ជំពូក ៤១

1 ពីរឆ្នាំក្រោយមក ព្រះបាទផារោនបានសុបិន។ មើល៍ ស្តេចគង់នៅក្បែរទន្លេនីល។ 2 មើល៍ មានគោធាត់ៗប្រាំពីរបានចេញពីទន្លេនីលមក ហើយគួរឲ្យចង់បាន ព្រមទាំងស៊ីស្មៅតាមមាត់ច្រាំងនោះ។ 3 មើល៍ មានគោប្រាំពីរផ្សេងទៀត បានឡើងមកតាមក្រោយគោទាំងនោះពីទន្លេនីល ស្គមៗ ហើយមិនគួរឲ្យចង់បានទេ។ ពួកវាឈរនៅជិតគោទាំងប្រាំពីរដែលនៅមាត់ច្រាំងទន្លេនោះ។ 4 បន្ទាប់មក គោដែលស្គម មិនគួរឲ្យចង់បានទាំងប្រាំពីរនោះបានស៊ីគោធាត់ៗដែលគួរឲ្យចង់បាននោះ។ បន្ទាប់មក ព្រះបាទផារោនបានតើនឡើង។ 5 ពេលនោះ ស្តេចបានផ្ទុំសារជាថ្មី ហើយបានសុបិនលើកទីពីរ។ មើល៍ មានស្រូវប្រាំពីរកួរដុះចេញពីស្រូវមួយដើម មានគ្រាប់ថ្លោស ហើយល្អ។ 6 មើល៍ក៏មានកួរស្រូវប្រាំពីរទៀត ស្គម និងស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយបន្ទាប់ពីកួរស្រូវនោះ។ 7 កួរស្រូវស្គមបានលេបកួរស្រូវថ្លោស ហើយល្អទាំងប្រាំពីរនោះ។ ព្រះបាទផារោនបានតើនឡើង ហើយមើល៍ វាជាសុបិន។ 8 នៅពេលព្រឹកឡើង វិញ្ញាណរបស់ស្តេចខ្វល់ខ្វាយជាខ្លាំង។ ស្តេចបានចាត់ ហើយឲ្យគេទៅហៅពួកគ្រូទាយ ហើយនិងអ្នកប្រាជ្ញរបស់ជនជាតិអេស៊ីបទាំងអស់មក។ ព្រះបាទផារោនប្រាប់ពួកគេពីសុបិនរបស់ព្រះអង្គ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិននោះថ្វាយព្រះបាទផារោនបានទេ។ 9 បន្ទាប់មក មេនៃអ្នកថ្វាយពែងបានទូលទៅព្រះបាទផារោនថា៖ «ថ្ងៃនេះ ទូលបង្គំបានគិតអំពីកំហុសរបស់ទូលបង្គំ។ 10 ព្រះបាទផារោនមានព្រះហឫទ័យខ្ញាល់ជាមួយពួកមន្ត្រីរបស់ព្រះអង្គ ហើយព្រះអង្គបានឃុំទូលបង្គំនៅក្នុងផ្ទះរបស់មេអង្គរក្ស មានមេនៃអ្នកដុតនំ និងទូលបង្គំ។ 11 យើងបានយល់សប្តិមួយនៅក្នុងយប់តែមួយ គាត់ និងទូលបង្គំ។ យើងម្នាក់ៗសុបិនរៀងខ្លួន មានការបកស្រាយរៀងខ្លួនដែរ។ 12 មានក្មេងប្រុសជនជាតិហេព្រើរម្នាក់ ជាអ្នកបម្រើមេនៃអង្គរក្ស។ យើងបានប្រាប់គាត់ ហើយគាត់បានបកស្រាយសុបិននោះដល់យើង។ គាត់បានបកស្រាយឲ្យយើងម្នាក់ៗ ទៅតាមសុបិនរបស់យើងរៀងខ្លួន។ 13 ហើយអ្វីដែលគាត់បានបកស្រាយនោះ បានកើតឡើងយ៉ាងនោះមែន។ ព្រះបាទផារោនបានប្រគល់តំណែងរបស់ទូលបង្គំឲ្យទូលបង្គំវិញ ប៉ុន្តែ ម្នាក់ទៀតត្រូវបានព្យួរក»។ 14 បន្ទាប់មក ព្រះបាទផារោនបានចាត់ ហើយឲ្យគេទៅហៅលោកយ៉ូសែប។ ពួកគេបានទៅយកគាត់ចេញពីទីឃុំឃាំងយ៉ាងលឿន។​ កាលគាត់បានកោរពុកមាត់របស់គាត់រួចហើយ គាត់បានប្តូរសម្លៀកបំពាក់របស់គាត់ ហើយចូលមកគាល់ព្រះបាទផារោន។ 15 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងមានសុបិនមួយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិនរបស់យើងបានទេ។ ប៉ុន្តែ យើងបានឮពីអ្នកថា ពេលអ្នកឮពីសុបិន អ្នកអាចបកស្រាយវាបាន»។ 16 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «មិនមែនជាទូលបង្គំទេ។ ព្រះជាម្ចាស់នឹងឆ្លើយចំពោះព្រះបាទផារោន»។ 17 ព្រះបាទផារោនមានរាជឱង្ការនឹងលោកយ៉ូសែបថា៖ «សុបិនរបស់យើងដូច្នេះ មើល៍ កាលយើងគង់នៅមាត់ច្រាំងទន្លេនីល។ 18 មានគោធាត់ៗ ហើយថ្លោសល្អឡើងចេញពីទន្លេនីលមក ហើយពួកវាស៊ីស្មៅក្បែរមាត់ច្រាំងនោះ។ 19 មើល៍ ក៏មានគោស្គម ហើយអាក្រក់មើលណាស់ឡើងមកដែរ។ យើងមិនដែលឃើញនៅក្នុងទឹកដីអេស៊ីបឡើយ។ 20 គោស្គម អាក្រក់ៗទាំងនោះមកស៊ីគោធាត់ៗ ហើយល្អៗទាំងអស់។ 21 នៅពេលពួកគេបានស៊ីគោទាំងនោះអស់ហើយ ក៏​គ្មាននរណាដឹងថា​គោ​​ស្គមៗបានស៊ីគោធាត់ទាំងអស់នោះ ព្រោះគោនោះនៅតែស្គមអាក្រក់ដូច​មុន​ដដែល។ ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ 22 យើងបានមើលទៅក្នុងសុបិនរបស់យើង ហើយមើល៍ កួរស្រូវទាំងប្រាំពីរបានលេចមក មាន​គ្រាប់​ធំៗ​ថ្លោស​ល្អ លូត​ចេញ​ពីដើម​តែ​មួយ។ 23 ហើយមើល៍ក៏​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត មាន​គ្រាប់​តូចៗ ហើយ​ស្កក​ដោយសារ​ខ្យល់​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ។ 24 កួរស្រូវមានគ្រាប់តូចៗបានលេបកួរស្រូវមានគ្រាប់ធំៗទាំងប្រាំពីរ។ យើងបានប្រាប់សុបិននេះ ដល់ពួកគ្រូទាយទាំងឡាយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយឲ្យយើងបានទេ»។ 25 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «សុបិនរបស់ព្រះអង្គដូចគ្នាទេ។ ជាអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ ព្រះអង្គបានប្រកាសដល់ព្រះបាទផារោន។ 26 គោល្អ ហើយធាត់ៗប្រាំពីរ និងកួរស្រូវល្អប្រាំពីរគឺប្រាំពីរឆ្នាំ។ សុបិននេះដូចគ្នាទេ។ 27 ចំណែក គោស្គម ហើយអាក្រក់ៗប្រាំពីរ បានឡើងមកបន្ទាប់នោះគឺជាប្រាំពីរឆ្នាំ ក្រោយមកទៀត ហើយនិងកួរស្រូវស្កកប្រាំពីរដោយសារខ្យល់មកពីទិសខាងកើតគឺនឹងមានគ្រោះទុរ្ភិក្​សប្រាំពីរឆ្នាំកើតឡើងដែរ។ 28 នោះគឺជាអ្វីដែលខ្ញុំនឹងទូលទៅព្រះបាទផារោន។ ពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ ហើយបានបង្ហាញដល់ស្តេចផារោន។ 29 មើល៍ នឹងមានភាពសម្បូរហូរហៀរ រយៈពេលប្រាំពីរឆ្នាំនៅក្នុងទឹកដីអេស៊ីប។ 30 នឹងមានគ្រោះទុរ្ភិក្សកើតឡើងបន្ទាប់ពីនេះ ហើយភាពសម្បូរហូរហៀរនៅក្នុងទឹកដីអេស៊ីបនឹងត្រូវភ្លេចបាត់។ ហើយគ្រោះទុរ្ភិក្សនោះនឹងបំផ្លាញទឹកដីទាំងមូល។ 31 ភាពសម្បូរហូរហៀរនឹងភ្លេចបាត់ នៅក្នុងទឹកដីអេស៊ីប ដោយសារគ្រោះទុរ្ភិក្សខ្លាំង​ពេក។ 32 