ជំពូក ៣០

1 នៅពេលនាងរ៉ាជែលឃើញថា មិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងរ៉ាជែលបានច្រណែននឹងបងស្រីរបស់នាង។ នាងនិយាយទៅលោកយ៉ាកុបថា៖ «បើមិនឲ្យខ្ញុំមានកូនផង ខ្ញុំនឹងស្លាប់»។ 2 លោកយ៉ាកុបខឹងជាមួយនឹងនាងរ៉ាជែលជាខ្លាំង។ គាត់និយាយថា៖ «តើបងព្រះជាម្ចាស់មែនទេ ដែលបង្ខាំងអូនមិនឲ្យមានកូន?»។ 3 នាងនិយាយថា៖ ​«មើល៍​នែ៎ ប៊ីល‌ហា ជា​អ្នក​បម្រើ​ស្រីរបស់​អូន ចូរគេងជាមួយនាងទៅ ដើម្បីឲ្យនាងអាចបង្កើតកូនមកដាក់លើជង្គង់អូន ហើយអូន​នឹងមាន​កូន​ដោយសារនាង»។ 4 ដូច្នេះ នាងបានប្រគល់នាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាង ឲ្យធ្វើជាភរិយា ហើយលោកយ៉ាកុបក៏គេងជាមួយនាង។ 5 នាងប៊ីលហាមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។ 6 បន្ទាប់មក នាងរ៉ាជែលនិយាយថា៖​ «ព្រះជាម្ចាស់រកយុត្តិធម៌ឲ្យខ្ញុំ។ ព្រះអង្គបានស្តាប់សេចក្តីអធិស្ឋានរបស់ខ្ញុំ ហើយប្រទានកូនប្រុសមួយឲ្យខ្ញុំ»។ ដោយហេតុនេះ បានជានាងដាក់ឈ្មោះកូនប្រុសនោះថា ដាន់។ 7 នាងប៊ីហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានផ្ទៃពោះម្តងទៀត ហើយបង្កើតប្រុសទីពីរឲ្យលោកយ៉ាកុប។ 8 នាងរ៉ាជែលនិយាយថា៖ «​ខ្ញុំខំប្រឹងតទល់យ៉ាងខ្លាំងជាមួយ​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈ្នះ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា ណែប‌ថាលី។ 9 នៅពេលនាងលេអាឃើញថា នាងលែងមានកូនបានទៀត នាងបានយកនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាង ហើយប្រគល់នាងឲ្យលោកយ៉ាកុប ធ្វើជាភរិយា។ 10 នាងស៊ីលផា អ្នកបម្រើស្រីរបស់នាងលេអា បានបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។ 11 នាងលេអានិយាយថា៖ «មានសំណាងហើយ!» ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា កាដ។ 12 បន្ទាប់មកនាងស៊ីលផា អ្នកបម្រើរបស់នាងលេអា បានបង្កើតកូនទីពីរឲ្យលោកយ៉ាកុប។ 13 នាងលេអានិយាយថា៖ «ខ្ញុំរីករាយហើយ! ដ្បិតស្រី្តទាំងឡាយនឹងហៅខ្ញុំថា រីករាយ»។ ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អេ‌ស៊ើរ។ 14 លោករូបេន​បាន​ចេញ​ទៅ​ចម្ការនៅក្នុងរដូវច្រូតស្រូវ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​នៅក្នុងចម្ការ។ កាត់បានយកផ្លែឈើទាំងនោះមកជូននាងលេអាជាម្តាយរបស់គាត់។ បន្ទាប់មក នាងរ៉ាជែលបាននិយាយទៅនាងលេអាថា៖ «សូមឲ្យផ្លែស្នេហ៍កូនប្រុសបងមកខ្ញុំខ្លះមក»។ 15 នាងលេអានិយាយទៅនាងថា៖ «តើវាជារឿងតូចតាចសម្រាប់ឯងមែនទេ ដែលឯងមកយកប្តីរបស់យើងទៅ? ហើយឥឡូវ ឯងចង់មកយកផ្លៃស្នេហ៍ពីកូនប្រុសយើងទៀត?» នាងរ៉ាជែលនិយាយថា៖ «អ៊ីចឹង ខ្ញុំនឹងឲ្យគាត់ទៅគេងជាមួយបងយប់នេះ ដើម្បីប្តូរយកផ្លែស្នេហ៍កូនប្រុសរបស់បងនេះ»។ 16 លោកយ៉ាកុបមកដល់ពីស្រែនៅពេលល្ងាច។ នាងលេអាបានចេញទៅជួបគាត់ ហើយនិយាយថា៖ «បងត្រូវគេងជាមួយអូនយប់នេះ ព្រោះអូនបានជួលបងដោយថ្លៃផ្លែស្នេហ៍កូនប្រុសរបស់អូន»។ ដូច្នេះ លោកយ៉ាកុបក៏ទៅគេងជាមួយនាងលេអានៅយប់នោះ។ 17 ព្រះជាម្ចាស់ស្តាប់តាមនាងលេអា ហើយនាងក៏មានផ្ទៃពោះ ហើយបានបង្កើតកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ 18 នាងលេអានិយាយថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ដល់ខ្ញុំ ព្រោះខ្ញុំបានប្រគល់អ្នកបម្រើស្រីរបស់ខ្ញុំឲ្យទៅស្វាមីរបស់ខ្ញុំ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាខា។ 19 នាងលេអាមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយ ឲ្យលោកយ៉ាកុប។ នាងលេអានិយាយថា៖ «ព្រះជាម្ចាស់បានប្រទានអំណោយយ៉ាងល្អដល់ខ្ញុំ»។ 20 ឥឡូវនេះ ស្វាមីខ្ញុំនឹងគោរពខ្ញុំ ដោយសារខ្ញុំបានបង្កើតកូនប្រុសទីប្រាំមួយឲ្យគាត់»។ 21 នាងដាក់ឈ្មោះកូនប្រុសនោះថា សាប់យូ‌ឡូន។ បន្ទាប់មក នាងបានបង្កើតបានកូនស្រីមួយ ហើយនាងបានដាក់ឈ្មោះកូនស្រីនោះថា ឌីណា។ 22 ព្រះជាម្ចាស់បាននឹកចាំពីនាងរ៉ាជែល ហើយបានស្តាប់តាមនាង។ ព្រះអង្គបានធ្វើឲ្យនាងមានផ្ទៃពោះ។ 23 នាងមានកូន ហើយបង្កើតបានកូនប្រុសមួយ។ នាងនិយាយថា៖​ «ព្រះជាម្ចាស់បានដកភាពអាម៉ាសចេញរបស់ខ្ញុំចេញ»។ 24 នាងដាក់ឈ្មោះកូនប្រុសនោះថា យ៉ូសែប ដោយនិយាយថា៖ «ព្រះអម្ចាស់បានបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ»។ 25 បន្ទាប់ពីនាងរ៉ាជែលបង្កើតយ៉ូសែបហើយ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «សូមឲ្យខ្ញុំបានចេញទៅ ដើម្បីខ្ញុំអាចចេញទៅផ្ទះរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំវិញ។ 26 សូមប្រគល់ភរិយា និងកូនៗ ព្រោះខ្ញុំបានបម្រើលោកឪពុក ហើយសូមអនុញ្ញាតឲ្យខ្ញុំទៅ ដើម្បីលោកឪពុកដឹងពីកិច្ចការដែលខ្ញុំបានធ្វើជូនលោកឪពុកហើយ»។ 27 លោក​ឡាបាន់​តប​ទៅ​គាត់​ថា៖ «ប្រសិនបើ​កូន​យោគ‌យល់​ដល់​ពុក​ ឪពុកបានដឹងដោយសារការទស្សន៍ទាយថាព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក»។ 28 ដូច្នេះ គាត់បាននិយាយថា៖ «កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។ 29 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «លោកឪពុកជ្រាបពីការដែលកូនបានបម្រើឲ្យឪពុក និងពីហ្វូង​សត្វ​របស់​លោក​ឪពុក​​បាន​កើន​ចំនួន​ច្រើនយ៉ាង​ណា​នោះ។ 30 ដ្បិត មុនពេលខ្ញុំមក លោកឪពុកមានតែបន្តិចទេ ហើយឥឡូវ វាចម្រើនច្រើនឡើយជាបរិបូរ។ ព្រះអម្ចាស់បានប្រទានពរដល់លោកឪពុក នៅគ្រប់ពេលដែលខ្ញុំធ្វើការ។ ឥឡូវនេះ តើពេលណាទើបខ្ញុំអាចផ្តត់ផ្គង់គ្រួសាររបស់ខ្ញុំម្តង?» 31 ដូច្នេះ លោកឡាបាន់និយាយថា៖ «តើកូនត្រូវការថ្លៃឈ្នួលប៉ុន្មាន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុក មិនចាំបាច់ឲ្យថ្លៃឈ្នួលកូនអ្វីទេ។ ប្រសិនបើ លោកឪពុកធ្វើការមួយនេះជាមួយខ្ញុំ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។ 32 សូមឲ្យខ្ញុំបានដើរកាត់ហ្វូងសត្វនៅថ្ងៃនេះ ដើម្បី​ញែក​សត្វចៀម​ពព្លាក់ ពពាល និង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​អស់ ព្រម​ទាំង​សត្វ​ដែល​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង។ ទាំងនឹងទុក​ជាថ្លៃ​ឈ្នួល​សម្រាប់​ខ្ញុំ។ 33 ភាពស្មោះត្រង់របស់ខ្ញុំនឹងធ្វើបន្ទាល់ពីខ្ញុំនៅពេលក្រោយ នៅពេលលោកឪពុកទៅពិនិត្យពីថ្លៃឈ្នួលរបស់ខ្ញុំ។ ចៀមណាដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។ 34 លោកឡាបាន់និយាយថា៖ «យល់ព្រម។ សូមធ្វើតាមសម្តីរបស់កូនចុះ»។ 35 នៅថ្ងៃនោះ លោកឡាបាន់បានយកពពែឈ្មោលដែលឆ្នូតៗ ពពាល និង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​។ 36 លោកឡាបាន់បានធ្វើដំណើរអស់រយៈពេលបីថ្ងៃពីកន្លែងគាត់ទៅលោកយ៉ាកុប។ ដូច្នេះ លោកយ៉ាកុបបាន​ឃ្វាល​ហ្វូង​សត្វ​ដែលនៅសល់ទាំងអស់របស់លោក​ឡាបាន់​។ 37 លោកយ៉ាកុបបានកាត់យក​មែក​រលួស និងមែក​ចំបក់ ព្រមទាំងក្រចៅ​ស្រស់ៗ និងមក​បក​សំបក​ជា​កង់ៗ ឲ្យ​ឃើញ​សាច់​សៗ។ 38 បន្ទាប់​មក គាត់យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត ​វា​តែងតែ​ពាក់​គ្នា​នៅ​ពេល​ផឹក​ទឹក។ 39 ហ្វូងសត្វ​ដែលពាក់​គ្នា​នៅ​មុខ​មែក​ឈើ ហើយហ្វូងសត្វនឹង​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។ លោកយ៉ាកុបបានញែកកូនចៀមទាំងនោះ ប៉ុន្តែ តម្រង់​ឈ្មោល​ទាំងអស់បែរមុខទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់។ 40 បន្ទាប់មកគាត់ញែកហ្វូងសត្វរបស់គាត់ឲ្យនៅដោយឡែក ហើយមិនបានដាក់ពួកគេឲ្យនៅជាមួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ឡើយ។ 41 នៅពេលណាចៀមណាខ្លាំងជាងនៅក្នុងហ្វូងដោយពាក់គ្នា ដូច្នេះ លោកយ៉ាកុបបានដាក់មែកឈើទាំងនោះនៅក្នុងប្រឡាយ មុនចំពោះភ្នែករបស់ហ្វូងសត្វនោះ ដើម្បីពួកវាអាចពាក់គ្នានៅចំពោះមុខមែកឈើទាំងនោះ។ 42 ប៉ុន្តែ​ នៅពេលសត្វណាខ្សោយចូលមកនៅក្នុងហ្វូងសត្វ គាត់មិនបានដាក់មែកឈើនៅចំពោះមុខពួកវាឡើយ។ ដូច្នេះ សត្វណាដែលខ្សោយជារបស់លោកឡាបាន់ ហើយសត្វណាដែលខ្លាំងជារបស់លោកយ៉ាកុប។ 43 លោកយ៉ាកុបបានក្លាយជាអ្នកមានយ៉ាងខ្លាំង។ គាត់មានហ្វូងសត្វយ៉ាងធំ មានអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ហើយនិងសត្វអូដ្ឋ និងសត្វលាជាច្រើនផង។