ជំពូក ៤២

1 លោកយ៉ាកុបបានដឹងថា មានស្រូវនៅក្នុងអេស៊ីប។ គាត់បានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនៗមើលមុខគ្នាទៅវិញទៅមកដូច្នេះ?» 2 គាត់ប្រាប់ថា៖ «មើល៍ យើងបានឮថាមានស្រូវនៅអេស៊ីប។ ចូរចុះទៅអេស៊ីប ហើយទិញស្រូវពីនោះមក ដើម្បីកុំឲ្យយើងស្លាប់ តែដើម្បីឲ្យយើងបានរស់វិញ»។ 3 បងប្រុសទាំងដប់របស់លោកយ៉ូសែបបានចុះទៅទិញស្រូវពីអេស៊ីប។ 4 ប៉ុន្តែ បេនយ៉ាមីន ជាប្អូនប្រុសរបស់លោកយ៉ូសែប លោកយ៉ាកុបមិនឲ្យទៅជាមួយបងៗរបស់គាត់ទេ ព្រោះគាត់ខ្លាចថា មានគ្រោះថ្នាក់ដល់គាត់។ 5 កូនប្រុសៗរបស់លោកអ៊ីស្រាអែលបានមកទិញស្រូវជាមួយអ្នកផ្សេងៗទៀត ដ្បិត មានគ្រោះ​ទុរ្ភិក្សនៅក្នុងទឹកដីកាណានដែរ។ 6 លោកយ៉ូសែបជាអ្នកគ្រប់គ្រងនៅលើទឹកដី។ គាត់ជាម្នាក់ដែលបានលក់ដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេស។ បងៗរបស់លោកយ៉ូសែបបានមក ហើយលុតជង្គង់ចុះចំពោះគាត់ ហើយឱនមុខរបស់ពួកគេទល់នឹងដី។ 7 លោកយ៉ូសែបបានឃើញបងៗរបស់គាត់ ហើយស្គាល់ពួកគេ ប៉ុន្តែ គាត់ធ្វើជាមិនស្គាល់ពួកគេ ហើយនិយាយគំរោះគំរើយជាមួយពួកគេថា៖ «តើអ្នកទាំងអស់គ្នាមកពីណា?» ពួកគេឆ្លើយថា៖ «មកពីទឹកដីកាណាន ដើម្បីទិញអាហារ»។ 8 លោកយ៉ូសែបស្គាល់បងៗ ប៉ុន្តែ ពួកគេមិនស្គាល់លោកទេ។ 9 នោះ លោកយ៉ូសែបបានចាំពីសុបិនដែលគាត់បានសុបិនពីពួកគេ ហើយគាត់និយាយទៅពួកគេថា៖ «តើអស់លោកជា​អ្នក​ស៊ើប‌ការណ៍មែនទេ?»។ 10 ពួកគេឆ្លើយថា៖ «អត់ទេ លោកម្ចាស់។ យើងខ្ញុំមកទីនេះ ដើម្បីទិញស្បៀងតែប៉ុណ្ណោះ។ យើងមានឪពុកតែមួយ។ 11 យើងជាមនុស្សស្មោះត្រង់។ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។ 12 គាត់និយាយទៅពួកគេថា៖ «អត់ទេ អ្នករាល់គ្នាមកដើម្បីមក​ស៊ើប‌ការណ៍ទឹកដីនេះមែន!»។ 13 ពួកគេនិយាយថា៖ «យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់បុរសម្នាក់ដែលរស់នៅទឹកដីកាណាន។ មើល ប្អូនប្រុសពៅរបស់យើងនៅជាមួយឪពុករបស់យើង ហើយម្នាក់ទៀតបានស្លាប់បាត់ហើយ»។ 14 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «នោះជាអ្វីដែលអ្នករាល់គ្នានិយាយ អ្នករាល់គ្នាគឺជាអ្នកស៊ើបការណ៍។ 15 ដោយហេតុនេះ ខ្ញុំ​នឹង​ល្បង​ល​អ្នករាល់គ្នា។ ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​អាច​ចេញ​ពី​ទី​នេះបាន​ឡើយ។ 16 ចូរចាត់នរណាម្នាក់ឲ្យទៅហើយ​នាំ​ប្អូន​ពៅ​របស់​អ្នករាល់​ឯង​មក​ដល់​ទី​នេះ​សិន។ អ្នកនឹងត្រូវជាប់គុក រហូតទាល់តែបានល្បងលមើលដឹងថា ពាក្យរបស់អ្នករាល់គ្នាពិតមែន»។ 17 គាត់បានឃុំខ្លួនអ្នកទាំងអស់នោះអស់រយៈពេលបីថ្ងៃ។ 18 លោកយ៉ូសែបនិយាយទៅពួកគេនៅថ្ងៃទីបីថា៖ «ចូរ​ធ្វើ​ដូច្នេះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ដ្បិត ​ខ្ញុំ​ក៏ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ដែរ។ 19 ប្រសិនបើ អ្នករាល់គ្នាជាសមនុស្សស្មោះត្រង់មែន ចូរឲ្យបងប្អូនរបស់អ្នករាល់គ្នាណាម្នាក់នៅជាប់ក្នុងគុកនេះហើយ ប៉ុន្តែ អ្នករាល់គ្នាអាចទៅ នាំយកស្រូវទៅផ្ទះរបស់អ្នករាល់គ្នាព្រោះមានភាពអត់ឃ្លាននៅទីនោះ។ 20 ហើយនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាស្មោះត្រង់ ហើយអ្នករាល់គ្នាមិនត្រូវស្លាប់ឡើយ»។ ដូច្នេះ ពួកគេក៏ធ្វើតាម។ 21 ពួកគេនិយាយគ្នានឹងគ្នាថា៖ «យើងពិតជាមានកំហុសមែន ទាក់ទងនឹងប្អូនប្រុសរបស់យើង ដែលយើងឃើញពីទុក្ខកង្វល់នៃព្រលឹងរបស់គាត់ នៅពេលយើងគាត់អង្វរយើង ហើយយើងមិនស្តាប់គាត់ទេ។ ដូច្នេះហើយ បានជាទុក្ខកង្វល់របស់គាត់បានធ្លាក់មកលើយើង»។ 22 លោករូបេនឆ្លើយទៅពួកគេថា៖ «តើបងមិនបានប្រាប់អ្នកទាំងអស់គ្នាទេឬអីថា កុំធ្វើបាបទាស់នឹងប្អូនប្រុសឡើយ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់សោះ? ឥឡូវមើល៍ ឈាមរបស់វាបានទាមទារពីយើងវិញហើយ»។ 23 ពួកគេមិនបានដឹងថា លោកយ៉ូសែបយល់សម្តីពួកគេទេ ដើម្បីមានអ្នកបកប្រែឲ្យពួកគេ។ 24 គាត់បានបែរមុខពីពួកគេ ហើយយំ។ គាត់បានត្រឡប់មកវិញ ហើយនិយាយទៅកាន់ពួកគេ។ គាត់បានយកលោក​ស៊ីម្មានពីចំណោមពួកគេ ហើយចងគាត់នៅចំពោះមុខពួកគេ។ 25 បន្ទាប់មក លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ឲ្យដាក់ស្រូវពេញបាវរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់ប្រាក់ត្រឡប់ទៅថង់លុយរបស់ពួកគេគ្រប់គ្នាវិញ ហើយផ្តត់ផ្គង់ដល់ដំណើររបស់ពួកគេដែរ។ គាត់បានធ្វើដូច្នេះជាមួយបងៗគាត់។ 26 បងៗបានលើកស្រូវរបស់ពួកគេដាក់លើសត្វលា ហើយបានចេញពីទីនោះទៅ។ 27 ម្នាក់ក្នុងចំណោមពួកគេបានបើកបាវរបស់គាត់ដើម្បីឲ្យស្មៅលាស៊ីនៅពេលសម្រាក គាត់បានឃើញលុយរបស់គាត់។ មើល៍​ ឃើញលុយនៅក្នុងបាវរបស់គាត់។ 28 គាត់ប្រាប់បងៗរបស់គាត់ថា៖ «គេដាក់លុយខ្ញុំមកវិញ។ មើល​នែ៎ វានៅក្នុងបាវខ្ញុំឯនេះ»។ ពួកគេមានការភ័យខ្លាចជាខ្លាំង ហើយពួកគេរត់រកគ្នាទាំងញាប់ញ័រ ដោយនិយាយថា៖​ «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើដាក់យើងដូច្នេះ?»