ជំពូក ២៩

1 បន្ទាប់មក លោកយ៉ាកុបបានធ្វើដំណើរ ហើយទៅដល់ទឹកដីរបស់ប្រជាជនដែលនៅភាគខាងកើត។ 2 នៅពេលគាត់សម្លឹងមើល គាត់បានឃើញអណ្តូងនៅឯវាល ហើយមើល៍ មានសត្វចៀមបីហ្វូងដេកនៅក្បែរអណ្តូងនោះ។ ព្រោះហ្វូងសត្វទាំងអស់នោះ ផឹកទឹកពីអណ្ដូងនោះ ហើយមានថ្មមួយយ៉ាងធំបិទមាត់អណ្ដូងនោះ។ 3 នៅពេលហ្វូងសត្វបានមកជុំគ្នានៅទីនោះហើយ ពួកអ្នកគង្វាលនឹងរមៀលថ្មចេញពីមាត់អណ្ដូងនោះ ហើយដងទឹកឲ្យចៀមផឹក ហើយ រមៀលថ្មមកដាក់នៅមាត់អណ្ដូងទៅកន្លែងរបស់វាវិញ។ 4 លោកយ៉ាកុបនិយាយទៅកាន់ពួកគេថា៖ «បងប្អូនអើយ តើបងប្អូនមកពីណា?» ពួកគេឆ្លើយថា៖ «យើងមកពីខារ៉ាន»។ 5 គាត់និយាយទៅកាន់ពួកគេថា៖ «តើបងប្អូនស្គាល់លោកឡាបាន់​ កូនប្រុសរបស់លោកណាឃរទេ?»។ 6 គាត់និយាយទៅកាន់ពួកគេថា៖ «តើគាត់សុខសប្បាយជាទេ?» ពួកគេឆ្លើយថា៖ «គាត់សុខសប្បាយទេ ហើយមើល៍នោះ នាងរ៉ាជែល កូនស្រីរបស់គាត់មកជាមួយចៀមផង?»។ 7 លោកយ៉ាកុបឆ្លើយថា៖​ «មើល៍ ឥឡូវនេះថ្ងៃត្រង់ហើយ។ វាមិនមែនជាពេលដែលហ្វូងសត្វត្រូវប្រមូលផ្តុំឡើយ។ អ្នកគួរតែឲ្យចៀមផឹកទឹក ហើយបន្ទាប់មក លែងពួកវាឲ្យទៅស៊ីស្មៅចុះ»។ 8 ពួកគេនិយាយថា៖ «យើងមិនអាចឲ្យពួកវាផឹកទឹក លុះត្រាតែពួកវាជួបជុំគ្នាសិន។ បន្ទាប់មក ពួកប្រុសៗបានរមៀលថ្មចេញពីមាត់អណ្តូង ហើយ យើងនឹងឲ្យទឹកចៀមផឹក»។ 9 កាលលោកយ៉ាកុបកំពុងនិយាយជាមួយពួកគេនៅឡើយ នាងរ៉ាជែល បានដើរមកជាមួយហ្វូងចៀមឪពុកនាង ដ្បិតនាងឃ្វាលពួកវា។ 10 ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល កូនស្រីរបស់លោកឡាបាន់ ត្រូវជាប្អូនប្រុសម្តាយរបស់គាត់ និងហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់ គាត់បានចូលទៅជិត ហើយរមៀលថ្មចេញពីមាត់អណ្តូង ហើយបានដងទឹកឲ្យហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់។ 11 លោកយ៉ាកុបបានថើបនាងរ៉ាជែល ហើយយំខ្លាំងៗ។ 12 លោកយ៉ាកុបបានប្រាប់នាងរ៉ាជែលថា គាត់គឺជាសាច់ញាតិឪពុករបស់នាង ហើយថា គាត់គឺជាកូនប្រុសរបស់នាងរេបិកា។ បន្ទាប់មក នាងបានរត់ ហើយទៅប្រាប់ឪពុករបស់នាង។ 13 ពេលលោកឡាបាន់បានឮដំណឹងពីលោកយ៉ាកុប កូនប្រុសបងស្រីរបស់គាត់ គាត់បានរត់ទៅជួប ហើយឱប ថើប ព្រមទាំងនាំគាត់មកផ្ទះរបស់គាត់ផង។ លោកយ៉ាកុបប្រាប់លោកឡាបាន់ពីគ្រប់រឿងរ៉ាវទាំងអស់។ 14 លោកឡាបាន់និយាយទៅគាត់ថា៖ «ក្មួយពិតជាជាប់សាច់ឈាមរបស់អ៊ំមែន។ បន្ទាប់មក លោកឡាបាន់បានស្នាក់នៅជាមួយគាត់អស់រយៈពេលមួយខែ។ 15 បន្ទាប់មក លោកឡាបាន់និយាយទៅកាន់លោកយ៉ាកុបថា៖ «តើក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនបានកម្រៃឬអី? ប្រាប់អ៊ំមក តើក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?» 16 លោកឡាបាន់មានកូនស្រីពីនាក់។ កូនស្រីច្បងឈ្មោះនាងលេអា ហើយកូនស្រីពៅឈ្មោះនាងរ៉ាជែល។ 17 នាងលេអាមានភ្នែកស្រទន់ ប៉ុន្តែ នាងរ៉ាជែលវិញមានរូបឆោមស្រស់ស្អាតណាស់។ 18 លោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល ដូច្នេះ គាត់និយាយថា៖ «ខ្ញុំនឹងបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល កូនស្រីពៅរបស់អ៊ំ»។ 19 លោកឡាបាន់និយាយថា៖ «អ៊ំលើកកូនឲ្យឯង ប្រសើរជាអ៊ំលើកកូនឲ្យអ្នកផ្សេង។ នៅជាមួយអ៊ំហើយ»។ 20 ដូច្នេះ លោកយ៉ាកុបបានបម្រើប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល ហើយប្រាំពីរឆ្នាំ ហាក់បីដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ដ្បិត គាត់ស្រឡាញ់នាងជាខ្លាំង។ 21 បន្ទាប់មក លោកយ៉ាកុបនិយាយកាន់លោកឡាបាន់ថា៖​ «ខ្ញុំបានបម្រើអ៊ំគ្រប់ប្រាំពីរឆ្នាំហើយ សូមប្រគល់នាងឲ្យខ្ញុំមក ដើម្បីឲ្យខ្ញុំអាចរៀបការជាមួយនាង!» 22 ដូច្នេះ លោកឡាបាន់បានប្រមូលពួកប្រុសៗទាំងអស់នៅកន្លែងរបស់គាត់ ហើយធ្វើពិធីជប់លៀង។ 23 នៅពេលល្ងាច លោកឡាបាន់បានយកនាងលេអា កូនស្រីច្បងរបស់គាត់ ហើយយកនាងទៅឲ្យលោកយ៉ាកុប ដើម្បីគេងជាមួយនាង។ 24 លោកឡាបាន់បានប្រគល់អ្នកបម្រើស្រីរបស់គាត់ឲ្យទៅកូនស្រីរបស់គាត់ ឈ្មោះនាង​ស៊ីលផា ដើម្បីបម្រើនាង។ 25 នៅពេលព្រឹក មើល៍ នាងជាលេអាទៅវិញ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «តើអ៊ំធ្វើដូច្នេះដាក់ខ្ញុំធ្វើអ្វី? តើខ្ញុំមិនបានបម្រើអ៊ំ ដើម្បីឲ្យបាននាងរ៉ាជែលជាឬ? ហេតុអ្វីបានជាអ៊ំបោកប្រាស់ខ្ញុំដូច្នេះ?»។ 26 លោកឡាបាន់និយាយថា៖​ «នេះមិនមែនជាទម្លាប់របស់យើងទេ ដែលប្អូនស្រីពៅរៀបការមុនបងស្រីច្បងនោះ។ 27 ចូរនៅជាមួយកូនស្រីនេះមួយសប្ដាហ៍សិនទៅ ហើយយើងនឹងប្រគល់កូនស្រីមួយទៀតឲ្យ ទុកដូចជាថ្លៃឈ្នួលនៃការបម្រើអ៊ំប្រាំពីរឆ្នាំទៀត»។ 28 លោកយ៉ាកុបក៏ធ្វើតាម ហើយបាននៅជាមួយនាងលេអាគ្រប់មួយសប្តាហ៍។ បន្ទាប់មក លោកឡាបាន់បានប្រគល់នាងរ៉ាជែល កូនស្រីរបស់គាត់​ឲ្យធ្វើជាភរិយារបស់គាត់ផងដែរ។ 29 លោកឡាបាន់បានប្រគល់នាង​ប៊ីល‌ហាដល់នាងរ៉ាជែលជាកូនស្រីរបស់គាត់ ដើម្បីបម្រើនាង។ 30 ដូច្នេះ លោកយ៉ាកុបបានគេងជាមួយនាងរ៉ាជែលផងដែរ ប៉ុន្តែ គាត់ស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ ដូច្នេះ លោកយ៉ាកុបបានបម្រើលោកឡាបាន់អស់រយៈពេលប្រាំពីឆ្នាំទៀត។ 31 ព្រះអម្ចាស់បានឃើញថា នាងលេអាមិនបានទទួលសេចក្តីស្រឡាញ់ ដូច្នេះ ព្រះអង្គបានធ្វើឲ្យនាងមានកូន ប៉ុន្តែ នាងរ៉ាជែលវិញគ្មានកូនទេ។ 32 នាងលេអាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ ហើយនាងដាក់ឈ្មោះកូនប្រុសនោះថា រូបេន។ នាងបាននិយាយថា៖ «ព្រះអម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ដូច្នេះ ស្វាមីរបស់ខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ 33 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ព្រះជាម្ចាស់ជ្រាបថា ស្វាមីខ្ញុំមិនស្រឡាញ់ខ្ញុំទេ ហេតុដូច្នេះហើយ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតឲ្យខ្ញុំ» ហើយនាងបានដាក់ឈ្មោះកូនប្រុសនោះថា ស៊ីម្មាន។ 34 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ឥឡូវនេះ ដល់ពេលដែលស្វាមីរបស់ខ្ញុំ ជាប់ចិត្តនឹងខ្ញុំវិញហើយ ព្រោះខ្ញុំបានបង្កើតកូនប្រុសបីដល់គាត់»។ ដូច្នេះហើយបានជាដាក់ឈ្មោះឲ្យកូនប្រុសនោះថា លេវី។ 35 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ខ្ញុំនឹងសរសើរព្រះអម្ចាស់នៅពេលនេះ»។ ហេតុដូច្នេះហើយបានជានាងដាក់ឈ្មោះកូនប្រុសនោះថា យូដា។ បន្ទាប់មក នាងលែងមានកូនទៀត។