ជំពូក ៣

1 មើល៍! នៅ​ថ្ងៃ​នោះ និង​នៅ​វេលា​នោះ កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ 2 នោះ​យើង​នឹង​ប្រមូល​ជនជាតិ​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​ជំនុំជម្រះទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អុីស្រា‌អែលជា​មរតក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​គ្រប់ទីកន្លែង ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។ 3 គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ។ 4 តើហេតុអ្វីបានជាអ្នកខឹងនឹងយើង ​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​តំបន់​នានា​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភីលី‌ស្ទីន​អើយ? តើ​អ្នក​រាល់​គ្នា​គិត​សង​សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​សង​យើង នោះ​យើង​នឹង​ទម្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ភ្លាម​មួយ​រំពេច។ 5 ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​យើង ហើយ​បាន​ដឹក‌យក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក។ 6 អ្នក​បាន​លក់​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម​ឲ្យ​ពួក​ជនជាតិក្រិក ដើម្បី​យក​គេចេញ​ទៅ​ឆ្ងាយ​ពី​ព្រំ​ដែន​របស់​ខ្លួន។ 7 មើល៍! យើង​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង​ដែល​អ្នក​បាន​លក់​គេ​ទៅ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា​វិញ។ 8 យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​យូដា​វិញ ហើយ​គេ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​ជនជាតិមួយ​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។ 9 ចូរ​ប្រកាស​ការនេះក្នុង​ចំណោម​ជនជាតិទាំង​ឡាយ​ថា៖ សូមត្រៀម​ខ្លួន​ចូល​ច្បាំង ចូរ​ដាស់​មនុស្ស​ខ្លាំង​ពូកែ​ឡើង ត្រូវ​ឲ្យ​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ចូល​មក​ជិត ត្រូវ​ឲ្យ​គេ​នាំ​គ្នា​ឡើង​មក។ 10 ចូរ​ដំ​ដែក​ផាល​នង្គ័ល​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា «ខ្ញុំ​ខ្លាំង​ពូកែ»។ 11 ពួក​ជនជាតិទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា។ ​ព្រះ‌អម្ចាស់ សូម​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ​ចុះ​មក។ 12 ត្រូវ​ឲ្យ​ជនជាតិ​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​នៅ​ទី​នោះ យើង​នឹង​អង្គុយ​ជំនុំ​ជម្រះ ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។ 13 ចូរ​ដាក់​កណ្តៀវ​ទៅ ដ្បិត​ចម្រូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ ធុង​ត្រង​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ពេញ​ហៀរដែរ ដ្បិត​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់។ 14 នៅទីនោះមានមនុស្សមួយហ្វូង ហើយមនុស្សទាំងនោះ​នៅ​ជ្រលង​ភ្នំ​នៃ​ការ​ជំនុំជម្រះទោស ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃកាត់​ទោស។ 15 ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។ 16 ព្រះ‌អម្ចាស់នឹង​ស្រែក​គ្រហឹម​ពី​ភ្នំ​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក​រំពើក តែ​ព្រះ‌អម្ចាស់ជា​ជម្រក​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​ទី​មាំ‌មួន​ដល់​ប្រជា‌ជន​អុីស្រា‌អែល។ 17 «យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ ហើយ​គ្មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។ 18 នៅ​គ្រា​នោះ ភ្នំ​ធំៗនឹង​ស្រក់​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ទឹកដី​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​មួយ ហូរ​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ មក​ស្រោច‌ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។ 19 ទឹកដី​អេស៊ីប នឹងទៅ​ជា​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា ដ្បិត​គេ​បាន​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់ នៅ​លើទឹកដី​របស់​គេ។ 20 ប៉ុន្តែ យូដា​នឹងរស់​នៅ​រហូត​តទៅ ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ 21 យើង​នឹង​សង​សឹក​ឲ្យ​ឈាម​របស់​គេ គឺ​ឈាម​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ឲ្យ​នៅ​ឡើយ» ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ក្រុង​ស៊ីយ៉ូន។