។ 29 ពួកគេបានទៅជួបលោកយ៉ាកុប ឪពុករបស់ពួកគេរស់នៅក្នុងទឹកដីកាណាន ហើយបានប្រាប់គាត់ នូវអ្វីៗដែលបានកើតឡើងជាមួយពួកគេ។ ពួកគេប្រាប់ថា៖ 30 «លោកដែលជាចៅហ្វាយរបស់ទឹកដីនោះ បាននិយាយសម្លុតយើង ហើយគិតថា យើងគឺជាអ្នកស៊ើបការណ៍នៅក្នុងទឹកដីរបស់គេ។ 31 យើងប្រាប់គាត់ថា៖ «យើងជាមនុស្សស្មោះត្រង់។ យើងមិនមែនជាអ្នកស៊ើបការណ៍ទេ។ 32 យើងមានបងប្អូនដប់ពីរនាក់ ជាកូនដែលចេញពីឪពុកតែមួយ។ ម្នាក់បានស្លាប់បាត់ហើយ ហើយប្អូនប្រុសពៅនៅជាមួយឪពុករបស់យើង នៅក្នុងទឹកដីកាណានឯណោះ»។ 33 បុរសដែលជាម្ចាស់ទឹកដីនោះ និយាយមកយើងថា៖ «ទុកប្អូនប្រុសម្នាក់របស់អ្នករាល់គ្នានៅជាមួយយើងម្នាក់ បើធ្វើដូច្នេះ យើងដឹងថាអ្នកពិតជាមនុស្សស្មោះត្រង់មែន ហើយយកស្រូវទៅដោយព្រោះគ្រោះអត់ឃ្លាននៅក្នុងផ្ទះរបស់អ្នក ហើយចាកចេញទៅ។ 34 ចូរនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំនឹងដឹងថា អ្នករាល់គ្នាប្រាកដជាមិនមែនអ្នកស៊ើបការណ៍ទេ ហើយដឹងថាអ្នកគឺជាមនុស្សស្មោះត្រង់មែន។ បន្ទាប់មក យើងនឹងដោះលែងប្អូនរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចប្រកបរបនៅក្នុងទឹកដីនេះបាន»។ 35 នៅពេលពួកគេបានចាក់ស្រូវចេញពីបាវហើយ មើល៍ នៅក្នុងបាវរបស់ម្នាក់ៗមានប្រាក់នៅក្នុងបាវនោះ។ នៅពេលពួកគេ និងឪពុករបស់ពួកគេបានឃើញបាវមានប្រាក់នោះ ពួកគេភ័យខ្លាចយ៉ាងខ្លាំង។ 36 លោកយ៉ាកុប ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ឯងរាល់គ្នាបានធ្វើឲ្យឪពុកបាត់កូនអស់ហើយ។ ឯងរាល់គ្នាបានធ្វើឲ្យយ៉ូសែប និងស៊ីម្មានបានស្លាប់ ហើយឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនចេញពីយើងទៀតមែនទេ។ ការទាំងអស់នេះទាស់នឹងឪពុកហើយ»។ 37 លោករូបេនបាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអាចសម្លាប់កូនប្រុសទាំងពីររបស់ខ្ញុំ ប្រសិនបើ ខ្ញុំមិននាំបេនយ៉ាមីនមកឲ្យលោកឪពុកវិញ។ សូមឲ្យវាមកក្នុងដៃរបស់ខ្ញុំចុះ ហើយខ្ញុំនឹងនាំវាត្រឡប់មករកឪពុកវិញ»។ 38 លោកយ៉ាកុបនិយាយថា៖ «យើងមិនឲ្យកូនរបស់យើងទៅជាមួយឯងទេ។ ដ្បិត បងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាទេ។ ប្រសិនបើ វាមានគ្រោះថ្នាក់អ្វីនៅតាមផ្លូវដែលទៅជាមួយឯង​ ដូច្នេះ ឯងរាល់គ្នាមុខជានាំសក់ស្កូវរបស់ឪពុកជាមួយនឹងភាពសោកសៅទៅស្ថានឃុំព្រលឹងហើយ»។