ៦

1 នៅពេលមនុស្សកើនជាច្រើនឡើងនៅលើផែនដី ហើយពួកគេបង្កើតបានកូនស្រីៗជាច្រើន 2 កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាពួកកូនស្រីៗរបស់មនុស្សមានការទាក់ទាញ។ ពួកគេបានយកកូនស្រីៗទាំងនោះមកធ្វើជាភរិយារបស់ពួកគេ ពួកគេបានជ្រើសរើសក្នុងចំណោមពួកស្រីៗទាំងនោះ។ 3 ព្រះអម្ចាស់មានបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅជាមួយមនុស្សលោករហូតទេ ដ្បិត ពួកគេជាសាច់ឈាម។ ពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ»។ 4 នៅសម័យនោះ មនុស្សមានមាឌធំៗនៅលើផែនដី ហើយក្រោយមកក៏មានដែរ។ ការនេះកើតឡើងនៅពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស ហើយពួកគេមានកូនជាមួយគ្នា។ អ្នកទាំងនេះហើយគឺជាមនុស្សដ៏ខ្លាំងពូកែ និងមានឈ្មោះល្បីនៅសម័យបូរាណ។ 5 ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើងនៅលើផែនដី ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់ជាបន្តបន្ទាប់។ 6 ព្រះអម្ចាស់សោកស្តាយដែលព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយវាបានធ្វើឲ្យទ្រង់ព្រួយនៅក្នុងព្រះទ័យរបស់ព្រះអង្គ។ 7 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖​ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតចេញពីផ្ទៃនៃផែនដី ទាំងមនុស្ស និងសត្វស្រុក សត្វលូនវា ព្រមទាំងសត្វស្លាបដែលហើយនៅលើអាកាស ដើម្បីយើងសោកស្តាយដែលយើងបានបង្កើតពួកគេមក»។ 8 ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។ 9 នេះគឺជាព្រឹត្តិការណ៍ទាក់ទងជាមួយលោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាននៅក្នុងចំណោះមនុស្សនៅសម័យនោះ។ 10 លោកណូអេបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេមានកូនប្រុសបីនាក់​គឺឈ្មោះ​សិម ហាំ និង​យ៉ាផេត។ 11 ផែនដីបានខូចអាក្រក់នៅចំពោះព្រះជាម្ចាស់ និងពេញដោយអំពើឃោរឃៅ។​ 12 ព្រះជាម្ចាស់បានឃើញផែនដី មើល៍ ផែនដីបានខូច ដ្បិត គ្រប់ទាំងមនុស្សបានប្រព្រឹត្តអាក្រក់នៅគ្រប់ទាំងផ្លូវរបស់ពួកគេនៅលើផែនដី។ 13 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖​ «យើងឃើញថា ដល់ពេលដែលត្រូវបញ្ចប់ដល់មនុស្សលោកទាំងអស់ហើយ ដ្បិត ផែនដីបានពេញទៅដោយអំពើឃោឃៅដោយសារពួកគេ។ ពិតណាស់ យើងនឹងបំផ្លាញពួកគេជាមួយនិងផែនដីដែរ។ 14 ចូរធ្វើទូកពីដើមស្រល់សម្រាប់អ្នក។ ចូរធ្វើបន្ទប់នៅក្នុងទូកនោះ ហើយបិទជ័រនៅខាងក្នុង និងខាងក្រៅផង។ 15 នេះជារបៀបដែលអ្នកត្រូវធ្វើវា៖​ ទូកនោះត្រូវមានប្រវែងបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។ 16 ចូរធ្វើដំបូលគ្របពីលើទូកមានកំពស់មួយហត្ថ។ ចូរដាក់ទ្វារនៅចំហៀងទូក ហើយដាក់នៅជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ 17 ចូរស្តាប់ យើងនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ដើម្បីបំផ្លាញមនុស្សលោកទាំងអស់ដែលមានជីវិតរស់នៅក្រោមស្ថានសួគ៌។ អ្វីៗទាំងអស់ដែលនៅលើផែនដីនឹងស្លាប់។ 18 ប៉ុន្តែ យើងនឹងបង្កើតសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ អ្នកត្រូវចូលទៅក្នុងទូក គឺអ្នក និងកូនប្រុសៗ ព្រមទាំងភរិយា ហើយនិងកូនប្រសារស្រីៗរបស់អ្នក។ 19 អ្នកក៏ត្រូវនាំសត្វលោកទាំងអស់ មួយគូពីចំណោមសត្វទាំងអស់ចូលទៅក្នុងទូក ឲ្យពួកវារស់នៅជាមួយអ្នក ទាំងញីទាំងឈ្មោល។ 20 អ្នកត្រូវនាំសត្វស្លាបគ្រប់ប្រភេទ ហើយសត្វធំៗតាមពូជរបស់វា ពីសត្វលូនវាតាមពូជរបស់វា ចូរយកមួយគូៗទៅជាមួយអ្នក ឲ្យពួកវារស់នៅជាមួយអ្នក។ 21 ចូរប្រមូលអាហារសម្រាប់អ្នក និងពួកវាដែរ»។ 22 ដូច្នេះ លោកណូអេក៏ធ្វើការនេះ។ ទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ ដូច្នេះ គាត់ក៏ធ្វើតាម។