ព្រះបាទផារោនសុបិនឃើញរឿងនេះម្តងហើយម្តងទៀត ដោយសាររឿងនេះ ព្រះជាម្ចាស់ជាអ្នកដែលធ្វើឲ្យកើតឡីេង ហើយព្រះជាម្ចាស់នឹងធ្វើវាជាឆាប់។ 33 ឥឡូវនេះ សូមព្រះបាទផារោនស្វែងរកមនុស្សដែលមានយោបល់ និងប្រាជ្ញា ហើយលើកគាត់ឲ្យគ្រប់គ្រងលើទឹកដីអេស៊ីប។ 34 សូមព្រះបាទផារោនធ្វើការនេះ សូមឲ្យស្តេចបានតែងតាំងគាត់ឲ្យគ្រប់គ្រងនៅលើទឹកដី។ ឲ្យគេដកហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ទឹកដីអេស៊ីប នៅក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។ 35 សូមឲ្យអ្នកនោះប្រមូលអាហារនៅក្នុងឆ្នាំល្អ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំងនៅ​ក្រោម​អំណាច​របស់​ព្រះ​អង្គ ដើម្បីធ្វើ​ជា​ស្បៀង​នៅ​តាម​ទី​ក្រុង​នានា។ 36 ពួកគេរក្សា​ទុកអាហារទាំងនោះ។ ស្បៀងទាំងនោះនឹងត្រូវផ្គត់ផ្គង់សម្រាប់រយៈពេលទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ទឹកដីអេស៊ីប។ ធ្វើបែបនេះ ដើម្បីកុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។ 37 យោបល់នេះល្អនៅចំពោះស្តេចផារោន ហើយនិងចំពោះមន្ត្រីរបស់ស្តេចទាំងអស់។ 38 ព្រះបាទផារោនមានរាជឱង្ការទៅកាន់មន្ត្រីរបស់ព្រះអង្គថា៖​ «តើយើងអាចរកបានមនុស្សដូចម្នាក់នេះទេ ដែលនៅក្នុងគាត់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»។ 39 ដូច្នេះ ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញដល់លោកគ្រប់ការទាំងអស់នេះហើយ គ្មាននរណាមានយោបល់ និងប្រាជ្ញាដូចលោកឡើយ។ 40 លោកនឹងហើយត្រូវគ្រប់គ្រងដំណាក់របស់យើង ហើយស្របតាមពាក្យរបស់លោក គឺលោកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង។ មានតែយើងទេដែលធំជាងលោក»។ 41 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបទៀតថា៖ «មើល៍ យើងបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល»។ 42 ព្រះបាទផារោនបានដោះចិញ្ចៀនរបស់ព្រះអង្គពីព្រះហស្ត ហើយពាក់នឹងដៃរបស់លោកយ៉ូសែប។ ព្រះអង្គបាន​យក​អាវ​មួយ​ដ៏​ល្អ​ប្រណិត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ផងដែរ។ 43 ព្រះអង្គបានឲ្យលោកជិះរាជ‌រថតាមពីក្រោយបន្ទាប់ពីស្តេច។ ពួកប្រុសៗស្រែកនៅពីមុខលោកថា៖ «ចូរក្រាបចុះ»។ ព្រះបាទផារោនបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល។ 44 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងជាស្តេចផារ៉ោន នៅក្នុងទឹកដី​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។ 45 ព្រះបាទផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា៖ «សាប់ណាត់ផានា»។ ស្តេចបាន​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទីផេរ៉ា ជា​បូជាចារ្យនៅ​ក្រុង​អូន ធ្វើ​ជា​ភរិយា។ លោក​យ៉ូសែបបាន​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​លើទឹក​អេស៊ីបទាំងមូល។ 46 លោកយ៉ូសែបមានអាយុសាមសិបឆ្នាំ នៅពេលគាត់ឈរនៅចំពោះព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប។ លោកយ៉ូសែបបានចេញពីស្តេចផារ៉ោន ហើយចេញទៅពេញទឹកដីអេស៊ីបទាំងមូល។ 47 នៅក្នុងរយៈពេលសម្បូរហូរហៀរប្រាំពីរឆ្នាំនោះ ដីបានបង្កើតផលជាបរិបូរ។ 48 គាត់បានប្រមូលស្បៀងក្នុងរយៈពេលប្រាំពីរឆ្នាំ នៅក្នុងទឹកដីអេស៊ីប ហើយបានទុកនៅតាមក្រុងនានា។ គាត់បានទុកស្បៀងនៅតាមក្រុងនីមួយៗពីស្រែនៅនៅជុំវិញនោះ។ 49 លោកយ៉ូសែបបានរក្សាស្រូវដូចជាខ្សាច់នៅតាមសមុទ្រយ៉ាងច្រើន និងមិនអាចរាប់បាន​ ព្រោះច្រើនពេកដែលមិនអាចរាប់បាន។ 50 លោកយ៉ូសែបមានកូនប្រុសពីរនាក់ មុនពេលគ្រោះ​ទុរ្ភិក្សកើតឡើង នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុសឲ្យគាត់។ 51 លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា ម៉ា‌ណាសេ ដ្បិត​ លោក​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។ 52 លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា អេប្រាអ៊ីម ដ្បិត ​លោក​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ទឹកដីដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ»។ 53 ប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរដែលនៅក្នុងទឹកដីអេស៊ីបបានបញ្ចប់។ ហើយប្រាំពីរឆ្នាំនៃគ្រោះ​ទុរ្ភិក្សបានចាប់ផ្តើម ដូចលោកយ៉ូសែបបាននិយាយ។ 54 មានគ្រោះ​ទុរ្ភិក្សកើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ប៉ុន្តែ មានស្បៀងនៅក្នុងទឹកដីអេស៊ីបទាំងមូល។ 55 នៅពេលគ្រោះ​ទុរ្ភិក្សនៅក្នុងទឹកដីអេស៊ីប មនុស្សនាំគ្នាស្រែកសុំអាហារពីស្តេចផារ៉ោន។ ស្តេចផារោនបានមានបន្ទូលទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖​ «ចូរទៅលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលគាត់និយាយចុះ»។ 56 គ្រោះ​ទុរ្ភិក្សបានកើតឡើងនៅពាសពេញទឹកដីទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងអស់របស់លោក ហើយលក់ឲ្យជនជាតិអេស៊ីប។ គ្រោះ​ទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅក្នុងអេស៊ីប។ 57 ពិភពលោកទាំងមូលបានចូលមកអេស៊ីប ដើម្បីទិញស្រូវពីលោកយ៉ូសែប ព្រោះគ្រោះ​ទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅលើផែនដីទាំងមូល។